អភិបាលខេត្តព្រះវិហារ ក្រើនរំលឹកឲ្យពង្រឹងសន្ដិសុខ សណ្ដាប់ធ្នាប់ និងសុវត្ថិភាព ក្នុងព្រឹត្តិការណ៍បោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា

0

ដោយ សួន លីណា

ព្រះវិហារ៖ ឯកឧត្តម គីម រិទ្ធី នាព្រឹកថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៤នេះ បានក្រើនរំលឹកដល់អាជ្ញាធរដែនដី និងសមត្ថកិច្ចពាក់ព័ន្ធនានា នៅតាម ក្រុង ស្រុក ទូទាំងខេត្តព្រះវិហារ ត្រូវយកចិត្តទុកដាក់រក្សាសុវត្ថិភាពជូនអង្គបោះឆ្នោត ក៏ដូចជារក្សាសន្តិសុសណ្តាប់ធ្នាប់សាធារណៈឲ្យបានល្អប្រសើរ អំឡុងពេលបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភានីតិកាលទី៥ ឆ្នាំ២០២៤ ដែលនឹងប្រព្រឹត្តទៅនាពេលឆាប់ៗខាងមុខនេះ ។

ប្រសាសន៍ក្រើនរំលឹករបស់ឯកឧត្តម គីម រិទ្ធី អភិបាល នៃគណៈខេត្តព្រះវិហារ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត បានធ្វើឡើងក្នុងឱកាសដែលឯកឧត្តមដឹកនាំកិច្ចប្រជុំ គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ដោយមានការចូលរួមពីលោក លោកស្រី ជាថ្នាក់ដឹកនាំខេត្ត កងកម្លាំងប្រដាប់អាវុធទាំង៣ លោក លោកស្រី ជាប្រធានមន្ទីរ អង្គភាព ជុំវិញខេត្ត លោកអភិបាលក្រុង ស្រុកទាំង៨ មេឃុំ ចៅសង្កាត់ និងមន្ត្រីពាក់ព័ន្ធជាច្រើនទៀត ។

ឯកឧត្តម គីម រិទ្ធី បានបញ្ជាក់ថា បញ្ហាសន្តិសុខ សណ្តាប់ធ្នាប់ ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភានីតិកាលទី៥ឆ្នាំ២០២៤ ក៏ដូចជាសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងមហាផ្ទៃ ស្តីពីការបង្ខិតបង្ខំគម្រាមកំហែងអ្នកបោះឆ្នោត ក៏ដូចជាសេចក្តីថ្លែងការណ៍របស់ គ.ជ.ប ស្តីពីការគម្រាមកំហែងសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ ឲ្យបោះឆ្នោតជូនគណបក្សនេះ ឬគណបក្សនោះ ជាការរំលោភសិទ្ធក្នុងការសម្រេចចិត្តរបស់អង្គបោះឆ្នោត ។

ជាមួយគ្នានេះ ឯកឧត្តមអភិបាលខេត្ត ក៏បានប្រាប់អង្គប្រជុំពីការចុះពិនិត្យ ណែនាំ និងផ្អាកជាបណ្តោះអាសន្នការប្រកបអាជីវកម្មឆ្នោត ឡូតូ តាមអនឡាញសរុបបានចំនួន១២៨ទីតាំង ។

បន្ថែមពីនោះឯកឧត្តម ក៏បានផ្តល់អនុសាសន៍ដឹកនាំមួយចំនួនសម្រាប់រដ្ឋបាល ក្រុង ស្រុក និងកម្លាំងប្រដាប់អាវុធយកទៅអនុវត្តរួមមាន៖ត្រូវរក្សាសុវត្ថិភាពជូនអង្គបោះឆ្នោត ក៏ដូចជាសណ្តាប់ធ្នាប់សាធារណៈឲ្យបានល្អប្រសើរអំឡុងពេលនេះ ជាពិសេសអំឡុងពេលបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភាទប់ស្កាត់ បង្រ្កាបក្មេងទំនើង ការជួញដូរ ការប្រើប្រាសគ្រឿងញៀន ការជួញដូរមនុស្សឆ្លងដែនខុសច្បាប់ ។

ទប់ស្កាត់បទល្មើសព្រៃឈើ ការទន្ទ្រានយកដីធ្វើជាកម្មសិទ្ធ ផ្សព្វផ្សាយអំពីការបំពុលបរិយាកាស ដោយសារឆៃព្រៃ ភ្លើងឆៃព្រៃ  ត្រៀមបង្ការជាប្រចាំនូវរថយន្តទឹក សម្រាប់បង្ការគ្រោះអគ្គីភ័យ ។
ត្រូវតាមដានអនុសាសន៍ដឹកនាំរបស់ សម្តេចនាយករដ្ឋមន្ត្រី និងគោលការណ៍នានា ដែលរាជរដ្ឋាភិបាលអាណត្តិទី៧បានដាក់ចេញសម្រាប់អនុវត្ត ។
ជំរុញប្រជាពលរដ្ឋដែលមានអត្តសញ្ញាណបណ្ណសញ្ញាតិខ្មែរអស់សុពលភាពទៅធ្វើថ្មីជំរុញប្រជាពលរដ្ឋឲ្យគោរពច្បាប់ចរាចរណ៍ ត្រូវបានសាមគ្គីភាពផ្ទៃក្នុង ៕