(ប៉ៃលិន)៖ នារសៀលថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៤ លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានដឹកនាំមន្ត្រីជំនាញ និងក្រុមការងារ ចុះពិនិត្យមើលការងារបង្កបង្កើនផលស្រូវប្រាំង របស់ប្រជាកសិករ ក្នុងភូមិដីសរ ឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ដែលកំពុងជួបប្រទះនូវការខ្វះខាតទឹក សម្រាប់ប្រើប្រាស់ ព្រោះប្រជាកសិករធ្វើស្រូវលើសផែនកំណត ហើយនៅតំបន់នោះ ពុំទាន់មានប្រភពទឹកគ្រប់គ្រាន់។
នៅក្នុងការអញ្ជើញចុះពិនិត្យនេះដែរលោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានមានប្រសាសន៍លើកឡើងថា៖ ស្ថានភាព នៃការបង្កបង្កើនផលស្រូវរដូវប្រាំង របស់ប្រជាកសិករ ស្ថិតនៅក្នុងឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ មានការផុលផុសខ្លាំង ដោយឆ្នាំនេះពួកគាត់សម្រុកធ្វើស្រែប្រាំង និងដំណាំរួមផ្សំលើសពីផែនការ ហើយអ្វីដែលធ្វើឱ្យពួកគាត់មានកម្លាំងចិត្តជំរុញ ដល់ការខិតខំនេះ គឺដោយសារតែឆ្នាំនេះការបង្កបង្កើនផល ទទួលបានទិន្នផលខ្ពស់ និងស្រូវមានទីផ្សារល្អ តម្លៃថ្លៃ។
លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានមានប្រសាសន៍បន្តថា៖ ពាក់ព័ន្ធបញ្ហាប្រឈម សំណូមពរ និងការលំបាក របស់ប្រជាពលរដ្ឋ នៅក្នុងមូលដ្ឋាន គឺសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី តែងតែមានការគិតគូរយកចិត្តទុកដាក់ខ្ពស់គ្រប់កាលៈទេសៈ និងដោះស្រាយ បានទាន់ពេលវេលា ពិសេសសម្ដេច តែងតែ បានណែនាំ និងជំរុញដល់ ស្ថាប័នជំនាញ និងអាជ្ញាធរ ពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ ត្រូវតែយកចិត្តទុកដាក់ឲ្យបានជាប្រចាំ ដើម្បីចុះជួយអន្តរាគមន៍ដោះស្រាយ ជូនប្រជាពលរដ្ឋឲ្យបានទាន់ពេលវេលា។លោកជំទាវអភិបាលខេត្ត ក៍បានលើកទឹកចិត្ត និងកោតសរសើរ ដល់ប្រជាកសិករទាំងអស់ ដែលបានខិតខំបង្កបង្កើនផលរបស់ខ្លួន ដើម្បីជំរុញសេដ្ឋកិច្ចគ្រួសារ ចូលរួមកាត់បន្ថយភាពក្រីក្រ ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា។ ជាមួយគ្នានេះលោកជំទាវ អភិបាលខេត្តប៉ៃលិន ក៍បានសំនូមពរ ដល់បងប្អូនប្រជាកសិករ ត្រូវចូលរួមសហការជាមួយមន្ត្រីជំនាញ និងអាជ្ញាធរមូលដ្ឋាន ដើម្បីឱ្យការងារជួយអន្តរាគមន៍សង្គ្រោះស្រូវ តាមរយៈការ បូម ឬបញ្ជូនទឹកបញ្ចូលស្រែ បានដោយរលូន ទាន់ពេលវេលា ប្រកបដោយសមធម៌ និងតម្លាភាព ដែលជាការរួមចំណែកលើកស្ទួយជីវភាពពលរដ្ឋ តាមរយៈវិស័យកសិកម្ម ។
ជាការដឹងគុណ និងថ្លែងអំណរគុណ ដល់ថ្នាក់ដឹកនាំខេត្ត ប្រជាកសិករក្នុងភូមិដីសរ ឃុំស្ទឹងត្រង់ បានសំដែងនូវក្តីសប្បាយរីករាយ ចំពោះថ្នាក់ដឹកនាំខេត្ត និងអាជ្ញាធរជំនាញ ដែលបានយកចិត្តទុកដាក់ ក្នុងការជួយអន្តរាគមន៍រកដំណោះស្រាយ បញ្ហាស្រូវប្រាំងរបស់ពួកគាត់ ដែលកំពុងខ្វះខាតទឹក ព្រោះថាស្រូវរបស់ពួកគាត់ទើបតែចាប់ផ្តើមចេញ ប្រសិនជាមិនមានទឹកគ្រប់គ្រាន់ អាចប្រឈមនឹងការខូចខាតទាំងស្រុងផងដែរ ។
សូមបញ្ជាក់ថា៖ បើតាមលោក ង៉ា លីហុង ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តប៉ៃលិន បានឲ្យដឹងថា៖ផែនការស្រូវប្រាំង ដែលមន្ទីរបានដាក់ចុះស្រង់កាលពីដើមខែវិច្ឆិកាចំនួន៦៥០ហិកតា ក្នុងនោះ៖ប្រព័ន្ធធារាសាស្រ្តថ្នល់បត់ ឃុំសាលាក្រៅ ផែនការ៦២០ហិកតា ដែលការអនុវត្តជាក់ស្តែង ១.៦០០ហិកតា ស្មើ ២៥៨%។ ត្រៀមបូមសង្គ្រោះឱ្យបានទាន់ពេលវេលា ពេលជួបបញ្ហា ៩៨០ហ.ត មានប្រភពទឹកគ្រប់គ្រាន់អាចសង្គ្រោះបាន។ចំពោះប្រព័ន្ធធារាសាស្រ្តអូរដូនតា ឃុំស្ទឹងត្រង់ ផែនការ ៣០ហិកតា ដែលការអនុវត្តជាក់ស្តែង ២១០ហិកតា ស្មើ ៧០០%។ ប្រឈមនិងការខូចខាត ៥១ហិកតា គ្មានប្រភពទឹកបូមសង្គ្រោះ (មន្ទីរបានរៀបចំកន្លែងសម្រាប់ តម្លើងម៉ាស៊ីនបូមសង្គ្រោះរួចហើយ តែមិនអាចបូមបាន)។ដូច្នោះការខ្វះខាតទឹកស្រោចស្រពនៅតំបន់នេះ ដោយសារតែប្រជាកសិករធ្វើស្រូវប្រាំងលើសផែនការកំណត់ និងជាតំបន់មិនទាន់មានប្រភពទឹកគ្រប់គ្រាន់ផងដែរ៕
អត្ថបទ ភ្នំខៀវ ប៉ៃលិន