កំពង់ធំ÷ ឯកឧត្តម លី វេត អនុប្រធានគណៈកិត្តិយសសាខាកាកបាទក្រហមកម្ពុជាខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ងួន រតនៈ ប្រធានគណ:កម្មាធិការសាខាខេត្ត លោកនាយកសាខា អនុប្រធានអនុសាខាស្រុកបារាយណ៍ សមាជិកសមាជិកា បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ ផ្តល់ជូនគ្រួសាររងគ្រោះដោយភ្លើងឆេះផ្ទះចំនួន៧ខ្នង ស្មើនិង៧គ្រួសារ និងរបួស១នាក់ ដែលបណ្តាលមកពីឆ្លងចរន្តអគ្គីសនី កាលពីវេលាម៉ោងប្រមាណ១២.២៥នាទី ថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៤ ក្នុងភូមិត្រពាំងឈូក ឃុំបឹង ស្រុកបារាយណ៍ ខេត្តកំពង់ធំ នៅរសៀលថ្ងៃអង្គារ ទី១៣ ខែកុម្ភៈ ឆ្នាំ២០២៤នេះ។
ឯកឧត្តម លី វេត បានមានប្រសាសន៍ថា ការសោកស្តាយជាពន់ពេកជាមួយជនរងគ្រោះ ចំពោះឧបត្តិហេតុដែលកើតឡើងស្មានមិនដល់នេះ នាំឱ្យបាត់បង់ទាំងលំនៅដ្ឋាន ទាំងទ្រព្យសម្បត្តិ លុយកាក់ ក៏ឆេះអស់គ្មានសល់។
ឯកឧត្តម លី វេត ក៏បានពាំនាំបណ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ឯកឧត្តម ងួន រតន: ប្រធានគណៈកម្មាធិការសាខា ជាពិសេសពីសំណាក់សម្ដេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាលសម្ដេច លោកតែងតែយកចិត្តទុកដាក់គិតគូរ អំពីសុខទុក្ខរបស់ប្រជាពលរដ្ឋដែលរងគ្រោះ និងងាយរងគ្រោះបំផុត នៅគ្រប់ទីកន្លែង ដោយមិនប្រកាន់និន្នាការនយោបាយ ពូជសាសន៍ ឬសាសនាអ្វីឡើយ ហើយតែងបានចាត់តំណាង ចុះអន្តរាគមន៍ នាំយកអំណោយមនុស្សធម៌ ជួយសម្រាលទុក្ខលំបាកជនរងគ្រោះ ទាន់ពេលវេលា តាមទិសស្លោក ” ទីណាមានទុក្ខលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា “។
ឯកឧត្តមអនុប្រធានគណៈកិត្តិយសសាខាកាកបាទក្រហមកម្ពុជាខេត្ត បានក្រើនរំលឹកដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ឱ្យប្រុងប្រយ័ត្ន អំពីគ្រោះមហន្តរាយនានា ពិសេសគ្រោះអគ្គីភ័យ ដែលអាចកើតមាន
គ្រប់ពេល ប្រសិនបើមានការធ្វេសប្រហែសណាមួយ។ ហេតុនេះមុននឹងចេញពីផ្ទះ ត្រូវពន្លត់
ភ្លើងចង្ក្រាន ហ្គាស បិទកុងតាក់ជាមុនសិន ពិសេស ការតបណ្តាញអគ្គិសនី ត្រូវហៅអ្នកជំនាញ មករៀបចំភ្ជាប់ចរន្តទៅតាមបទដ្ឋានបច្ចេកទេសឱ្យបានត្រឹមត្រូវ ត្រូវយកចិត្តទុកដាក់ ថែទាំសុខភាព អនាម័យ និងសុវត្ថិភាពផ្ទាល់ខ្លួនជាប្រចាំ។
គួរបញ្ជាក់ផងដែរថា អំណោយមនុស្សធម៌ ដែលបានផ្ដល់ជូនក្នុង១គ្រួសារទទួលបាន៖ អង្ករ២៥គីឡូក្រាម ទឹកត្រី ០១យួរ ទឹកស៊ីអ៊ីវ០១យួរ មី០១កេស ឃីត០១កញ្ចប់ ( មុង ភួយ សារុង ក្រមា) តង់០១ កន្ទេល០១ ឆ្នាំង០២
និងថវិកាចំនួន៥០០,០០០រៀលផងដែរ៕