មន្ទីរអប់រំខេត្តប៉ៃលិន បិទសន្និបាតបូកសរុបលទ្ធផលការងារសម្រាប់ឆ្នាំសិក្សាឆ្នាំ២០២២-២០២៣

0

(ប៉ៃលិន)៖ នៅព្រឹកថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៤នេះ មន្ទីរអប់រំ យុវជន និងកីឡាខេត្តប៉ៃលិន បានរៀបចំពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារសម្រាប់ឆ្នាំសិក្សាឆ្នាំ២០២២-២០២៣ និងលើកទឹសដៅបន្តសម្រាប់ ឆ្នាំសិក្សា២០២៣-២០២៤ ស្ថិតក្រោមអធិបតីភាពលោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន ។

ការបិទសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ របស់មន្ទីរអប់រំ យុវជន និងកីឡាខេត្តប៉ៃលិន នាពេលនេះ ធ្វើឡើងបន្ទាប់អង្គសន្តិតបាតបានដំណើរការអស់រយៈពេល១ថ្ងៃ ដោយមានការចូលរួមពីតំណាងក្រសួងអប់រំ យុវជន និងកីឡា អង្គការដៃគូអភិវឌ្ឍន៍ ប្រធានការិយាល័យក្រុង/ស្រុក អភិបាល​ក្រុង​/​ស្រុក​ ,លោក លោកស្រីមន្ទីរជុំវិញខេត្ត និងលោកគ្រូ អ្នគ្រូយ៉ាងច្រើនកុះករ ។

លោក តង់ ធារ៉ា ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តប៉ៃលិន បានឲ្យដឹងថា៖ សន្និបាតប្រចាំឆ្នាំ ដែលមន្ទីរអប់រំ ធ្វើឡើងនាពេលនេះ ក្នុងគោលបំណងបូកសរុបវាយតម្លៃការងារ ដែលបានអនុវត្តឆ្នាំសិក្សាកន្លងមក និងលើកទិសការងារ សម្រាប់ឆ្នាំសិក្សាបន្តទៀត។ លោកប្រធានមន្ទី ក៍បានគូសបញ្ជាក់ថា៖ ក្នុងរយៈពេល១ថ្ងៃកន្លងទៅនេះ បានដំណើរការប្រកបដោយភាពល្អប្រសើរ ដែលមន្ទីរ និងអង្គការដៃគូអភិវឌ្ឍន៍បានធ្វើបទអន្តរាគមន៍ អំពីគម្រោងសម្រាប់ការអភិវឌ្ឃន៍ ក្នុងវិស័យអប់រំរួម មានការកសាងសាលារៀន បង្គន់អនាម័យ នៅតំបន់ដាច់ស្រយោល ព្រមទាំងការជួយទាំងសម្ភារបង្រៀន សម្ភារសិក្សា វិធីសាស្ត្របង្រៀន និងដំណើរការគ្រប់គ្រងទប់ស្កាត់សិស្សបោះបង់ការសិក្សា ហើយសន្និបាតក៏បានសិក្សា ពិភាក្សាលើប្រធានបទពាក់ព័ន្ធនានាផ្សេងៗទៀតផងដែរ។

មានប្រសាសន៍ក្នុងឪកាសនោះដែរ លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានលើកឡើងថា៖វិស័យអប់រំកំពុងបោះជំហាន ទៅរកទម្រង់នៃការអប់រំតាមបែបឌីជីថល ដែលទម្រង់នៃការអប់រំនេះ កំពុងឆ្លើយតបយ៉ាងប្រត្យក្ស ទៅនឹងក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថលកម្ពុជា ឆ្នាំ២០២១-២០៣៥ ។ ការប្រែក្លាយវិបត្តិទៅជាកាលានុវត្តភាពនាពេលនេះ ពិតជាមានសារៈសំខាន់ខ្លាំងណាស់ ដោយយុវជនយើងកំពុងត្រូវការសេវាអប់រំតាមបែបថ្មី, ទំនើប និងមានគុណភាពកម្រិតខ្ពស់ ជាពិសេសនៅពេលមានការកើនឡើងយ៉ាងឆាប់រហ័សនៃការប្រើប្រាស់បច្ចេកវិទ្យាព័ត៌មាន និងបណ្តាញសង្គមជាដើម។ ការអភិវឌ្ឍសមត្ថភាពរបស់បុគ្គលិកអប់រំ សិស្សានុសិស្ស និងប្រជាជន ក្នុងការប្រើប្រាស់ និងទទួលផលពីបច្ចេកវិទ្យាទាំងនេះ ប្រកបដោយប្រសិទ្ធភាព និងវៃឆ្លាត គឺជាកត្តាចាំបាច់ ដើម្បីធានានូវឧត្តមភាពប្រៀបធៀបកម្ពុជានៅក្នុងតំបន់ និងសកលលោក។លោកជំទាវបណ្ឌិត ក៍បានគូសបញ្ជាក់ថា៖     ផ្អែកតាមកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល  នីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំដ៏ស្វាហាប់ និងឈ្លាសវៃ របស់ សម្ដេចមហាបវរធិបតី ហ៊ុន   ម៉ាណែត  នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលជាអគ្គមគ្គុទ្ទេសក៍វ័យក្មេងដ៏ឆ្នើម និងពោរពេញដោយសមត្ថភាព, ចំណេះដឹង និងថាមពល បានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ដើម្បីកំណើន, ការងារ, សមធម៌, ប្រសិទ្ធភាព, និងចីរភាព ដោយផ្តោតជាសំខាន់លើការធានា «ប្រសិទ្ធភាពសមិទ្ធកម្ម» តាមរយៈការអនុវត្តអភិក្រម «ឆ្លុះកញ្ចក់, ងូតទឹក, ដុសក្អែល, ព្យាបាល និងវះកាត់» និងអភិក្រម «ជវភាព នៃប្រព័ន្ធតួអង្គតែមួយ» ជាមួយនឹងបាវចនា៥ គឺ៖ កំណើន  ការងារ សមធម៌ ប្រសិទ្ធភាព  និងចីរភាព យុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ បានកំណត់យកអាទិភាព គន្លឹះ ៥ គឺ៖ «មនុស្ស, ផ្លូវ, ទឹក, ភ្លើង, និងបច្ចេកវិទ្យា » សម្រាប់ឆ្លើយតបទៅនឹងបដិវត្តឧស្សាហកម្មទី៤ និងបរិវត្តកម្មឌីជីថលនៃសេដ្ឋកិច្ច និងសង្គមកម្ពុជា ក៏ដូចជាឆ្លើយតបនឹងតម្រូវការ ក្នុងការលើកកម្ពស់ផលិតភាពសេដ្ឋកិច្ច ដែលជាគ្រឹះ និងជាមធ្យោបាយដ៏សំខាន់ នៃការសម្រេចបាននូវ ចក្ខុវិស័យ កម្ពុជា ឆ្នាំ២០៥០។ លោកជំទាវអភិបាលខេត្ត ក៍បានថ្លែងអំណរគុណចំពោះដៃគូអភិវឌ្ឍន៍ វិស័យឯកជន និងសប្បុរសជនទាំងអស់ ដែលបានរួមចំណែកយ៉ាងសកម្ម ក្នុងការស្តារកសាង និងអភិវឌ្ឍវិស័យអប់រំ យុវជន និងកីឡាក្នុងខេត្តប៉ៃលិនយើង តាមរយៈការផ្ដល់នូវជំនួយឧបត្ថម្ភ និងការគាំទ្រគ្រប់បែបយ៉ាងទាំងផ្នែកសម្ភារ, ថវិកា និងបច្ចេកទេស ពិសេសការគ្រប់គ្រង  និងការផ្តល់សេវាផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ សិស្សានុសិស្សប្រកបដោយភាពរហ័សរហួន  និងប្រសិទ្ធិភាព នាពេលកន្លងមក។​ បន្ថែមលើនេះលោកជំទាវបណ្ឌិត អភិបាលខេត្ត ក៏បានណែនាំ ដល់បុគ្គលិកអប់រំទាំងអស់ ពិសេសលោកគ្រូ អ្នកគ្រូ និងនាយកសាលានានា ត្រូវពង្រឹងនូវការគ្រប់គ្រងសាលារៀន ឱ្យមានវិន័យល្អ ពិសេសលើគ្រូបង្រៀនតែម្តងដើម្បីឲ្យប្រព័ន្ធអប់រំ ក្នុងខេត្តកាន់តែមានភាពរឹងមាំ និងល្អប្រសើរបន្ថែមទៀត។

សូមបញ្ជាក់ថា៖ ខេត្តប៉ៃលិន សម្រាប់ឆ្នាំសិក្សាថ្មី ២០២៣-២០២៤ មានបុគ្គលិកអប់រំសរុបចំនួន ៨៦៩នាក់ ស្រី ៤២១នាក់ និង មានសិស្សទូទាំងខេត្តសរុបចំនួន ២០,១២៧នាក់ ស្រី១០,១៦១នាក់ មត្តេយ្យសិក្សា ២៧សាលា មានសិស្សចំនួន ១,២១៧ នាក់ ស្រី៦៦៤ នាក់, បឋមសិក្សា ៥៣សាលា មានសិស្សចំនួន១,១១២៤ នាក់ ស្រី៥,៤១៩នាក់, អនុវិទ្យាល័យ ៦សាលា មានសិស្សចំនួន ១,៧០១នាក់ ស្រី៨៧៦នាក់, វិទ្យាល័យ ៣សាលា មានសិស្សចំនួន ៣,៦៩៤នាក់ ស្រី ២០៥៦នាក់, មត្តេយ្យសិក្សាសហគមន៍ ១២សាលា មានសិស្សចំនួន ២៦៣នាក់ ស្រី ១២៣នាក់ មត្តេយ្យសិក្សាឯកជន ១០សាលា មានសិស្សចំនួន ៦១៤នាក់ ស្រី ២៩៥នាក់, បឋមសិក្សាឯកជន ១១សាលា មានសិស្សចំនួន ១,៤១៣នាក់ ស្រី៦៦៦នាក់ និងអនុវិទ្យាល័យឯកជន១សាលា មានសិស្សចំនួន ១០១នាក់ ស្រី ៦២នាក់ ៕

អត្ថបទ ភ្នំខៀវ ប៉ៃលិន​