រយៈពេល២ថ្ងៃ កាយយកថ្មចេញពីទន្លេបាន១០%ហេីយ ខណៈម្ចាស់ទីតាំងដីអះអាងថាជាង ១០ថ្ងៃទៀតនឹងកាយយកថ្មចេញពីទន្លេឱ្យអស់

0

កំពង់ចាម: ដោយអនុវត្តតាមវិធានការរបស់រដ្ឋបាលខេត្តកំពង់ចាម ម្ចាស់ទីតាំងដី ១កន្លែង ស្ថិតក្នុងភូមិព្រៃទទឹង ឃុំឫស្សីស្រុក ស្រុកស្រីសន្ធរ បានធ្វើការកាយយកថ្មចេញពីទន្លេវិញ បានប្រមាណជា១០%ហេីយ ត្រឹមរយៈពេល ២ថ្ងៃកន្លងមកនេះ ខណៈម្ចាស់ដីនេះបានទទួលស្គាល់កំហុសក្នុងការចាក់ថ្មបង្ហាប់ការពារច្រាំងទន្លេដោយពុំមានច្បាប់អនុញ្ញាត ហេីយបានអះអាងថា យ៉ាងយូរជាង ១០ថ្ងៃទៀត ក្រុមការងារនឹងកាយយកថ្មចេញពីទន្លេឱ្យអស់ ។

លោក ទន់ ឆៃអ៊ាង ម្ចាស់ទីតាំងដីខាងលើ បានឱ្យដឹងកាលពីព្រឹកថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៤ នេះថា ក្រុមការងាររបស់លោក គឺធ្វើការ ២៤ម៉ោងតែម្ដង ដោយបច្ចុប្បន្នកាយបានប្រមាណជា ១០% ហើយ ដោយប្រើគ្រឿងចក្រ អាអិច ៦គ្រឿង ប្លុងតុង ២ និងរថយន្ត ២គ្រឿង សម្រាប់កាយថ្មចេញពីទន្លេ ឱ្យរួចរាល់ក្នុងរយៈពេលជាង ១០ថ្ងៃទៀត។

ម្ចាស់ដីរូបនោះបានឱ្យដឹងទៀតថា កាលពីឆ្នាំ ២០២១ កន្លងទៅ ច្រាំងទន្លេគឺនៅចំណុចដែលបានចាក់ថ្មនោះ បានបាក់ស្រុតជាបន្តបន្ទាប់ ហេតុដូច្នោះហើយ ទើបលោកបានចាក់ថ្មដើម្បីទប់កុំឱ្យបាក់ច្រាំងបន្តទៀត ។ ហើយអ្វីដែលជាកំហុសនោះ គឺលោកមិនបានសុំច្បាប់អនុញ្ញាតពីអាជ្ញាធរ មុនពេលធ្វើសកម្មភាពនោះ ទើបបណ្តាលឱ្យកើតមាននូវបញ្ហាបែកនេះ ។ ហើយលោកសូមទទួលនូវកំហុសនេះ ព្រមទាំងអនុវត្តទៅតាមវិធានការ របស់រដ្ឋបាលខេត្តកំពង់ចាម យល់ព្រមបញ្ឈប់សកម្មភាពចាក់ថ្មចូលផ្ទៃទន្លេ និងខិតខំធ្វើការកាយយកថ្មដែលបានចាក់រួចហើយនោះចេញវិញឱ្យអស់ មុនពេលកំណត់ ។

គួររំលឹកថា កាលពីថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៤ រដ្ឋបាលខត្តកំពង់ចាម បានចាត់វិធានការជាបន្ទាន់ករណី ចាក់ថ្មចូលផ្ទៃទន្លេមេគង្គ ស្ថិតនៅក្នុងភូមិព្រៃទទឹង ឃុំឫស្សីស្រុក ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ដោយអាជ្ញាធរបានហៅលោក ទន់ ឆៃអ៊ាង ម្ចាស់ទីតាំងដីមកផ្តិតមេដៃ ឱ្យបញ្ឈប់ជាបន្ទាន់ និងកាយថ្មចេញវិញក្នុងរយៈពេល៧០ថ្ងៃ។

ជាមួយគ្នានោះ រដ្ឋបាលខេត្តកំពង់ចាម បានតម្រូវឱ្យភាគីម្ចាស់ដី ដែលកំពុងធ្វើសកម្មភាពចាក់ថ្មចូលទន្លេនេះអនុវត្តដូចខាងក្រោម៖

១. បញ្ឈប់សកម្មភាពចាក់ថ្មចូលផ្ទៃទន្លេដោយគ្មានច្បាប់អនុញ្ញាត ទោះក្នុងហេតុផលណាមួយក៏ដោយ។

២. ត្រូវធ្វើការកាយ និងយកថ្មដែលបានចាក់រួចហើយនោះចេញវិញឲ្យអស់ ក្នុងរយៈពេលយ៉ាងយូរ ៧០ថ្ងៃជាកំណត់ និងមិនត្រូវកាយពង្រាយទម្លាក់ចូលក្នុងទឹកទន្លេឡើយ ដើម្បីបញ្ចៀសផលប៉ះពាល់ទៅ ថ្ងៃក្រោយសម្រាប់ការធ្វើចរាចរណ៍តាមផ្លូវទឹក។

៣. ភាគីម្ចាស់ដីត្រូវរាយការណ៍អំពីវឌ្ឍនភាពនៃការកាយថ្មនេះ មករដ្ឋបាលខេត្តកំពង់ចាម មួយខែម្តង នៅរៀងរាល់ចុងខែនីមួយៗ ហើយក្រុមការងាររបស់រដ្ឋបាលខេត្តកំពង់ចាម នឹងបន្តចុះធ្វើការពិនិត្យ តាមដានការអនុវត្តវិធានការនេះ នៅរៀងរាល់មួយសប្តាហ៍ម្តង ឬតាមពេលវេលាជាក់ស្តែង។

លោក ស្រី សុភ័ក្រ្ត អភិបាលរងខេត្តកំពង់ចាម បានបញ្ជាក់ថា ចំពោះករណីនេះគ្រាន់ជាវិធានការបឋម និងជាបន្ទាន់ប៉ុណ្ណោះ ជាវិធានការបន្ទាប់ គឺរដ្ឋបាលខេត្តកំពុងសិក្សាតាមផ្លូវច្បាប់ ដើម្បីស្នើដាក់បន្ទុកទៅលើជនល្មើសបន្ថែមទៀត ៕