លោក ណឹម ចាន់ថា បានផ្សព្វផ្សាយខ្លឹមសារសំខាន់ៗបីចំណុចដល់ម្ចាស់ស្ថានីយប្រេងឥន្ធនៈ ក្នុងខេត្តកំពង់ធំ

0

កំពង់ធំ÷ នៅថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៤
នៅមន្ទីររ៉ែ និងថាមពលខេត្តកំពង់ធំ  បានបេីកកិច្ចប្រជុំផ្សព្វផ្សាយស្តីពីនីតិវិធីនៃការដាក់ពាក្យស្នេីសុំវិញ្ញាបនបត្របញ្ជាក់បច្ចេកទេសសុវត្ថិភាពស្ថានីយ និងលិខិតអនុញ្ញាតិពាណិជ្ជកម្មស្ថានីយប្រេង និងឧស្ម័នឥន្ធនៈដល់ម្ចាស់ស្ថានីយប្រេង ក្រោមអធិបតីភាពលោក ណឹម ចាន់ថា ប្រធានមន្ទីររ៉ែ និងថាមពលខេត្តកំពង់ធំ ព្រមទាំងមានការចូលរួមរបស់លោកអនុប្រធានមន្ទីរ មន្ត្រីជំនាញផងដែរ។

ថ្លែងនៅក្នុងកម្មវិធីនេះលោក ណឹម ចាន់ថា បានលើកឡើងពីខ្លឹមសារសំខាន់ៗដល់លោក លោកស្រីម្ចាស់ស្ថានីយប្រេងឥន្ធនៈថា៖ ១-ស្ថានីយប្រេងឥន្ធនៈដែលបានទទួលវិញ្ញាបនបត្របញ្ជាក់បច្ចេកទេសសុវត្ថិភាពស្ថានីយពីក្រសួងរ៉ែ និងថាមពល ត្រូវដាក់ពាក្យស្នេីសុំលិខិតអនុញ្ញាតពាណិជ្ជកម្មស្ថានីយប្រេងនៅអង្គភាពច្រកចេញចូលតែមួយរដ្ឋបាលខេត្ត។ ២-ស្ថានីយប្រេងឥន្ធនៈ ដែលធ្លាប់បានទទួលលិខិតអនុញ្ញាតដំណេីរការស្ថានីយពីក្រសួងរ៉ែ និងថាមពល អស់សុពលភាព តម្រូវឱ្យដាក់ពាក្យស្នេីសុំវិញ្ញាបនបត្របញ្ជាក់បច្ចេកទេសុវត្ថិភាពស្ថានីយពីក្រសួងរ៉ែ និងថាមពល បន្ទាប់ពីទទួលបានវិញ្ញាបនបត្របញ្ជាក់បច្ចេកទេសសុវត្ថិភាពស្ថានីយហេីយ ត្រូវដាក់ពាក្យស្នើសុំលិខិតអនុញ្ញាតពាណិជ្ជកម្មស្ថានីយប្រេងឥន្ធនៈពីរដ្ឋបាលខេត្ត។ ៣-ស្ថានីយប្រេងឥន្ធនៈ ដែលធ្លាប់ទទួលបានវិញ្ញាបនបត្របញ្ជាក់បច្ចេកទេសសុវត្ថិភាពស្ថានីយពីក្រសួងរ៉ែ និងថាមពលអស់សុពលភាព តម្រូវឱ្យដាក់ពាក្យស្នេីសុំវិញ្ញាបនបត្របញ្ជាក់បច្ចេកទេសសុវត្ថិភាពស្ថានីយថ្មី ពីក្រសួងរ៉ែ និងថាមពល បន្ទាប់ពីទទួលបានវិញ្ញាបនបត្របញ្ជាក់បច្ចេកទេសសុវត្ថិភាពស្ថានីយហេីយ ត្រូវដាក់ពាក្យស្នើសុំលិខិតអនុញ្ញាតពាណិជ្ជកម្មស្ថានីយប្រេងឥន្ធនៈពីរដ្ឋបាលខេត្ត។

ជាចុងក្រោយលោក ណឹម ចាន់ថា ប្រធានមន្ទីររ៉ែ និងថាមពលខេត្ត បានលើកទឹកចិត្តដល់ម្ចាស់ស្ថានីយ៍ប្រេងឥន្ធនៈទាំងអស់ ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ចំពោះអគ្គីភ័យផ្សេងៗ ការពារកុំឱ្យមានបញ្ហាកើតឡើងនៅតាមស្ថានីយ៍របស់ខ្លួន។ សូមឱ្យអនុវត្តនៅច្បាប់ និងគោលការណ៍របស់ក្រសួងដែលបានដាក់ចេញឲ្យមានដំណើរការ ប្រកបដោយភាពត្រឹមត្រូវនិងយុត្តិធម៌នៅតាមស្ថានីយ៍រៀងៗខ្លួ៕ អត្ថបទលោក ធូ កែវមុន្នី