សាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំ  ចុះអប់រំផ្សព្វផ្សាយស្ដីពីការកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិក និងធ្វើពលកម្មសម្អាតបរិស្ថាន ក្រោមប្រធានបទ(ថ្ងៃនេះខ្ញុំមិនប្រើថង់ប្លាស្ទិកទេ) នៅវិទ្យាល័យបារាយណ៍ និងវិទ្យាល័យ ហ៊ុន សែន ស្រះបន្ទាយ

0

កំពង់ធំ÷ នៅព្រឹកថ្ងៃទី២៦  ខែកុម្ភៈឆ្នាំ២០២៤លោក កែវ ផល នាយកសាខា បានដឹកនាំមន្រ្តីសាខា ទីប្រឹក្សាយុវជន និងយុវជនសាខាកាកបាទក្រហមកម្ពុជាខេត្ត/ស្រុក លោកគ្រូអ្នកគ្រូ និងសិស្សានុសិស្ស បានចុះអប់រំផ្សព្វផ្សាយអំពីការប្រែប្រួលអាកាសធាតុ និងបរិស្ថាន ផ្តោតលើការកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិក ស្របតាមពាក្យស្លោក(លាហើយ ប្លាស្ទិក) និង(យើងខ្ញុំទាំងអស់គ្នាប្តេជ្ញា មិនប្រើថង់ប្លាស្ទិកទេ) ដល់សិស្សានុសិស្ស នៃវិទ្យាល័យហ៊ុនសែនបារាយណ៍ និងវិទ្យាល័យ ហ៊ុន សែន ស្រះបន្ទាយ សរុបអ្នកចូលរួមចំនួន២.១៣៤នាក់ ស្រី១.៣០២នាក់ ព្រមទាំងបានធ្វើពលកម្មសម្អាតបរិស្ថានជុំវិញសាលា បានចំនួន២លើក នៅស្រុកបារាយណ៍ ខេត្តកំពង់ធំ។

នាឱកាសនោះលោក កែវ ផល បានពាំនាំប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ឯកឧត្តម ងួន រតនៈ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ធំ  ដែលជានិច្ចកាលឯកឧត្តមតែងតែគិតគូរពីសុខភាព និងការរស់នៅប្រចាំថ្ងៃរបស់បងប្អូនប្រជាពលរដ្ឋ ពិសេសប្អូនៗ ក្មួយៗ ដែលជាសិស្សានុសិស្ស ។

បន្ថែមពីនេះលោកនាយកសាខា ក៏បានមានប្រសាសន៍សំណេះសំណាល និងអប់រំផ្សព្វផ្សាយដល់សិស្សានុសិស្សពីគុណវិបត្តិ នៃការប្រើប្រាស់ថង់ប្លាស្ទិក ដោយលោកបានលើកឡើងថា សម្រាប់ថង់ប្លាស្ទិកដែលផលិតឡើងពីប្រេងខ្មៅ និងសារធាតុគីមី(តូនិច)វាមានផលអាក្រក់ខ្លាំងណាស់ដល់បរិស្ថាន វាត្រូវការចំណាយពេលរហូតដល់ទៅ៥០០ឆ្នាំ ទើបរលាយនិងបញ្ចេញជាតិពុល ដែលធ្វើឱ្យប៉ះពាល់ខ្លាំងដល់សភាវៈមានជីវិតទាំងលើដី និងក្នុងទឹកពិសេសធ្វើឱ្យផែនដីឡើងកំដៅ។ ដូចនេះដើម្បីចូលរួមចំណែកក្នុងការថែរក្សាបរិស្ថាននិងជីវិតទាំងឡាយនៅលើភពផែនដី យើងទាំងអស់គ្នាត្រូវចូលរួមក្នុងការបញ្ឈប់ការប្រើប្រាស់ថង់ប្លាស្ទិក។

ឆ្លៀតក្នុងឱកាសនេះផងដែរលោកនាយកសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំ បានមណែនាំដល់សិស្សានុសិស្សទាំងអស់ សូមចូលរួមសូមទុកដាក់សំរាមប្រកបដោយអនាម័យ និងមានសណ្ដាប់ធ្នាប់ល្អនៅតាមមូលដ្ឋាន ចៀសវាងការឆ្លងជំងឺផ្សេងៗ ចូលរួមកាត់បន្ថយការពិសាគ្រឿងកំប៉ុងដែលមានជាតិផ្អែមៗ ដើម្បីការពារនូវជំងឺផ្សេងៗ ចៀសឱ្យឆ្ងាយពីគ្រឿងញៀន ព្រោះគ្រឿងញៀនបំផ្លាញខ្លួនឯង គ្រួសារ និងសង្គមជាតិទាំងមូល ចូលរួមគោរពចរាចរណ៍ផ្លូវគោកទាំងអស់គ្នា ដើម្បីការពារអាយុជីវិតរបស់ខ្លួន៕ អត្ថបទលោក ធូ កែវមុន្នី