គ្រួសារសពអតីតយុទ្ធជនសោធននិវត្តន៍ដែលមានជីវភាពលំបាកខ្វះខាត នៅស្រុកកំពង់ស្វាយ គោរពថ្លែងអំណរគុណសម្តេច ហ៊ុន ម៉ាណែត ដែលបានជួយឧបត្ថម្ភថវិកាបេឡាមរណសង្គ្រោះ និងអំណោយស្បៀងអាហារសម្រាប់រៀបចំពិធីបុណ្យសព 

0

កំពង់ធំ÷ នៅព្រឹកថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៤ ឧត្តមសេនីយ៍ទោ សោម ស៊ុន ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ខេត្តកំពង់ធំ រួមជាមួយថ្នាក់ដឹកនាំ នៃគណៈកម្មាធិការសមាគមអតីតយុទ្ធជនស្រុកកំពង់ស្វាយ បាននាំយកថវិកាបេឡាមរណសង្គ្រោះចំនួន៤លានរៀល និងអំណោយស្បៀងអាហាររបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ទៅប្រគល់ជូនក្រុមគ្រួសារសពអតីតយុទ្ធជនសោធននិវត្តឈ្មោះ យ៉ោក យៀង  ឋានន្តរសក្ដិព្រិន្ទបាលឯក អាយុ៥៩ឆ្នាំ អតីតនៅអង្គភាពវរសេនាតូចលេខ១ តំបន់ប្រតិបត្តិការសឹករងកំពង់ធំ ។ លោកបានទទួលមរណភាពដោយរោគាពាធនៅពេលកន្លងទៅថ្មីៗនេះ នៅភូមិកំពង់គោលើ ឃុំកំពង់គោ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ   ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានថ្លែងនូវការសោកស្ដាយចំពោះការបាត់បង់ជីវិត របស់លោកព្រិន្ទបាលឯក យ៉ោក យៀង ជាអតីតយុទ្ធជន ដែលធ្លាប់មានគុណបំណាច់ចំពោះជាតិ មាតុភូមិ និងប្រជាជន ហើយសូមបួងសួងដល់វិញ្ញាណក្ខន្ឋលោក យ៉ោក យៀង បានទៅកាន់សុគតិភព កុំបីឃ្លៀងឃ្លាតឡើយ  ហើយនៅក្នុងឱកាសនេះ ឧត្តមសេនីយ៍ទោ សោម ស៊ុន បានបញ្ជាក់ថា ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា និងក្រោមការដឹកនាំរបស់សម្ដេចមហាបវរធិបតី ហ៊ុន  ម៉ាណែត   នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា  និងឯកឧត្តម ទេសរដ្ឋមន្ត្រី នាយឧត្តមសេនីយ៍ គន់ គីម អនុប្រធាន និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា លោកបានបន្តការខិតខំប្រឹងប្រែងគ្រប់បែបយ៉ាង ដើម្បីដោះស្រាយនូវរាល់ការលំបាករបស់បងប្អូនអតីតយុទ្ធជនយើងមានដូចជា ការបែងចែកដីធ្លី ការសាងសង់ផ្ទះសម្បែងជូនបងប្អូនអតីតយុទ្ធជន ដែលមានជីវភាពលំបាកខ្វះខាតពិតប្រាកដ និងការផ្ដល់នូវប័ណ្ណបេឡាជាតិសន្តិសុខសង្គម ជូនបងប្អូនអតីតយុទ្ធជន សម្រាប់ទៅព្យាបាលជំងឺនៅមន្ទីរពេទ្យរដ្ឋ ដោយឥតគិតថ្លៃ ហើយនៅពេលដែលអតីតយុទ្ឋជនយើងទទួលមរណភាព ក្រុមគ្រួសារសពទទួលបានថវិកាបេឡាមរណសង្គ្រោះចំនួន៤.០០០.០០០រៀល ហើយសម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ បានឧបត្ថម្ភស្បៀងអាហារ គ្រឿងឧបភោគបរិភោគមួយចំនួនទៀត សម្រាប់សម្រួលដល់ការធ្វើបុណ្យសពឲ្យបានសមរម្យ និងឱ្យទាន់ពេលវេលា ។

ក្រុមគ្រួសារសពអតីតយុទ្ធជន សូមគោរពថ្លែងអំណរគុណដ៍ជ្រាលជ្រៅជាទីបំផុតចំពោះសម្តេចមហាបវរធិបតីហ៊ុន ម៉ាណែត និងលោកជំទាវ ព្រមទាំងក្រុមការងារសមាគមអតីតយុទ្ឋជនកម្ពុជា ខេត្តកំពង់ធំដែលបានគិតគូរដោះស្រាយការលំបាកជូនគាត់ និងសូមគោរពជូនពរសម្តេច និងលោកជំទាវ ឯកឧត្តម លោក លោក ស្រីទាំងអស់សូមទទួលបាននូវពុទ្ធពរទាំងបួនប្រការកុំបីឃ្លៀងឃ្លាតឡើយ៕