រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានប្រកាសថា មន្ត្រីនគរបាលណាដែលផុងខ្លួនប្រើប្រាស់គ្រឿងញៀន នឹងត្រវបណ្តេញចេញពីក្របខណ្ឌនគរបាលជាតិ

0

ខេត្តស្ទឹងត្រែង៖ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានប្រកាសថា មន្ត្រីនគរបាលណាដែលផុងខ្លួនប្រើប្រាស់គ្រឿងញៀន នឹងត្រូវបណ្តេញចេញពីក្របខណ្ឌនគរបាលជាតិ ដោយគ្មានការយោគយល់នោះឡើយ។

ការថ្លែងបែបនេះ ក្នុងឱកាសដែលឯកឧត្តមអភិសន្តិបណ្ឌិត បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីសម្ពោធផ្លូវបេតុង សមិទ្ធផលថ្មីៗ មានតម្លៃច្រើនម៉ឺនដុល្លារ និងពិធីបិទវគ្គបណ្តុះបណ្តាលកម្រិតបឋមវិជ្ជាជីវៈនគរបាល ជំនាន់ទី១៧ លើកទី២ នៅសាលានគរបាលជាតិភូមិភាគ១ ខេត្តស្ទឹងត្រែង នាព្រឹកថ្ងៃទី១៣កុម្ភៈឆ្នាំ២០២៤ ។

ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា បានថ្លែងទៀតថា រាជរដ្ឋាភិបាល នីតិកាលទី៧នេះ ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងទស្សនវិស័យជឿនលឿនរបស់ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បាននិងកំពុងអនុវត្តយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀន និងសារធាតុញៀននៅទូទាំងប្រប្រទេស ហើយមន្ត្រីនគរបាលទាំងអស់ ត្រូវផ្តល់ជាគំរូមុនគេ និងត្រូវចាំថា ក្តីប្រាថ្នារបស់ខ្លួន ដែលសម្រេចបានមកដល់ថ្ងៃនេះ មកអង្គុយនៅទីនេះ បានសិក្សានិងត្រៀមចេញបំពេញភារកិច្ចបម្រើជាតិ និងប្រជាជន និងត្រូវរលាយសូន្យ ប្រសិនបើមន្ត្រីនគរបាលណាម្នាក់ ផុងខ្លួនប្រើប្រាស់គ្រឿងញៀន។

ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា បានបញ្ជាក់ថា ក្នុងឋានៈឯកឧត្តមជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ពិតជាមិនចង់លើកដៃចុះហត្ថលេខាបញ្ចប់ក្រខណ្ឌមន្ត្រីណាម្នាក់នោះឡើយ ព្រោះត្បិតឯកឧត្តម ដឹងច្បាស់ថា ម្នាក់ៗលំបាកណាស់តស៊ូទម្រាំបានជីវិតការងារបានប៉ុណ្ណេះ ប៉ុន្តែ ច្បាប់គ្មានការយោគយល់ឡើយ ហើយអ្វីដែលធ្វើនេះ គឺដើម្បីជាតិយើងទាំងមូល។

ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា បានក្រើនរំលឹកដល់សិស្សនគរបាលជ័យលាភីទាំងអស់ ត្រូវចងចាំថា ការសិក្សាគ្មានទីបញ្ចប់ទេ ដូច្នេះហើយ ប្អូនៗត្រូវបន្តការសិក្សាពេញមួយជីវិត ទាំងការសិក្សាក្នុងប្រទេស និងនៅក្រៅប្រទេស ក៏ដូចការសិក្សាដកស្រង់បទពិសោធន៍ពីកន្លែងការងារ ការធ្វើស្វ័យសិក្សា និងសិក្សាអំពីសង្គមជាតិទាំងមូល ដើម្បីក្លាយខ្លួនជាមន្ត្រីនគរបាលល្អ មានគុណវឌ្ឍន៍ បទពិសោធន៍ សមត្ថភាព និងមានក្រមសីលធម៌វិជ្ជាជីវៈ ក្នុងការបំពេញភារកិច្ចឲ្យបានល្អប្រសើរ។

ឯកឧត្តម អភិសន្តិបណ្ឌិត បានថ្លែង សង្កត់ធ្ងន់ចំពោះសិស្សជ័យលាភីទាំងអស់ ពេលចេញបេសកកម្មបម្រើឲ្យអង្គភាព និងប្រជាពលរដ្ឋ ត្រូវធ្វើខ្លួនជានគរបាលល្អរបស់អង្គភាព និងប្រជាពលរដ្ឋ កុំធ្វើខ្លួនរហូតដល់ឲ្យប្រជាពលរដ្ឋខ្លាចញញើត ត្រូវធ្វើខ្លួនឲ្យប្រជាពលរដ្ឋស្រឡាញ់ ហើយផ្តល់ជឿទុកចិត្ត និងផ្តល់កិច្ចសហការល្អ ទោះបីយើងមានកម្លាំងប៉ុន្មាននាក់ ក៏ដោយ ក៏មិនអាចរក្សាសន្តិសុខ និងសណ្តាប់ធ្នាប់បានល្អដែរ ប្រសិនបើគ្មានការគាំទ្រ និងការចូលរួមពីប្រជាពលរដ្ឋនោះទេ។

ក្រោយបញ្ចប់ពិធី ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញដឹកនាំគណៈប្រតិភូ ចុះពិនិត្យភូមិសាស្ត្រច្រកទ្វាព្រំដែនត្រពាំងក្រៀល ស្ថិតក្នុងឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ នៃខេត្តស្ទឹងត្រែង នោះផងដែរ។

សូមបញ្ជាក់ថា សមិទ្ធផលដែលត្រូវបានដាក់សម្ភោធនាពេលនោះ រួមមាន៖ ផ្លូវបេតុងប្រវែង ១២៩៥ម៉ែត្រ ប្រព័ន្ធលូរំដោះទឹកប្រវែង ១៧៣៤ម៉ែត្រ ទីធ្លាសម្រាប់ហ្វឹកហាត់ និងគោរពទង់ជាតិទំហំ ១៦៦៩ម៉ែត្រការ៉េ និងចំណតរថយន្តទំហំ ៩៧៤ម៉ែត្រការ៉េផងដែរ ។ ដោយឡែកសិស្សនាយនគរបាល និងសិស្សនាយនគរបាលរង ជំនាន់ទី១៧ លើកទី២ ក្នុងពិធីបិទវគ្គនេះ មានចំនួន ១៧៧នាក់ មកពីស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែង ខេត្តក្រចេះ ខេត្តរតនគិរី ខេត្តមណ្ឌលគីរី និងខេត្តត្បូងឃ្មុំ ៕ដោយ៖ឡុង សំបូរ