លោកជំទាវបណ្ឌិត បាន ស្រីមុំ អញ្ជើញជាគណៈអធិបតីភាពក្នុងពិធីប្រកាសចូលកាន់មុខតំណែង ប្រគល់ និងផ្លាស់ប្តូរភារកិច្ច មន្ត្រីរាជការ នៃមន្ទីរអង្គភាពជុំវិញរដ្ឋបាលខេត្តប៉ៃលិន

0

(ប៉ៃលិន)៖ នាសៀលថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៤ នៅសាលប្រជុំសាលាខេត្តប៉ៃលិន  លោកជំទាវបណ្ឌិត បាន ស្រីមុំ អញ្ជើញជាគណៈអធិបតីប្រកាសចូលកាន់មុខតំណែង ប្រគល់ និងផ្លាស់ប្តូរភារកិច្ច មន្ត្រីរាជការ នៃមន្ទីរអង្គភាពជុំវិញរដ្ឋបាលខេត្ត ចំនួន៨មន្ទីរអង្គភាព សរុប៤៥នាក់​ ស្ថិតក្រោមអធិបតីភាព ឯកឧត្តម ជា ចានឌិន ប្រធានក្រុមប្រឹក្សាខេត្ត ព្រមទាំងមានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ​ក្រុម​ប្រឹ​ក្សាខេត្ត លោក លោកស្រីអភិបាលរងខេត្ត លោកស្នងការនគរបាលខេត្ត មេបញ្ជាការ​អាវុធ​ហត្ថ​ខេត្ត មេបញ្ជាការសឹករង លោក លោកស្រីបណ្តាមន្ទីរ អង្គភាពជុំវិញខេត្តជាច្រើនរូប។

ក្នុងឱកាសនោះផងដែរ លោកជំទាវបណ្ឌិត បាន ស្រីមុំ ក៍បានមានប្រសាសន៍សម្តែងការកោតសរសើ និងវាយតម្លៃខ្ពស់ ចំពោះថ្នាក់ដឹកនាំ មន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ក្នុងខេត្តប៉ៃលិន ដែលបានរួមសាមគ្គីសហការគ្នា ខិតខំប្រឹងប្រែងយ៉ាងសកម្ម ក្នុងការអនុវត្តកម្មវិធីនយោបាយ យុទ្ធសាស្ត្រចតុកោណរបស់រាជរដ្ឋាភិបាលកម្ពុជានាពេលកន្លងមក ព្រមទាំងបន្តអនុវត្តគោលនយោបាយយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលអណត្តិទី៧ ដែលមានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានយករដ្ឋមន្ត្រី ដោយបានជំរុញអភិវឌ្ឍខេត្ត ឲ្យមានការរីកចម្រើនលើគ្រប់វិស័យ និងរក្សាបាននូវសន្តិសុខ សណ្ដាប់សាធារណៈសង្គម បានល្អប្រសើរ សំដៅលើកម្ពស់ជីវភាពរបស់ប្រជាពលរដ្ឋ និងកាត់បន្ថយភាពក្រីក្រ ជាពិសេសបានចូលរួមយ៉ាងសកម្មក្នុងការកែលម្អសោភ័ណភាពខេត្ត យ៉ាងស្រស់បំព្រងផងដែរ។

លោកជំទាវបណ្ឌិត បានណែនាំឲ្យបន្តចូលរួមលើកទឹកចិត្ត អប់រំ និងផ្សព្វផ្សាយដល់មន្ត្រីគ្រប់រូប និងប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋានឱ្យចូលរួមអនុវត្តគោលនយោបាយ «ភូមិឃុំសង្កាត់មានសុខសុវត្ថិភាព» ដើម្បីរួមគ្នាទប់ស្កាត់បទល្មើសគ្រប់ប្រភេទ ពិសេសការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ និងល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ, ត្រូវខិតខំចូលរួមបន្តថែរក្សាការពារនូវសន្តិភាព ស្ថិរភាពនយោបាយការពារឯករាជ្យ អធិបតេយ្យជាតិ បន្តពង្រឹងសាមគ្គីភាពផ្ទៃក្នុង បង្កើនកិច្ចសហប្រតិបត្តិការ និងទំនាក់ទំនងជាមួយដៃគូអភិវឌ្ឍន៍, បន្តដឹកនាំមន្ទីរ-អង្គភាពដោយផ្អែកលើគោលការណ៍ច្បាប់ លិខិតបទដ្ឋានគតិយុត្តនានាយ៉ាងម៉ឺងម៉ាត់ ដើម្បីធានាប្រសិទ្ធភាពការងារ និងធ្វើជាគំរូ ល្អសម្រាប់មន្ត្រីក្រោមឱវាទ, ត្រូវយកចិត្តទុកដាក់ខិតខំសិក្សារៀនសូត្របន្ថែម បង្កើនចំណេះដឹង និងពង្រីកសមត្ថភាពផ្ទាល់ខ្លួន ដើម្បីយកមកចូលរួមចំណែកដល់ការអនុវត្តតួនាទីភារកិច្ច ក្នុងអង្គភាពឱ្យកាន់តែល្អ ប្រសើរថែមទៀត និងត្រូវបន្តពង្រឹង និងជំរុញការផ្តល់សេវាធារណៈ និងសេវារដ្ឋបាលនានាជូនដល់ ប្រជាពលរដ្ឋឱ្យបានឆាប់រហ័ស ប្រកបដោយក្រមសីលធម៌ និងមានមនសិការវិជ្ជាជីវៈខ្ពស់។

លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាល មានប្រសាសន៍បន្តទៀតថា៖ ផ្អែកលើមូលដ្ឋាននេះ និងដោយផ្អែកលើលក្ខណៈសម្បត្តិ សមត្ថភាព និងបទពិសោធន៍ ការងារមន្ត្រីរាជការនាពេលកន្លងមក ថ្នាក់ដឹកនាំមន្ទីរ អង្គភាពជុំវិញរដ្ឋបាល បានលើកសំណើមករដ្ឋបាលខេត្ត ស្នើសុំតែងតាំង ប្រគល់ និងផ្លាស់ប្តូរភារកិច្ចមន្រ្តីរាជការ។ ជាមួយគ្នានេះ ការតែងតាំង ប្រគល់ និងផ្លាស់ប្តូរភារកិច្ចមន្ត្រីរាជការនៃមន្ទីរ-អង្គភាពជុំវិញ រដ្ឋបាលខេត្តនាពេលនេះ ធ្វើឡើងស្របតាមរចនាសម្ព័ន្ធមុខតំណែង និងចំនួនមុខតំណែងគ្រប់គ្រង ដែលនៅទំនេរ ដែលបានកំណត់ដោយ ក្នុងរចនាសម្ព័ន្ធនៃមន្ទីរ-អង្គភាព ដោយផ្អែកលើទំហំការងារ លក្ខណៈសម្បត្តិសមរបស់មន្ត្រីសម្រាប់មុខតំណែង ផលិតភាពការងារលទ្ធភាពថវិកា និងធានាបាននូវនិរន្តភាពការងារផងដែរ៕

អត្ថបទ ភ្នំខៀវ ប៉ៃលិន