កំពង់ចាម: អភិបាលនៃគណៈអភិបាលខេត្តំពង់ចាម ឯកឧត្តម អ៊ុន ចាន់ដា បានជំរុញដល់អាជ្ញាធរពាក់ព័ន្ធទាំងអស់ ត្រូវមានយន្តការតាមដានត្រួតពិនិត្យជាប្រចាំ នៅលើទីតាំងធ្លាប់បេីកល្បែងផ្សងសំណាង និងហាងបញ្ចាំពុំមានច្បាប់អនុញ្ញាត ចំពោះការលក់សាច់សត្វត្រូវមានតម្លៃសមរម្យ ដែលប្រជាពលរដ្ឋអាចទទួលយកបាន និងមានអនាម័យត្រឹមត្រូវផងដែរ ។ ឯកឧត្តមថ្លែងបែបនេះក្នុងកិច្ចប្រជុំវាយតម្លៃការអនុវត្តវិធានការ និងបទបញ្ជានានា របស់គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត នាព្រឹកថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៤ ។
ថ្លែងក្នុងកិច្ចប្រជុំនេះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានថ្លែងថា បន្ទាប់ពីទទួលបានបទបញ្ជាចុងក្រោយ របស់សម្ដេចបវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ភ្លាមៗ អាជ្ញាធរ និងសមត្ថកិច្ចពាក់ព័ន្ធ បានធ្វើការបិទនូវទីតាំងល្បែងផ្សងសំណាង សរុបចំនួន ៤០៦ទីតាំង លើ៤០៦ទីតាំង ក្នុងនោះម្ចាស់ទីតាំងមួយចំនួនក៏បានស្ម័គ្រចិត្តបិទដោយខ្លួនឯងផងដែរ ។
ជាមួយគ្នានោះ ឯកឧត្តមអភិបាលខេត្ត ក៏បានធ្វើការណែនាំដល់គណៈអភិបាលក្រុង ស្រុក ត្រូវចាត់កម្លាំងសមត្ថកិច្ចចម្រុះ ឱ្យចុះធ្វើការឃ្លាំមើលជាប្រចាំ នូវទីតាំងល្បែងផ្សងសំណាងក្នុងមូលដ្ឋាននិមួយៗ ហើយត្រូវធ្វើបច្ចុប្បន្នភាពរាយការណ៍ក្នុងមួយខែមួយដង ក្នុងករណីបើឃេីញមានលួចបេីកវិញនោះ គឺត្រូវតែចាប់ភ្លាមៗតែម្ដង ។
ក្នុងកិច្ចប្រជុំនោះដែរ ឯកឧត្ដម អ៊ុន ចាន់ដា បានណែនាំដល់គណៈអភិបាលក្រុង ស្រុកទាំងអស់ ត្រូវមានយន្តការតាមដានត្រួតពិនិត្យជាប្រចាំ នូវទីតាំងហាងបញ្ចាំទាំងអស់ ក្នុងករណីពុំមានច្បាប់អនុញ្ញាត គឺត្រូវធ្វើកិច្ចសន្យាផ្អាកជាបណ្ដោះអាសន្ន ដេីម្បីធ្វើការណែនាំដល់ម្ចាស់ទីតាំងទាំងនោះ ឱ្យរៀបចំធ្វើច្បាប់ លេីសពីនោះត្រូវជំរុញការទទួលខុសត្រូវ ឱ្យបានគ្រប់លំដាប់ថ្នាក់ ព្រោះក្នុងខេត្តកំពង់ចាមទាំងមូល បច្ចុប្បន្ននេះមានហាងបញ្ចាំសរុបចំនួន ៦៧ទីតាំង ក្នុងនោះពុំមានច្បាប់អនុញ្ញាតចំនួន ៤២ទីតាំង និងមានច្បាប់ ២៥ទីតាំង ផងដែរ ។
ជាមួយគ្នានោះ ឯកឧត្តមអភិបាលខេត្ត ក៏បានណែនាំដល់មន្ត្រីពាក់ព័ន្ធទាំងអស់ ត្រូវជំរុញដល់អ្នកវិនិយោគ អ្នកពិឃាដសត្វ និងអ្នកចែកចាយសាច់សត្វ ឱ្យលក់សាច់សត្វក្នុងតម្លៃសមរម្យដែលប្រជាពលរដ្ឋ អាចទទួលយកបាន និងមានអនាម័យត្រឹមត្រូវ ពោលគឺត្រូវលក់ក្នុងតម្លៃ ឱ្យស្មើនឹងខេត្តគេផ្សេងៗ ឬតម្លៃទាបជាង លេីសពីនោះត្រូវឱ្យមានតម្លៃស្មើគ្នានៅតាមបណ្ដាក្រុង ស្រុក ទូទាំងខេត្ត ផងដែរ ៕