កំពង់ធំ÷ ឯកឧត្តមបណ្ឌិត ទូច វិសាលសុខ រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា អមដំណើរដោយឯកឧត្តម អ៊ុន បុត្ត អភិបាលរងខេត្តកំពង់ធំ លោក តាន់ ប៊ុនហុង ប្រធានមន្ទីរអប់រំ យុវជន កីឡាខេត្ត លោក លោកស្រីតំណាងដៃគូអភិវឌ្ឍន និងមន្ត្រី
រាជការជាច្រើននាក់ បានអញ្ជើញចូលរួមក្នុងពិធីបើកសន្និបាទបូកសរុបវាយតម្លៃការងារអប់រំ យុវជន និង កីឡាឆ្នាំសិក្សា២០២២-២០២៣ និងលើកទិសដៅការងារឆ្នាំសិក្សា២០២៣-២០២៤ ដែលប្រព្រឹត្តទៅនៅព្រឹកថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៤ នៅសាលប្រជុំសាលាគរុកោសល្យខេត្តកំពង់ធំ។
ជាមួយគ្នានេះផងដែរលោក តាន់ ប៊ុនហុង ប្រធានមន្ទីរអប់រំ យុវជន កីឡាខេត្ត បានឡើងធ្វើរបាយការណ៍សង្ខេបសម្រាប់÷ មត្តេយ្យសិក្សារដ្ឋមានចំនួន២១៧កន្លែង(មត្តេយ្យដាច់ដោយឡែក១៤) មានសិស្សសរុប ចំនួន១១.២២៣នាក់ ស្រី៥.៧១៤នាក់។ មត្តេយ្យសិក្សាសហគមន៍២១៩កន្លែង មានសិស្សសរុបចំនួន៥.៥៤៦នាក់ ស្រី២.៩០៦នាក់។ បឋមសិក្សាមានចំនួន៤៩៨សាលា ចែកចេញជា៧៨កម្រង មាន៣.៤៣២ថ្នាក់ ដែលមានសិស្សសរុបចំនួន១០៥.៩៦៤នាក់ ស្រី៥១.៩១៩នាក់។ អនុវិទ្យាល័យ មានចំនួន៦៧សាលា មាន៦៦៤ថ្នាក់ ដែលមានសិស្សសរុបចំនួន៣០.៣១៧នាក់ ស្រី១៦.៣២៩នាក់។
វិទ្យាល័យមានចំនួន២៥សាលា មាន៣៨១ថ្នាក់ដែលមានសិស្សសរុបចំនួន១៧.៥៣៥នាក់ ស្រីមានចំនួន១០.០៧៩នាក់។ បុគ្គលិកអប់រំគ្រប់កម្រិតសរុបចំនួន៥.៣៩២នាក់ ស្រី២.៧៨៥នាក់។
ថ្លែងនៅក្នុងកម្មវិធីនេះឯកឧត្តមបណ្ឌិត ទូច វិសាលសុខ បានមានប្រសាសន៍ថា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក៏បានដាក់ចេញឱ្យអនុវត្តផងដែរ នូវវិធានការគន្លឹះចំនួន៤ក្នុងគោលដៅពង្រឹងគុណភាពគ្រឹះស្ថានសិក្សារដ្ឋ ចាប់ពីមត្តេយ្យសិក្សា ដល់មធ្យមសិក្សា វិធានការគន្លឹះទាំង៤នោះរួមមាន÷ ១.ការពង្រឹងអភិបាលកិច្ចសាលារៀន។ ២.ការពិនិត្យ កែសម្រួលរៀបចំកម្មវិធីសិក្សា និងសកម្មភាពក្រៅម៉ោងសិក្សាឱ្យស្របទៅតាមតម្រូវការ ក្នុងការពង្រឹងចំណេះដឹង វិន័យ សីលធម៌ និងឥរិយាបថរបស់សិស្ស។
៣.ការយកចិត្តទុកដាក់លើសុខភាពរបស់សិស្សតាមរយៈកម្មវិធីអាហារូបត្ថម្ភដល់កុមារ និងការត្រួតពិនិត្យគុណភាពចំណីអាហារ នៅតាមសាលារៀន។ ៤.ភាពជាដៃគូរដ្ឋ និងសហគមន៍ ដើម្បីលើកកម្ពស់ការអប់រំ តាមរយៈការយកចិត្តទុកដាក់ជំរុញ និងលើកទឹកចិត្តដល់ការចូលរួម របស់មាតាបិតា អាណាព្យាបាល សហគមន៍។
ជាចុងក្រោយឯកឧត្តមបណ្ឌិត ទូច វិសាលសុខ រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា បានលើកទឹកចិត្តដល់អ្នកចូលរួមទាំងអស់ ត្រូវខិតខំកែលម្អបរិស្ថានសាលារៀន ឱ្យក្លាយទៅជាសាលាបៃតង ជាទីមេត្រី សម្រាប់សិស្សានុសិស្ស ដូចពាក្យស្លោកមួយឃ្លាបានពោលថា(សាលារៀនស្អាត ភូមិ/ឃុំគ្មានសំរាម)។ ត្រូវយកចិត្តទុកដាក់លើ ការងារយុវជនទាំងក្នុង និងក្រៅសាលារៀន ដោយផ្តល់ ឱកាសឱ្យយុវជនបានចូលរួម គ្រប់សកម្មភាពសង្គម ពិសេសលើកកម្ពស់ក្រុម ប្រឹក្សាកុមារកម្ពុជា និងក្រុមប្រឹក្សាយុវជនកម្ពុជា នៅតាមសាលារៀនឱ្យមាន សកម្មភាព និងដំណើរការល្អ។ យកចិត្តទុកដាក់ អំពីសុខភាពអនាម័យ របស់សិស្ស ដោយត្រួតពិនិត្យ ជាប្រចាំលើការលក់ដូរចំណីអាហារ នៅតាមសាលារៀន ឱ្យគោរពតាមគោលការណ៍ណែនាំ របស់ក្រសួងសុខាភិបាលក៏ដូចជាក្រសួងអប់រំ យុវជន និងកីឡា។
គួរបញ្ជាក់ផងដែរថា ក្រោយពីគណៈអធិបតីជួបសំណេះសំណាលជាមួយអង្គសន្និបាតរួចមក បានអញ្ជើញមកទស្សនកិច្ចការដាក់តាំងពិព័រណ៍ដែលជាស្នាដៃរតាមសាលារៀន និងសិស្សានុសិស្ស ព្រមទាំងអង្គការដៃគូអភិវឌ្ឍផងដែរ៕អត្ថបទលោក ធូ កែវមុនី-ពិនិត្យនិងកែសម្រួលដោយអ៊ុមញឹប






































