ខេត្តប៉ៃលិន ប្រារព្ធពិធីអបអរសាទរ សាលាអនុវិទ្យាល័យភ្នំយ៉ាត ទទួលបានជ័យលាភីអង្គភាពផ្តល់សេវាសាធារណៈគំរូ ចំណាត់ថ្នាក់លេខ១ ទូទាំងប្រទេស

0

(ប៉ៃលិន)៖ ព្រឹកថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៤ ខេត្តប៉ៃលិន ប្រារព្ធពិធីអបអរសាទរ សាលាអនុវិទ្យាល័យភ្នំយ៉ាត បានទទួលជ័យលាភីចំណាត់ថ្នាក់លេខ១ សម្រាប់អង្គភាពផ្តល់សេវាសាធារណៈគំរូក្នុងវិស័យអប់រំប្រចាំឆ្នាំ២០២៣ ទូទាំងព្រះរាជាណាចក្រកម្ពុជា ស្ថិតក្រោមអធិបតីភាព ឯកឧត្តមទេសរដ្ឋមន្ត្រី អ៊ី ឈាន ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តប៉ៃលិន និងលោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន និងជាប្រធានគណៈកម្មការវាយតម្លៃ អង្គភាពផ្តល់សេវាសាធារណៈគំរូខេត្ត ។

លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានមានប្រសាសន៍លើកឡើងថា៖ ការវាយតម្លៃ និងការទទួលស្គាល់អង្គភាពផ្តល់សេវាសាធារណៈគំរូ ក្នុងវិស័យអប់រំ និងវិស័យសុខាភិបាល គឺក្នុងគោលបំណងបំផុសចលនាលើកកម្ពស់គុណភាព និងប្រសិទ្ធភាពនៃការផ្តល់សេវាសាធារណៈ តាមរយៈផ្តល់ការលើកទឹកចិត្ត ដែលទទួលស្គាល់ពីរាជរដ្ឋាភិបាល និងផ្តល់រង្វាន់លើកទឹកចិត្តជាថវិកា ហើយការកសាង និងពង្រីកភាពជាគំរូនេះ ចាប់ផ្តើមពីវិស័យអាទិភាពគន្លឹះចំនួនពីរ គឺអប់រំ និងសុខាភិបាល ដែលត្រូវបានដាក់ឱ្យអនុវត្តនាឆ្នាំ២០១៨ ដោយសម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី ហើយត្រូវបានបន្តផ្តល់ការយកចិត្តទុកដាក់ និងជំរុញបន្ថែមកាន់តែខ្លាំងដោយសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បច្ចុប្បន្ននេះ។

លោកជំទាវបណ្ឌិត អភិបាលខេត្តប៉ៃលិន បានមានប្រសាសន៍បញ្ជាក់ថា៖ រាជរដ្ឋាភិបាល ក្នុងនីតិកាលទី៧ បានកំណត់ស្នូលនៃយុទ្ធសាស្ត្របញ្ចកោណផ្តោតលើការកែលម្អអភិបាលកិច្ច និងការធ្វើទំនើបកម្មស្ថាប័នរដ្ឋ ឱ្យក្លាយជារដ្ឋបាលសាធារណៈទំនើប តាមរយៈការដាក់ចេញនូវកិច្ចការអាទិភាពមួយចំនួន រួមមាន ការពង្រឹង និងការកែទម្រង់ស្ថាប័នដោយខិតខំកសាងរដ្ឋបាលសាធារណៈ ឱ្យមានសមត្ថភាពខ្ពស់ ខ្លាំង វៃឆ្លាត និងស្អាតស្អំ ដើម្បីបម្រើផលប្រយោជន៍ប្រជាជន និងការលើកកម្ពស់សមត្ថភាពធនធានមនុស្ស និងការពង្រឹងប្រសិទ្ធភាពនៃការអនុវត្តការងារ ដោយការកសាងធនធានមនុស្សប្រកបដោយសមត្ថភាព ជំនាញ ឆន្ទៈម្ចាស់ការ និងក្រមសីលធម៌វិជ្ជាជីវៈ ស្របតាមតួនាទី និងការទទួលខុសត្រូវ ៕

នៅក្នុងឱកាសនោះផងដែរ លោកជំទាវបណ្ឌិត បាន ស្រីមុំ ក៍បានមានប្រសាសន៍កោតសសើរ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ដល់ថ្នាក់ដឹកនាំមន្ទីរអប់រំ យុវជន និងកីឡាខេត្ត និងលោកគ្រូ អ្នកគ្រូ នៅសាលាអនុវិទ្យាល័យភ្នំយ៉ាតទាំងអស់ ដែលបានខិតខំយកកិត្តិយសដ៏ឧត្តុងឧត្តមជូនខេត្ត និងលើកកំពស់កិត្យានុពលវិស័យអប់រំ យុវជន និងកីឡាក្នុងខេត្ត ដូច្នេះយើងត្រូវរួមគ្នាប្រឹងប្រែងទាមទារឲ្យវិស័យផ្សេងៗទៀត បង្កើនការយកចិត្តទុកដាក់បន្តទៅមុខទៀត ពីព្រោះថា ការប្រលងប្រណាំងនេះ គឺដើម្បីបង្កើននូវប្រសិទ្ធភាព និងគុណភាព នៃការផ្ដល់សេវាសាធារណៈជូនប្រជាពលរដ្ឋ។

សូមបញ្ជាក់ថា៖ សាលាអនុវិទ្យាល័យភ្នំយ៉ាត មានទីតាំងស្ថិតនៅភូមិវត្ត សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន គឺជាជ័យលាភីអង្គភាពផ្តល់សេវាសាធារណៈគំរូ ចំណាត់ថ្នាក់លេខ១ ក្នុងចំណោមជ័យលាភីអង្គភាពផ្តល់សេវាសាធារណៈគំរូក្នុងវិស័យអប់រំ កម្រិតសាលាអនុវិទ្យាល័យ ចំនួន១០ សម្រាប់ឆ្នាំ២០២៣ ហើយក្រៅពីជ័យលាភីអង្គភាពផ្តល់សេវាសាធារណៈ គំរូ ក្នុងវិស័យអប់រំ កម្រិតសាលា អនុវិទ្យាល័យ ក៏មានការប្រកាសជ័យលាភីអង្គភាពផ្តល់សេវាសាធារណៈគំរូ ក្នុងវិស័យអប់រំ កម្រិតសាលាបឋមសិក្សា ព្រមទាំងវិស័យសុខាភិបាល កម្រិតមណ្ឌលសុខភាព ផងដែរ៕

ភ្នំខៀវ ប៉ៃលិន