(កំពង់ធំ)÷នៅរសៀលថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៤ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករង ប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ បានបន្តដឹកនាំសហការីទៅសំណេះសំណាលសាកសួរសុខទុក្ខ និងបាននាំយកអំណោយស្បៀងអាហារ គ្រឿងឧបភោគបរិភោគ និងថវិការបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ទៅឧបត្ថម្ភជូនក្រុមគ្រួសារអតីតយុទ្ធជន ចំនួន៣គ្រួសារ ដែលមានជំងឺប្រចាំកាយ និងមានជីវភាពលំបាកខ្វះខាត ដល់គេហដ្ឋាននីមួយៗ ស្ថិតក្នុងភូមិជាយស្បៃ ឃុំកកោះ ស្រុកសន្ទុក ខេត្តកំពង់ធំ។
គ្រួសារអតីតយុទ្ធជនរួមមាន÷ ទី១ឈ្មោះ ចាន់ សុខា អាយុ៦៣ឆ្នាំ មានប្រពន្ធនិងកូនក្នុងបន្ទុកចំនួន៤នាក់ ទី២ ឈ្មោះ អ៊ុក ឃន អាយុ៧៤ឆ្នាំ មានប្រពន្ធនិងកូនក្នុងបន្ទុកចំនួន២នាក់ និងទី៣ឈ្មោះ សាន សំអាត អាយុ៥៩ឆ្នាំ មានប្រពន្ធនិងកូនក្នុងបន្ទុកចំនួន២នាក់ ដោយក្នុង១គ្រួសារទទួលបាននូវ÷ អង្ករចំនួន៥០គីឡូក្រាម មីជាតិចំនួន០២កេស ទឹកត្រីទឹកស៊ីអ៉ីវចំនួន០២យួរ ត្រីខកំប៉ុងចំនួន០២យួរ និងថវិកាមួយចំនួនផងដែរ។
ឧត្តមសេនីយ៍ទោ សោម ស៊ុន បានពាំនាំនូវការផ្ដាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ដែលសម្ដេចនិងលោកជំទាវ តែងតែគិតគូរយកចិត្តទុកដាក់ពីសុខទុក្ខ និងជីវភាពរស់នៅរបស់បងប្អូនអតីតយុទ្ធជនគ្រប់ពេលវេលា ជាមួយនេះដែរ សម្ដេចមហាបវរធិបតី និងលោកជំទាវ លោកបានជូនពរដល់បងប្អូនអតីតយុទ្ធជនទាំងអស់ និងក្រុមគ្រួសារ សូមបានប្រកបតែសេចក្តីសុខ សេចក្តីចម្រើន សុខភាពល្អ និងសុភមង្គលគ្រប់ៗក្រុមគ្រួសារ និងបានណែនាំដល់បងប្អូនអតីតយុទ្ធជន ត្រូវខិតខំព្យាបាលជំងឺ រស់នៅស្អាត មានអនាម័យ ដើម្បីមានសុខភាពល្អ និងប្រកបរបររកទទួលទានប្រកបដោយសុចរិតទៀងត្រង់ ព្រមទាំងខិតខំបង្កបង្កើនផលដាំដំណាំ ចិញ្ចឹមសត្វ និងត្រូវចូលរួមអនុវត្តឱ្យបានជោគជ័យនូវគោលនយោបាយភូមិ/ឃុំ មានសុវត្ថិភាពរបស់រាជរដ្ឋាភិបាល។
បងប្អូនអតីតយុទ្ធជនទាំង៣គ្រួសារ ដែលមានជំងឺប្រចាំកាយនិងមានជីវភាពលំបាកខ្វះខាត បានសូមគោរព ថ្លែងអំណរគុណដ៏ជ្រាលជ្រៅជាទីបំផុតសម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ព្រមទាំងគណៈកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជា ខេត្តកំពង់ធំ សូមបានជួបប្រទះនូវពុទ្ធពរទាំង៤ប្រការ គឺ អាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ។
អត្ថបទ៖ តំបន់សឹករងកំពង់ធំ