កំពង់ធំៈ នៅព្រឹកថ្ងៃទី ២០ ខែតុលា ឆ្នាំ ២០១៤ កំលាំងតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ចំនួន១៦២នាក់ បាន ចុះសំអាតសួនច្បារ នៅតាមបណ្តោយមាត់ស្ទឹងសែន បន្ទាប់ពីអាជ្ញាធរខេត្តកំពង់ធំ បានប្រារព្វពិធីប្រណាំងទូក ចំនួន៩គូរ នៅក្នុងដងស្ទឹងសែន ដែលមានប្រជាពលរដ្ឋ រាប់ម៉ឺននាក់មកចូលរួមសប្បាយរីករាយក្នុងពិធី ប្រណាំងទូកនៅខេត្តកំពង់ធំ ។
ឧត្តម ឧត្តមសេនីយ៍ត្រី សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានឲ្យដឹងថា លោកមានសេចក្តីរីករាយខ្លាំងណាស់ និងបានកោតសរសើរចំពោះអាជ្ញាធរខេត្តកំពង់ធំ ដែលមានឯកឧត្តម អ៊ុត សំអន ជាអភិបាល បានគិតគូរ និងជម្រុញឲ្យ សាលាក្រុង និងមន្ទីរពាក់ព័ន្ឋ កម្លាំងប្រដាប់អាវុធទាំង៣ ប្រភេទ រួម សហការគ្នា រៀបចំឲ្យមានពិធីបុណ្យប្រណាំងទូកកើតឡើង ព្រមទាំងបានរៀបចំសណ្តាប់ធ្នាប់ល្អ ការពារ សុវត្តិភាពជូនប្រជាពលរដ្ឋ ប្រកបទៅដោយរលូន ដោយឡែកប្រទេសកម្ពុជា បានអាក់ខានការចូលរួមប្រណាំង ទូកនេះជាប់គ្នារហូតដល់៤ឆ្នាំ ។
ជាក់ស្តែងកម្លាំងកងយោធពលខេមរៈភូមិន្ទ ចំណុះឲ្យតំបន់ប្រតិបត្តិការសឹករងកំពង់ធំ គឺត្រូវបានមកពីវរៈសេនាតូចលេខ១ វរៈសេនាតូចលេខ២ និងកម្លាំងផ្នែកសឹករង ស្រុក ក្រុង ចូលរួមសាមគ្គីរួមគ្នាជាកម្លាំង ដើម្បីសំអាតបរិស្ថានជុំវិញសួនច្បាបតាមបណ្តោយមាត់ស្ទឹងសែន។
ឧត្តម ឧត្តមសេនីយ៍ត្រី សោម ស៊ុន បានបន្តថាដោយយោងតាមកិច្ចសហប្រតិបត្តិការល្អ រវាងអាជ្ញាធរខេត្តកំពង់ធំ ឯកឧត្តម បានបញ្ជាឲ្យកម្លាំងចំណុះឲ្យតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ចំនួន ១៦២នាក់ចូលរួមចំនែក ជាមួយអាជ្ញាធរខេត្ត សំអាតបរិស្ថានតាមដងស្ទឹងសែន កន្លែងប្រារព្វពិធីប្រណាំងទូក ដើម្បីរៀបចំកែលំអរ លើកកម្ពស់សួនច្បារឡើងវិញ បន្ទាប់ពីពិធីប្រណាំងទូករួច ក៏ដូចជាការចូលរួមកែលំអរសោភ័ពភាពក្រុងស្ទឹងសែន ស្របតាមគោលនយោបាយ ប្រមុខរាជរដ្ឋាភិបាល ។

ដោយ ប៊ុន រដ្ឋា




































