អភិបាលខេត្តត្បូងឃ្មុំ បានស្នេីដល់អាជ្ញាធរ និងពលរដ្ឋ ឱ្យជួយការពារទប់ស្កាត់ការទន្ទ្រានដីព្រៃលិចទឹក ក្នុងភូមិសាស្ត្រស្រុកក្រូចឆ្មារ

0

ត្បូងឃ្មុំ: អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ ឯកឧត្តម ជាម ច័ន្ទសោភ័ណ បានស្នេីដល់អាជ្ញាធរ ក៏ដួចជាប្រជាពលរដ្ឋនៅមូលដ្ឋាន ឱ្យជួយការពារទប់ស្កាត់ការទន្ទ្រានដីព្រៃលិចទឹក ក្នុងភូមិសាស្ត្រស្រុកក្រូចឆ្មារ ដើម្បីអភិរក្សធនធានធម្មជាតិ និងជីវសាស្ត្រចម្រុះនានា ឱ្យបានគង់វង្ស ទុកសម្រាប់បម្រើជាឧត្តមប្រយោជន៍សាធារណៈ ថ្លែងបែបនេះក្នុងឱកាសចុះសួរសុខទុក្ខកងកម្លាំងប្រដាប់អាវុធចម្រុះ ដែលកំពុងឈរជើងនៅមូលដ្ឋានចំនួន៤ទីតាំង នៅតំបន់ដីព្រៃលិចទឹក ក្នុងភូមិសាស្ត្រស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ នាព្រឹកថ្ងៃទី១៥ ខែកុម្ភះ ឆ្នាំ២០២៤ ។

មានប្រសាសន៍សំណេះសំណាលនាឱកាសនោះ ឯកឧត្តម ជាម ច័ន្ទសោភ័ណ បានថ្លែងថា ពាក់ព័ន្ធនឹងដីអភិរក្សនៅតាមបណ្តាខេត្តជុំវិញបឹងទន្លេសាបនេះ រាជរដ្ឋាភិបាល ធ្លាប់បានកាត់ឆ្វៀលជូនប្រជាពលរដ្ឋរួចរាល់ហើយ សម្រាប់កន្លែងដែលអាស្រ័យផលជាក់ស្តែង។រាជរដ្ឋាភិបាល ក៏បានហាមផ្តាច់មិនឱ្យមានការឈូសឆាយទន្ទ្រានដីព្រៃលិចទឹកនៅក្នុងតំបន់ទាំងនោះបន្តទៀតឡើយ។ ក្នុងតំបន់ដីព្រៃលិចទឹក ដែលជាជម្រកសម្រាប់ត្រីពងកូន ដ៏មានសារៈសំខាន់នៅក្នុងរដូវវស្សានេះ បើដីព្រៃលិចទឹកនេះ ត្រូវបាត់បង់វាក៏នឹងប៉ះពាល់ដល់ជីវៈចម្រុះជាច្រើនប្រភេទក្នុងបឹងទន្លេសាបផងដែរ។

ឯកឧត្តម អភិបាលខេត្ត បានជំរុញដល់កម្លាំងចម្រុះទាំងអស់ ចុះល្បាតជាប្រចាំ នៅតាមគោលដៅនីមួយៗ ត្រូវធ្វើយ៉ាងណាខិតខំតាមដានរាល់សភាពការណ៍ នៃការលបលួចឈូសឆាយទន្រ្ទានដីព្រៃលិចទឹកដែលជាសម្បត្តិរបស់រដ្ឋនេះ ២៤ម៉ោងលើ២៤ម៉ោង តាមគោលដៅដែលខ្លួនទទួលខុសត្រូវ ហើយបើមានការប្រព្រឹត្តបទល្មើសជាក់ស្តែងត្រូវតែចាប់ខ្លួនភ្លាមៗ ដោយបន្តស្រាវជ្រាវវែកមុខរកជនពាក់ព័ន្ធ និងកសាងសំណុំរឿងបញ្ជូនទៅតុលាការ។

ជាមួយគ្នានោះ ឯកឧត្តម ជាម ច័ន្ទសោភ័ណ បានគូសបញ្ជាក់ថា សម្រាប់បងប្អូនប្រជាពលរដ្ឋណាដែលគ្មានដីពិតប្រាដក សូមទំនាក់ទំនងជាមួយអាជ្ញាធរមូលដ្ឋានរបស់ខ្លួន ដើម្បីឱ្យអាជ្ញាធរមូលដ្ឋានរាយការណ៍មករដ្ឋបាលខេត្ត និងរៀបចំដីកន្លែងណាមួយ ជូនដល់បងប្អូនអោយបានទាន់ពេលវេលា ហាមដាច់ខាត់មិនឱ្យមកទន្ទ្រានដីព្រៃលិចទឹកឡើយ។ ម្យ៉ាងទៀត មានតែបងប្អូនជាប្រជាពលរដ្ឋនៅក្នុងតំបន់នេះហើយ ដែលជាភ្នែក ជាច្រមុះ ប្រសិនជាឃើញមានតំបន់ណា ទីតាំងណា មានការទន្ទ្រានដីព្រៃលិចទឹក សូមរាយការណ៍ជាបន្ទាន់មកដល់កំលាំងប្រដាប់អាវុធពាក់ព័ន្ធទាំងអស់ ដើម្បីចុះបង្រ្កាប់អោយទាន់ពេលវេលាផងដែរ ៕