ខេត្តកែប៖ ទិន្នផលអំបិលនៅខេត្តកែបឆ្នាំនេះពិតជាមានការកើនឡើងខ្ពស់ជាងឆ្នាំមុន ដោយគិតត្រឹមរយៈពេលជិត២ខែ ដើមឆ្នាំ២០២៤ អំបិលក្នុងឃ្លាំងប្រមូលបានជិត៤ពាន់តោន ដែលទិន្នផលនេះ មានកំណើនគុណនឹង១០០ដង បើធៀបជាមួយរយៈពេលដូចគ្នា ក្នុងឆ្នាំ២០២៣កន្លងទៅ។ នេះបើតាមការបញ្ជាក់ពីសំណាក់ឯកឧត្តម សោម ពិសិដ្ឋ អភិបាលខេត្តកែប ក្នុងពេលដែលោកចុះពិនិត្យដំណើរការផលិតអំបិលនៅក្នុងកែប នារសៀលថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៤ម្សិលមិញ។
ជាមួយនឹងទិន្នផលកំពុងកាក់កបដូចនេះ ឯកឧត្តមអភិបាលខេត្ត បានណែនាំបន្ថែមដល់ អាជ្ញាធរ មន្ទីរជំនាញពាក់ព័ន្ធក្នុងខេត្ត ត្រូវបន្តអនុវត្តគោលនយោបាយលើកទឹកចិត្ត និងជំរុញផលិតកម្មអំបិលអោយបានខ្លាំងជាងមុនបន្ថែមទៀត និងលើកទឹកចិត្តដល់ម្ចាស់ស្រែអំបិលអោយបន្តផលិតអំបិលអោយបានរៀងរាល់ឆ្នាំ ព្រោះនេះជាកេរដំណែលពីដូនតាបន្សល់ទុក ហើយផលិតផលអំបិលនេះ ជាទំនិញដែលរាជរដ្ឋាភិបាលចាត់ទុកជាទំនិញយុទ្ធសាស្រ្តផងដែរ។
តាមតួរលេខដែល មន្ទីរឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៏ ខេត្តកែប បានបញ្ជាក់ថា បច្ចប្បន្ន ខេត្តកែប មានទីតាំងផលិតអំបិលចំនួន០៧ទីតាំង លើផ្ទៃដីផលិតជាក់ស្តែងសរុប ៣៣១ហិកតា (ផ្ទៃដីសរុបចំនួន៤៩៧ ហិកតា) ក្នុងនោះឃ្លាំងស្តុកអំបិលមានចំនួន ៤៤ឃ្លាំង ដែលបានផ្ដល់ការងារចំនួន១៩៣នាក់៕ សេង ណារិទ្ធ