អភិបាលខេត្តកំពង់ចាម៖ បេីមន្ត្រីមានសមត្ថភាពបម្រើពលរដ្ឋបានល្អ ជាឱកាសពិសេសសម្រាប់ការប្រែក្លាយកម្ពុជា

0

កំពង់ចាម: ក្នុងឱកាសបើកវគ្គបណ្តុះបណ្តាលស្តីពីប្រព័ន្ធគ្រប់គ្រងមន្ត្រីរាជការលើកទី១ ឆ្នាំ២០២៤ នាព្រឹកថ្ងៃទី២៧ ខែកុម្ភៈនេះ អភិបាលនៃគណៈអភិបាលខេត្តំពង់ចាម ឯកឧត្តម អ៊ុន ចាន់ដា បានថ្លែងថា បើមន្ត្រីនៅថ្នាក់មូលដ្ឋានមានសមត្ថភាពបំពេញការងារបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋបានល្អប្រសើរ ជាឱកាសពិសេសសម្រាប់ការប្រែក្លាយកម្ពុជា ដែលជាប្រទេសមានចំណូលមធ្យមកម្រិតទាប ក្នុងរយៈពេលខ្លី ជាមួយនឹងកំណើនសេដ្ឋកិច្ចខ្ពស់ និងការកាត់បន្ថយភាពក្រីក្រយ៉ាងឆាប់រហ័ស ព្រមទាំងការធ្វើសមាហរណកម្ម ដោយជោគជ័យទៅក្នុងតំបន់ និងសកលលោកផងដែរ។

ថ្លែងក្នុងឱកាសនោះដែរ ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលខេត្ត មានប្រសាសន៍ថា នេះជាវគ្គបណ្តុះបណ្តាល ប្រព័ន្ធគ្រប់គ្រងមន្ត្រីរាជការលើកទី១ សម្រាប់មន្ត្រីរដ្ឋបាលក្រុង ស្រុក ដែលមានមុខតំណែងជា អនុប្រធានការិយាល័យ អនុប្រធានអង្គភាព ទាំង១៣ ចំណុះក្រុង ស្រុក ក្នុងខេត្តកំពង់ចាម ក្រោមការផ្តួចផ្តើមឡើងដោយគណៈអភិបាលខេត្តក្នុងគោលបំណងពង្រឹង និងអភិវឌ្ឍន៍សមត្ថភាពមន្ត្រី រាជការក្រុង ស្រុក នៃរដ្ឋបាលខេត្តកំពង់ចាម។

ឯកឧត្ដមអភិបាលខេត្ត បានបន្តថា នេះជាការចូលរួមចំណែក លើកកម្ពស់អភិវឌ្ឍន៍សមត្ថភាពមន្ត្រីរាជការស៊ីវិលនៅរដ្ឋបាលថ្នាក់ក្រោមជាតិ ឱ្យមានសមត្ថភាព វិជ្ជាជីវៈក្នុងការបំពេញការងារ និងការបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋ រួមចំណែកអភិវឌ្ឍន៍ សង្គមសេដ្ឋកិច្ចកម្ពុជា ដើម្បីជាក្របខ័ណ្ឌរួមក្នុងការកសាងស្ថាប័នរដ្ឋមួយរឹងមាំ និងឯករាជ្យ ដែលមានប្រព័ន្ធអភិបាលកិច្ចត្រូវបានធ្វើទំនើបកម្មជាប្រចាំ គ្រប់ជ្រុងជ្រោយ មានភាពធន់ និងមានប្រសិទ្ធភាព សម្រាប់ការអភិវឌ្ឍសង្គមសេដ្ឋកិច្ច ក្នុងល្បឿនខ្ពស់ ដែលត្រូវបានទទួលស្គាល់ទាំង ក្នុងតំបន់ និងសកលលោក។

ជាមួយគ្នានោះ ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម ក៏បានសង្កត់ធ្ងន់ថា ជោគជ័យដ៏ធំធេង និងត្រចះត្រចង់ខាងលើ បានមកពីកិច្ចខិតខំប្រឹងប្រែងយ៉ាងប្តូរផ្តាច់របស់រាជរដ្ឋាភិបាល ដែលប្រកាន់ខ្ជាប់នូវការតម្កល់ ប្រយោជន៍ជាតិ និងប្រជាជនជាធំ ព្រមទាំងការអនុវត្តការកែទម្រង់ជាប្រចាំដោយមានការគាំទ្រពី គ្រប់ដៃគូអភិវឌ្ឍន៍ និងតួអង្គពាក់ព័ន្ធ ក៏ដូចជាការចូលរួមយ៉ាងសកម្មពីសំណាក់ប្រជាជនគ្រប់ស្រទាប់ជាន់ថ្នាក់ផងដែរ ៕