ឯកឧត្តម គួច ចំរើន ដឹកនាំមន្ត្រីរាជការសាលាខេត្ត និងមន្ទីរអង្គភាពធ្វើតេស្តរកសារធាតុញៀន

0

ខេត្តព្រះសីហនុ៖ តាមបទបញ្ជាលេខ ០១បប របស់រាជរដ្ឋាភិបាលចុះថ្ងៃទី២០ ខែកុម្ភះ ឆ្នាំ២០២៤ ស្តីពីការ ដាក់ចេញនូវវិធានាការយ៉ាងម៉ឺងម៉ាត់ ក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់លើក ទី៩ របស់ រាជរដ្ឋា ភិបាលកម្ពុជា ឯកឧត្តម គួច ចំរើន អភិបាល នៃគណ:អភិបាលខេត្តព្រះសីហនុ បានអញ្ជើញ ដឹកនាំមន្ត្រីរាជការ និងមន្ត្រីជាប់កិច្ចសន្យា ក្នុងនោះមានដូចជា មន្ត្រីសាលាខេត្ត មន្ត្រីមន្ទីរអប់រំយុវជន និងកីឡា ខេត្ត មន្ទីរផែនការ និងមន្ទីរមុខងារសាធារណ ធ្វើតេស្តិរកសារធាតុញៀន។

ការពិនិត្យធ្វើតេស្តិរកសារធាតុញៀននេះ បានចាប់ផ្តើមធ្វើនៅព្រឹកថ្ងៃចន្ទ ២រោច ខែមាឃ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី២៦ ខែកុម្ភះ ឆ្នាំ២០២៤ ដោយមានមន្ទីរចំនួន ៣ និងមន្ត្រីសាលាខេត្តព្រះសីហនុ និងមន្ត្រីជាប់កិច្ចសន្យា។  ហើយការធ្វើតេស្តិរកសារធាតុញៀននេះ ដើម្បីបញ្ជាក់ថា មន្ត្រីរាជការ កងកម្លាំង ប្រដាប់អាវុធខេត្តព្រះ សីហនុ មិនមានការពាក់ព័ន្ធនឹងសារធាតុញៀន។

ឯកឧត្តម អភិបាលខេត្តព្រះសីហនុ បានបញ្ជាក់ថា ដោយអនុវត្តតាមបទបញ្ជាលេខ ០១បប របស់ រាជរដ្ឋាភិបាលកម្ពុជា ចុះថ្ងៃទី២០ ខែកុម្ភះ ឆ្នាំ២០២៤ ស្តីពីដាក់ចេញនូវវិធានការម៉ឺងម៉ាត់ ក្នុងការ ប្រយុទ្ធ ប្រឆាំងគ្រឿងញៀនខុសច្បាប់លើកទី៩ តាមក្រសួង ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ។ រាជរដ្ឋា ភិបាល បានសង្កេតឃើញថាគ្រោះថ្នាក់ដែលបណ្តាលមកពីឧក្រិដ្ឋកម្មគ្រឿងញៀននៅតែបន្តរីករាលដាលគួរឱ្យព្រួយបារម្ភទាំងក្នុងតំបន់ និងលើពិភពលោករួមទាំងកម្ពុជាផងដែរ។ ដូចនីតិកាលមុនៗដែរ សម្រាប់នីតិកាល ទី៧នៃ រដ្ឋ សភា នេះ រាជរដ្ឋាភិបាលបានបន្តចាត់ទុកការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ គឺអាទិភាពដ៏ សំខាន់របស់ ខ្លួន ហើយកាលពីថ្ងៃទី១១ ខែមករា ឆ្នាំ២០២៤កន្លងទៅនេះ រាជរដ្ឋាភិបាលក៏បានប្រកាសដាក់ចេញនូវផែនការ ស្តីពីយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់លើកទី៩ ។ដូចនេះ ដើម្បីចូលរួមចំណែក ធានា ប្រសិទ្ធភាព នៃការអនុវត្តយុទ្ធនាការប្រឆាំងគ្រឿង ញៀនខុសច្បាប់លើកទី៩ ឪ្យមានប្រសិទ្ធិភាព ក៏ដូចជាការលើក កម្ពស់ ជំនឿទុកចិត្ត ប្រសិទ្ធភាពការងារ និងអភិបាលកិច្ចល្អនៅក្នុងស្ថាប័នរដ្ឋទាំងថ្នាក់ជាតិ ទាំងថ្នាក់ក្រោមជាតិ ទាំងក្នុងជួរកងកម្លាំងប្រដាប់អាវុធ និងមន្ត្រីរាជការស៊ីវិល រាជរដ្ឋាភិបាលមានភាពចាំបាច់ក្នុងការដាក់ចេញ នូវវិធានការដ៏ម៉ឹងម៉ាត់តាមរយៈបទបញ្ជាដាច់ខាតដូចខាងក្រោម៖

១- គ្រប់ក្រសួង ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ ត្រូវបង្កើនការត្រួតពិនិត្យជាប្រចាំចំពោះមន្ត្រីរាជការស៊ីវិល មន្ត្រីនគរបាលជាតិ និងយោធិន ព្រមទាំងមន្ត្រីជាប់កិច្ចសន្យា ដែលស្ថិតក្រោមឱវាទរបស់ខ្លួនលើការ ប្រើប្រាស់ គ្រឿងញៀនខុសច្បាប់ ឬមានការពាក់ព័ន្ធនឹងគ្រឿងញៀនខុសច្បាប់។២- គ្រប់ក្រសួង ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ ត្រូវចាត់វិធានការបញ្ចប់មុខតំណែង និងបណ្តេញ ចេញពី ក្របខ័ណ្ឌដោយគ្មានការលើកលែងចំពោះមន្ត្រីរាជការស៊ីវិល មន្ត្រីនគរបាលជាតិ និងយោធិន ព្រមទាំងមន្ត្រី ជាប់កិច្ចសន្យាណាដែលត្រូវបានរកឃើញថា មានការប្រើប្រាស់គ្រឿងញៀនខុសច្បាប់ ឬមានការពាក់ព័ន្ធ នឹងគ្រឿងញៀនខុសច្បាប់។៣.ការអនុវត្តទណ្ឌកម្មខាងវិន័យនេះពុំរារាំងដល់ការអនុវត្តទណ្ឌកម្មព្រហ្មទណ្ណដោយអនុលោមតាមច្បាប់និងបទប្បញ្ញត្តិជាធរមានឡើយ។ គ្រប់ក្រសួង ស្ថាប័ន រដ្ឋបាលរាជ ធានី ខេត្ត ត្រូវអនុវត្តបទបញ្ជានេះ ឱ្យបានម៉ឺងម៉ាត់ បំផុត និងមានប្រសិទ្ធភាពខ្ពស់។

សូមបញ្ជាក់ថា សម្រាប់ខេត្តព្រះសីហនុ ត្រូវអនុវត្តបទបញ្ជាលេខ ០១បប របស់រាជរដ្ឋាភិបាលកម្ពុជា និងការ ដាក់ចេញវិធានការម៉ឺងម៉ាត់ក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ ដោយរៀបចំធ្វើ តេស្តិចំពោះមន្ត្រី រាជការ មន្ត្រីជាប់កិច្ចសន្យានៅតាមមន្ទីរ អង្គភាពពាក់ព័ន្ធ អាជ្ញាធរក្រុង ស្រុក អាជ្ញាធរ ឃុំ សង្កាត់ទាំងអស់នៅ ក្នុងខេត្តព្រះសីហនុ ដើម្បីបញ្ចាក់ថា មន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធនៅខេត្តព្រះសីហនុ មិនមានការពាក់ ព័ន្ធនឹងគ្រឿងញៀននោះទេ៕នាគសមុទ្រ