កំពង់ធំ÷ នៅព្រឹកថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ ២០២៤លោក សាយ គឹមឡម អភិបាលស្រុកស្ទោង និងសហការីបានអញ្ជើញចុះពិនិត្យមើលវឌ្ឍនភាពនៃការសាងសង់ផ្លូវ ប្រព័ន្ធរំដោះទឹក និងសោភ័ណភាពនៅក្នុងផ្សារសេរីស្ទោង ស្ថិតនៅក្នុងភូមិកំពង់ក្តី ឃុំកំពង់ចិនត្បូង ស្រុកស្ទោង ខេត្តកំពង់ធំ។
ថ្លែងទៅកាន់បងប្អូនអាជីវករ នៅក្នុងពេលនោះលោក សាយ គឹមឡម បានអំពាវនាវដល់ពុកម៉ែបងប្អូនអាជីវករ សូមជួយសហការជាមួយអាជ្ញាធរ នឹងអ្នកម៉ៅការសាងសង់ ដើម្បីអភិវឌ្ឍន៍និងសាងសង់នូវហេដ្ឋារចនាសម្ព័ន្ធផ្សេងៗនៅក្នុងផ្សារដូចជា ផ្លូវក្នុងផ្សារ ប្រព័ន្ធបង្ហូរទឹក ដែលបានកកស្ទះឲ្យកាន់តែប្រសើរឡើងវិញមានសោភ័ណភាពក៏ដូចជាបរិស្ថានល្អស្រស់បំព្រងឡើងវិញថែមទៀត។
ជាមួយគ្នានេះលោកអភិបាលស្រុកស្ទោង ក៏បានណែនាំដល់រដ្ឋបាលនិងអាជ្ញាធរឃុំកំពង់ចិនត្បូង ត្រូវធ្វើការណែនាំ ជូនដំណឹងជាបន្ទាន់ដល់បងប្អូន អាជីវករពាក់ព័ន្ធ ត្រូវធ្វើការសហការ និងរុសរើសំណង់អនាធិបតេយ្យ ដើម្បីក្រុមហ៊ុនសាងសង់មានលទ្ធភាពគ្រប់គ្រាន់ជាក់ស្ដែងក្នុងការកសាងនូវផ្លូវឲ្យបានធំទូលាយជាងមុន និងប្រព័ន្ធបង្ហូរទឹកឲ្យបានត្រឹមត្រូវតាមបច្ចេកទេសទាន់ពេលវេលា។
ទន្ទឹមនឹងនេះលោក សាយ គឹមឡម អភិបាលស្រុកស្ទោង ក៏បានណែនាំដល់ក្រុមហ៊ុន កូយ គឹមសាយ ដែលជាអ្នកម៉ៅការសាងសង់ ត្រូវត្រូវធ្វើការសាងសង់នូវប្រព័ន្ធបង្ហូរទឹក និងផ្លូវក្នុងផ្សារឲ្យបានត្រឹមត្រូវតាមបទដ្ឋានបច្ចេកទេសគុណភាពសំណង់មានសោភ័ណភាព មានលូ ទឹកល្អ ហើយគ្មានការកកស្ទះ។
គួរបញ្ជាក់ផងដែរថា ការអភិវឌ្ឍន៍ផ្សារសេរីស្ទោងនៅពេលនេះគឺកំពុងស្ថិតនៅដំណាក់កាលចាក់ដីសបំពេញបន្ថែម ដើម្បីឲ្យទីផ្សារមានលក្ខណៈទូលំទូលាយ។ អត្ថបទលោក ឆុន ឆេងក្រឹម






































