អាជ្ញាធរខេត្តកំពង់ធំ ដាក់បទបញ្ជាដាក់ណាត់ បញ្ឈប់មិនឲ្យបើកដំណើរការអាជីវកម្មល្បែងស៊ីសង លើទឹកដីខេត្តកំពង់ធំ ចាប់ពីពេលនេះតទៅ

0

កំពង់ធំ៖ ឯកឧត្តម ងួន រាសី អភិបាលរងខេត្តកំពង់ធំ ដឹកនាំកិច្ចប្រជុំពិភាក្សាការធ្វើអាជីវកម្មឆ្នោតផ្សងសំណាងឡូតូ ស្ថិតក្នុងភូមិសាស្ត្រខេត្តកំពង់ធំ ព្រមទាំងបានដាក់បទបញ្ជាដាក់ណាត់ បញ្ឈប់មិនឲ្យបើកដំណើរការអាជីវកម្មល្បែងស៊ីសង លើទឹកដីខេត្តកំពង់ធំ ចាប់ពីពេលនេះតទៅ នាព្រឹកថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៤។

ឯកឧត្តម ងួន រាសី ថ្លែងថាកិច្ចប្រជុំថ្ងៃនេះ ជាសេចក្តីជូនដំណឹងបន្ទាន់មួយដល់ម្ចាស់អាជីវកម្មពាក់ព័ន្ធនឹងការបើកអាជីវកម្មឆ្នោតផ្សងសំណាងឡូតូទាំងអស់ក្នុងខេត្តកំពង់ធំ ដែលគ្មានច្បាប់អនុញ្ញាត ដោយទុករយៈពេល០៧ថ្ងៃ ប៉ុន្តែត្រូវអនុវត្តចាប់ពីពេលនេះតទៅ។

ឯកឧត្តម បានបញ្ជាក់បន្ថែមទៀតថា មន្ត្រីជំនាញ និងអាជ្ញាធរក្រុងស្រុក ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់។ ម្យ៉ាងវិញទៀត មន្ត្រីជំនាញត្រូវត្រួតពិនិត្យទៅលើច្បាប់ឲ្យបានច្បាស់លាស់បើសិនជាក្រុមហ៊ុនឬទីតាំងល្បែងនោះ មានច្បាប់ហើយ យើងត្រូវតែអនុញ្ញាតិ។

ឯកឧត្តម ងួន រាសី បន្តទៀតថា នេះជាគោលនយោបាយរួមរបស់ប្រមុខរាជរដ្ឋបាលភិបាល ក្នុងការជូនដំណឹងដល់ប្រតិបត្តិ្កករទាំងអស់បានជ្រាបថា ដើម្បីកុំឲ្យមានបញ្ហាក្នុងការអនុវត្តន៍និតិវិធីច្បាប់ក្រុមហ៊ុនត្រូវមានច្បាប់អនុវត្តចេញដោយគណៈកម្មការគ្រប់ល្បែងពាណិជ្ជកម្មកម្ពុជា ហើយច្បាប់មួយចេញបានតែមួយទីតាំងតែប៉ុណ្ណោះ។ ប្រសិនបើមិនមានច្បាប់អនុញ្ញាតិទេ សូមផ្អាកជាបន្ទាន់ ហើយមិនដូច្នោះទេ និងត្រូវកសាងសុំណុំរឿងបញ្ជូនខ្លួនទៅតុលាការ៕