(ប៉ៃលិន)៖ រសៀលថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៤ ឯកឧត្តម អ៊ី ឈាន ទេសរដ្ឋមន្ត្រី ទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តប៉ៃលិន បានអញ្ជើញជាអធិបតី ដ៏ខ្ពង់ខ្ពស់ក្នុងពិធីបុណ្យមាឃបូជា ដែលប្រារព្ធធ្វើនៅវត្តរតនសោភ័ណ ហៅវត្តកោងកាង ស្ថិតក្នុងភូមិវត្ត សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន ដោយការប្រារព្ធពិធីបុណ្យមាឃបូជានេះ ក៍មានការនិមន្ត និងអញ្ជើញចូលរួមពីសំណាក់ ព្រះមេគណ គណៈធម្មយុត្តិខេត្ត មន្ត្រីសង្ឃ ថ្នាក់ដឹកនាំ មន្ត្រីរាជការ ពុទ្ធបរិស័ទ ប្រជាពលរដ្ឋ លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សយ៉ាងច្រើនកុះករ ។
ព្រះគ្រូ ក្តៀង សារ៉ាត់ ចៅអធិការវត្តកោងកាង បានមានសង្ឃដីកាអោយដឹងថា៖ បុណ្យមាឃបូជា ជាបុណ្យដ៏សំខាន់មួយ របស់ព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ ហើយជារៀងរាល់ឆ្នាំ នៅថ្ងៃទី១៥កើត ខែមាឃ ក្នុងគោលបំណង រំលឹកដល់ថៃ្ងដែលព្រះសម្មាសម្ពុទ្ធ ទ្រង់ប្រកាសបង្កើតព្រះពុទ្ធសាសនាឡើងក្នុងលោកនៅប្រទេសឥណ្ឌា កាលពី៥៨៨ឆ្នាំមុនគ្រិស្តសករាជ នាថៃ្ងទី១៥កើត ខែមាឃ ក្រោយពីការត្រាស់ដឹងរបស់ព្រះអង្គចំនួន ៩ខែគត់ និងជាការរំលឹកដល់កាលដាក់អាយុសង្ខារ នៃការចូលព្រះបរិនិព្វានរបស់ព្រះសម្មាសម្ពុទ្ធព្រះបរមគ្រូផងដែរ។
ឯកឧត្តម អ៊ី ឈាន ទេសរដ្ឋមន្ត្រី ទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តប៉ៃលិន បានមានប្រសាសន៍លើកឡើងថា៖ មាឃបូជា គឺជាពិធីបុណ្យមួយដ៏មានសារៈសំខាន់បំផុតនៅក្នុងព្រះពុទ្ធសាសនាដែលជាសាសនារបស់រដ្ឋ ហើយព្រះពុទ្ធសាសនា មិនត្រឹមតែបានធ្វើឱ្យបងប្អូនប្រជាពលរដ្ឋយើងបានរួមរស់ជាមួយគ្នាដោយសុខសាន្ត ខាង ផ្លូវស្មារតីប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានរួមចំណែកយ៉ាងសំខាន់នៅក្នុងការពង្រឹងសណ្ដាប់ធ្នាប់ សុខសន្តិភាព ស្ថិរភាពសង្គម ការអភិវឌ្ឍលើគ្រប់វិស័យ និងថែរក្សាការពារ អត្តសញ្ញាណជាតិទៀតផង។
ឯកឧត្តមទេសរដ្ឋមន្ត្រី បានប្រសាសន៍បញ្ជាក់ថា៖ ការអភិវឌ្ឍទាំងផ្នែកពុទ្ធចក្រ និង អាពាចក្រ មានដូចជា សាលារៀន ផ្លូវថ្នល់ មន្ទីរពេទ្យ វត្តអារាម សិទ្ធិសេរីភាព ជាដើម ទាំងនេះក្រោមការដឹកនាំដ៏ឈ្លាសវៃប្រកបដោយ គតិបណ្ឌិត របស់សម្តេចតេជោ ហ៊ុន សែន ជាអតីតនាយករដ្ឋមន្រ្តី និងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ទើបមានការអភិវឌ្ឍដូចសព្វថ្ងៃ ដែលធ្វើឱ្យប្រជាពុទ្ធបរិស័ទខ្មែរទូទៅ អាចប្រារព្ធពិធីបុណ្យតាមសាសនានានា ពិសេសពិធីបុណ្យមាឃបូជាដ៏អធិកអធមនេះ ដែលវាខុសពីសម័យសង្គ្រាម គ្មានអ្វីសោះ សូម្បីតែផ្លូវដើរ ហើយនៅតាមវត្តអារាម ត្រូវបានត្រឹមសំងំក្នុងវត្ត គេចពីការទម្លាក់គ្រាប់បែក និងការកាប់សម្លាប់ បំផ្លិចបំផ្លាញខ្ទេចខ្ទាំ គ្មានសល់ ជាពិសេសសម័យ ប៉ុល ពត កុំថាឡើយធ្វើបុណ្យពិធីសាសនា សូម្បីអាហារខ្លួនឯង ក៏គ្មានសិទ្ធិហូបដែរ ។
នៅក្នុងឱកាសនោះផងដែរ ឯកឧត្តម អ៊ី ឈាន ក៍បានមានប្រសាសន៍អំពាវនាវដល់ ព្រះសង្ឃ មន្ត្រីរាជការ និងប្រជាពលរដ្ឋទាំងអស់ ត្រូវរួមគ្នាថែរក្សាសុខសន្តិភាព ដើម្បីបន្តឱ្យសង្គមជាតិមានការរីកចម្រើន និងមានឱកាសពេញលេញប្រារព្ធធ្វើបុណ្យមាឃបូជា និងពិធីបុណ្យជាតិធំៗ ផ្សេងៗទៀត ហើយបើគ្មានសុខសន្តិភាពនោះទេ គឺច្បាស់ណាស់ ថា យើងទាំងអស់គ្នាមិនមានឱកាស អាចប្រារព្ធពិធីបុណ្យដ៏ធំសម្បើមទូទាំងប្រទេសបែបនេះបានទេ៕
ភ្នំខៀវ ប៉ៃលិន