កំពង់ធំ÷ ឯកឧត្តម ងួន រតនៈ អភិបាលខេត្តកំពង់ធំ លោក ជា សតិភន្ទ អគ្គនាយករងរដ្ឋាករទឹកស្វយ័តភ្នំពេញតំណាងឯកឧត្តម ស៊ឹម ស៊ីថា រដ្ឋលេខាធិការ នៃក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ប្រធានមន្ទីរជុំវិញខេត្ត មន្ត្រីរាជការ លោកគ្រូអ្នកគ្រូ និងសិស្សានុសិស្សជាច្រើននាក់ បានអញ្ជើញ
ចូលរួមក្នុងពិធីបញ្ចុះបឋមសិលាកសាងអគារសិក្សា នៃសាលាបឋមសិក្សារកាមួយខ្នងបីបន្ទប់ ស្ថិតនៅភូមិរកា សង្កាត់ស្រយ៉ូវ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ នៅព្រឹកថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៤។
ជាមួយគ្នានេះផងដែរលោក ជា សតិភន្ទ អគ្គនាយករងរដ្ឋាករទឹកស្វយ័តភ្នំពេញ បានលើកឡើងថា បច្ចុប្បន្នអគារសិស្សមាន០៤ខ្នង ០៣ខ្នងមានសភាពចាស់ទ្រុឌទ្រោមបន្ទប់តូចនិងខ្វះខាតការបំពាក់សម្ភារបរិក្ខា សម្រាប់ដំណើរការបង្រៀន និងរៀន ដូចជាតុសិស្សចំនួន២០តុ តុសម្រាប់គ្រូមាន០៣ កៅអីគ្រូមាន០៣ និងក្តារខៀនមាន០៣ និងខ្វះបង្គន់អនាម័យ សម្រាប់សិស្សផងដែរ។ ដើម្បីគាំទ្រដល់ដំណើរបង្រៀន និងរៀន នៅសាលារៀនបានល្អ ផ្តល់ឱកាសដល់កុមារាកុមារីទទួលបាននូវចំណេះ នឹងមានភាពងាយស្រួលក្នុងការសិក្សាពីលោកគ្រូអ្នកគ្រូ។ 
ថ្លែងនៅក្នុងកម្មវិធីនេះឯកឧត្តម ងួន រតនៈ បានមានប្រសាសន៍ថា វិស័យអប់រំដើរតួយ៉ាងសំខាន់ ដើម្បីឱ្យក្មួយៗទទួលបានចំណេះដឹងនិងជំនាញពិតប្រាកដ។ ដើម្បីឱ្យការសិក្សាប្រកបដោយជោគជ័យគឺអនុវត្តទៅតាមចតុស្តម្ភអប់រំទាំងបួនសំខាន់ៗមាន(រៀនដើម្បីចេះដឹង រៀនដើម្បីចេះធ្វើ រៀនដើម្បីមានសីលធម៌ រៀនដើម្បីរួមរស់ជាមួយគ្នា) កត្តាទាំងអស់នេះហើយ ដើម្បីជំរុញឱ្យក្មួយៗទទួលបាននូវការសិក្សារៀនសូត្របានផ្លែផ្កាល្អនៅក្នុងសង្គម។
ឆ្លៀតនៅក្នុងឱកាសនេះឯកឧត្តម ងួន រតនៈ អភិបាលខេត្តកំពង់ធំ បានផ្ដាំផ្ញើដល់អាជ្ញាធរមូលដ្ឋានចូលរួមទប់ស្កាត់ និងបង្ក្រាបល្បែងផ្សងសំណាងនៅក្នុងមូលដ្ឋានរបស់ខ្លួន ពិសេសបងប្អូនប្រជាពលរដ្ឋហាមជាដាច់ខាតកុំប្រព្រឹត្តល្បែងពាលានេះ។ ចូលរួមការពារ និងផ្សព្វផ្សាយបន្ថែមពីការរុករានទន្ទ្រានដីតំបន់បីរបស់រដ្ឋជាបន្ទាន់។ ខេត្តកំពង់ធំពឹងទៅលើវិស័យកសិកម្មខ្លាំងជាងគេ ពិសេសគឺដំណាំស្រូវ កៅស៊ូ ស្វាយចន្ទី និងដំណាំបន្ទាប់បន្សំផ្សេងៗទៀត វិស័យកសិកម្មដែលប្រឈមជាងគេគឺដំណាំស្រូវប្រាំង ដែលរងការខ្វះខាតទឹកសម្រាប់ស្រោចស្រប។ ឥឡូវរាជរដ្ឋាភិបាលកម្ពុជា កំពុងតែកសាងនៅហេដ្ឋារចនាសម្ព័ន្ធមួយ គឺអាងស្តុបទឹកនៅឃុំដងកាំបិត ស្តុបទឹកជូនប្រជាពលរដ្ឋសម្រាប់ធ្វើស្រែប្រាំងផងដែរ។ អត្ថបទលោក ធូ កែវមុន្នី-ពិនិត្យដោយអ៊ុមញឹប





































