កំពង់ធំ៖ ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភានីតិកាលទី ៥ ត្រូវបានដំណើរការយ៉ាងរលូននៅវេលាម៉ោង ៧:០០នាទី ព្រឹកថ្ងៃទី ២៥ ខែកុម្ភៈឆ្នាំ ២០២៤ សម្រាប់ខេត្តកំពង់ធំមណ្ឌលភូមិភាគ៨មានមួយការិយាល័យបោះឆ្នោតលេខ ៨០០១ ស្ថិតនៅសាលាបឋមសិក្សាអនុវត្ត ហ៊ុន សែនអចា្យលាក់ សង្កាត់អាចារ្យលាក់ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ។
ក្នុងកិច្ចដំណើរការបោះឆ្នោតគណៈកម្មការរៀបចំការបោះឆ្នោតបានរៀបចំការងាររបស់ខ្លួនទៅតាមនីតិវិធីរបស់ខ្លួន ក្នុងនោះដល់ពេលម៉ោងបោះឆ្នោតយើងឃើញអង្គបោះឆ្នោតបានឈរតម្រង់ជួរចាប់លេខរៀងទៅតាមគណកម្មការការិយាល័យរៀបចំការបោះឆ្នោត។
សមាជិក សមាជិការ អង្គបោះឆ្នោតបានឈរតម្រង់ជួរតាមលេខរៀងដែលគណៈកម្មការរៀបចំការបោះឆ្នោតបានកំណត់ជាបន្តបន្ទាប់ក្នុងនោះការអនុញ្ញាតឲ្យចូលគឺចាប់លេខរៀងដោយឡែកប៉ុន្តែអង្គបោះឆ្នោតជាស្ត្រីមានផ្ទៃពោះ ជាអ្នកជំងឺឬពិការ គឺគណៈកម្មការរៀបចំការបោះឆ្នោតបានអនុញ្ញាតឲ្យចូលមុនដោយមិនបានចាប់លេខរៀងនោះទេ។
ចំពោះសន្តិសុខសណ្ដាប់ធ្នាប់វិញគឺមានលក្ខណៈល្អប្រសើរមិនមានអ្វីគួរឲ្យកត់សម្គាល់នោះទេ។
តាមការបញ្ជាក់របស់ លោក ហូ ហុង ប្រធានការិយាល័យគណៈកម្មាធិការរៀបចំការបោះឆ្នោតសមាជិករដ្ឋសភានិងក្រុមប្រឹក្សាឃុំសង្កាត់ក្នុងបញ្ជីបោះឆ្នោតមានចំនួន ៥៩១ នាក់ក្នុងនោះសមាជិករដ្ឋសភាក្នុងតំណែងមានចំនួន ៦ រូប និងសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ ៥៨៥ នាក់ ។
មានគណបក្សនយោបាយចំនួន ៤ បានចុះបញ្ជីក្នុងការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ នេះ រួមមាន៖
*១.គណបក្សប្រជាជនកម្ពុជាលេខរៀងទី១
*២.គណបក្សឆន្ទៈខ្មែរលេខរៀងទី២
*៣.គណបក្សហ្វុនស៊ិនប៉ិចលេខរៀងទី៣
*៤.គណបក្សកំលាំងជាតិលេខរៀងទី៤
ភូមិភាគទី៨ ខេត្តកំពង់ធំ ខេត្តព្រះវិហារ ខេត្តក្រចេះ ខេត្តស្ទឹងត្រែង ខេត្តរតនគិរី និងខេត្តមណ្ឌលគិរី មាន៦ អាសនៈ៕