អង្គបោះឆ្នោតនៅខេត្តបន្ទាយមានជ័យទៅបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភាប្រព្រឹត្តដោយរលូនក្រោមអំណោយផលអាកាសធាតុ

0

ដោយ៖ឃិន គន្ធា
បន្ទាយមានជ័យ៖ អង្គបោះឆ្នោតនៅខេត្តបន្ទាយមានជ័យក្នុងដំណើរការបោះឆ្នោតអសាកលជ្រើសតាំងសមាជិកព្រឹទ្ធសភា និតិកាលទី៥ ដែលប្រព្រឹត្តទៅនាថ្ងៃអាទិត្យថ្ងៃទី២៥ខែកុម្ភ:ឆ្នាំ២០២៤ ពី៧:០០ព្រឹក ដល់៣:០០រសៀល ប្រព្រឹត្តដោយរលូនក្រោមអំណោយផលអាកាសធាតុ។

លោកលោកយ៉ង់ ស័ក្តិ ប្រធានគណ:កម្មាធិការខេត្តរៀបចំការបោះឆ្នោតខេត្តបន្ទាយមានជ័យ(គជខ)ប្រាប់ថ្ងៃទី២៥ខែកុម្ភ:ឆ្នាំ២០២៤ថា : ក្នុងខេត្តនេះ មានអង្គបោះឆ្នោតសរុប ៥៣៩នាក់ ក្នុងនោះសមាជិកក្រុមប្រឹក្សាឃុំសង្កាត់៥៣៣នាក់ អ្នកតំណាងរាស្ត្រ៦នាក់ ។

ការបោះឆ្នោតនេះ ក្នុងខេត្តនៃភូមិភាគទី៤នៃព្រឹទ្ធសភា (បាត់ដំបង បន្ទាយមានជ័យ សៀមរាប ឧត្តរមានជ័យនិងប៉ៃលិន)មានគណបក្ស៤ បានចុះឈ្មោះបោះឆ្នោតមាន៤គណបក្សមានគណបក្សប្រជាជនកម្ពុជា ឆន្ទ:ខ្មែរ ហ្វ៊ុនស៊ីនប៉ិច និងកម្លាំងជាតិ ។

ហើយសមាសភាពសមាជិកអង្គបោះឆ្នោតរួមមាន : ១-ជាសមាជិកគណបក្សប្រជាជនកម្ពុជាចំនួន៤២៩នាក់ ក្នុងនោះអ្នកតំណាងរាស្ត្រ ៦រូប ។២- សមាជិកគណបក្សភ្លើងទៀនចំនួន៩៦នាក់។៣-ខ្មែររួបរួម ៧នាក់ និងកម្ពុជានិយម១នាក់ ។

យោងមន្ត្រីគជខនិងអ្នកសង្កេតការណ៍ជាតិអោយដឹងថា : ក្នុងជួរដ៏វែងដែលមកដល់បរិវេណនិងការិយាល័យបោះឆ្នោតតាំងពីព្រលឹមស្រាងៗ ហើយចូលបោះឆ្នោតនោះ ជាអង្គបោះឆ្នោតដែលជាសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់និងចូលបោះដោយមិនបាច់តម្រង់ជួរជាអ្នកតំណាងរាស្ត្រមកពីគណបក្សប្រជាជនកម្ពុជា។
លុះដល់ថ្ងៃត្រង់ ទើបអង្គបោះឆ្នោតដែលជាសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់មកពីគណបក្សភ្លើងទៀន គណបក្សខ្មែររួបរួមនិងគណបក្សកម្ពុជានិយម ។
ជាការសង្កេត គេសង្កេតឃើញមានអង្គបោះឆ្នោត៤នាក់ដែលត្រូវគ្រាទៅបោះឆ្នោត ក្នុងនោះមានជនពិការជិះរទេះរុញនិងចេញពីពេទ្យត្រូវគ្រាដោយគ្រូពេទ្យនិងមន្ត្រីគណបក្ស ។

សូមបញ្ជាក់ថា ដូចការបោះឆ្នោតជ្រើសតាំងព្រឹទ្ធសភាលើកមុនៗដែរ ទីតាំងការិយាល័យបោះឆ្នោតតែ១គត់លេខ៤០០១ ធ្វើនៅសាលគរុកោសល្យនិងវិក្រឹត្យការខេត្តបន្ទាយមានជ័យនាភូមិ៣សង្កាត់ព្រះពន្លាក្រុងសិរីសោភ័ណ ៕