រដ្ឋបាលខេត្តកែប បើកវគ្គបណ្តុះ ស្តីពី​ សៀវភៅណែនាំការអនុវត្ត្តគោលនយោបាយ ភូមិ ឃុំ សង្កាត់ មានសុវត្តិភាព

0

ខេត្តកែប: ក្នុងគោលបំណងពង្រឹងសមត្ថភាព ជូនដល់មន្ត្រីទទួលបន្ទុក ដើម្បីអនុវត្តផែនការសកម្មភាព និងថវិកា ស្តីពី​ គោលនយោបាយ​ ភូមិឃុំ​ សង្កាត់ មានសុវត្ថិភាព ប្រកបដោយប្រសិទ្ធភាព និងចេះរៀបចំរបាយការណ៍លទ្ធផលការងារបានគ្រប់ជ្រុងជ្រោយ កាលពីថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៤ លេខាធិការដ្ឋាន ក្រុមប្រឹក្សាប្រឡងប្រណាំង អនុវត្ត គោលនយោបាយភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព នៃរដ្ឋបាលខេត្តកែប បានរៀបចំវគ្គបណ្តុះបណ្តាល សៀវភៅណែនាំ ការអនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព ជូនដល់ តំណាងកងកម្លាំង​ មន្ទីរ អង្គភាពពាក់ព័ន្ធ និងអាជ្ញាធរក្រុង ស្រុក ឃុំ សង្កាត់ ​ សរុប៦៤នាក់ ។

វគ្គបណ្តុះបណ្តាលដ៏សំខាន់នេះ ប្រព្រឹត្តទៅរយៈពេល១ថ្ងៃពេញ ក្រោមអធិបតីភាព លោក ងិន ងិនដា អភិបាលរងខេត្ត ដោយក្នុងនោះគ្រូបង្គោលថ្នាក់ ខេត្ត ក្រុង និង ស្រុក បានលើកយកនូវបទបង្ហាញសំខាន់ៗចំនួន៤ រួមមាន ១-សេចក្តីផ្តើម​ គោលបំណង និងគោលដៅ សៀវភៅណែនាំ, ២-សកម្មភាពអាទិភាព និងសកម្មភាពលំអិត, ៣-យន្តការអនុវត្ត និងតួនាទីភារកិច្ច ៤-ការរៀបចំផែនការសកម្មភាព និងថវិកា និងទី៥-បទបង្ហាញអំពី ការត្រួតពិនិត្យ និងវាយតំលៃ ក្នុងនោះក៏មានការដាក់លំហាត់អនុវត្ត ការវាយតំលៃវគ្គ និងពិភាក្សាយ៉ាងផុសផុល។

ថ្លែងបិទវគ្គបណ្តុះបណ្តាលនាឱកាសនោះ លោក ងិន ងិនដា អភិបាលរងខេត្តកែប បាន គូសបញ្ជាក់ថា ផ្តើមចេញពីកត្តាសុខសន្តិភាព និងគោលនយោបាយភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព មិនត្រឹមតែប្រជាពលរដ្ឋរស់នៅប្រកបដោយសុខសុវត្ថិភាពប៉ុណ្ណោះទេ ប៉ុន្តែក៏ជាកត្តាជួយជំរុញឲ្យរដ្ឋបាលខេត្ត មានលទ្ធភាពគ្រប់គ្រាន់ក្នុងការកៀរគរ ទាក់ទាញដៃគូរវិនិយោគស្របច្បាប់គ្រប់ប្រភេទឲ្យចូលមកវិនិយោគ នៅក្នុងខេត្ត ដើម្បីបង្កើតមុខរបរជូនប្រជាពលរដ្ឋ បង្កើតតំបន់ទេសចរណ៍​ ដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ-បរទេស ដែលបានកាត់បន្ថយការធ្វើចំណាកស្រុករបស់ប្រជាពលរដ្ឋ និងនាំមកនូវសក្តានុពលដ៏ធំធេង សម្រាប់ប្រជាពលរដ្ឋ និងសង្គមជាតិ ។

ដូច្នេះ យើងទាំងអស់គ្នាត្រូវចូលរួមអនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព ឲ្យកាន់តែខ្លាំងក្លាបន្ថែមទៀត ដើម្បីខ្លួនឯង និងសង្គមជាតិទាំងមូល។ ក្នុងនោះដែរលោកអភិបាលរងខេត្ត​ ក៏បានណែនាំដល់មន្រ្តីទាំងអស់ សូមនាំយកចំណេះដឹងពីវគ្គបណ្តុះបណ្តាលនេះ ទៅ បណ្តុះបណ្តាលបន្ត ដល់មន្រ្តីក្រោមឱវាទ ក៍ដូជាប្រជាពលរដ្ឋនៅមូលដ្ឋាន ពិសេសកំលាំងប្រជាការពារ ព្រោះពួកគាត់ជាមនុស្សពិសេស ដែលចូលរួមអនុវត្តគោលនយោបាយនេះ យ៉ាងសកម្ម​ និងមានប្រសិទ្ធភាពផងដែរ៕ សេង ណារិទ្ធ