មន្ទីរអប់រំ យុវជន និងកីឡាខេត្តប៉ៃលិន បើកការប្រកួតកីឡាសិស្សបឋមសិក្សា និងមធ្យមសិក្សាជ្រើសរើសជើងឯងថ្នាក់ខេត្ត ប្រចាំឆ្នាំ២០២៣-២០២៤

0

(ប៉ៃលិន)៖ ថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ ២០២៤ មន្ទីរអប់រំ យុវជន និងកីឡាខេត្តប៉ៃលិន បានបើកការប្រកួតកីឡាសិស្សបឋមសិក្សា និងមធ្យមសិក្សាជ្រើសរើសជើងឯងថ្នាក់ខេត្ត ប្រចាំឆ្នាំ២០២៣-២០២៤ នៅវិទ្យាល័យ ហ៊ុន សែន ក្រុងទេពនិម្មិត្តប៉ៃលិន  ស្ថិតក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់លោក សុខ ពិសី អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន ។

លោក សុខ ពិសី អភិបាលរងខេត្ត បានមានប្រសាសន៍សម្តែងនូវមនោសញ្ចេតនា រំភើបរីករាយបំផុតចំពោះព្រឹត្តិការណ៍ប្រកួតកីឡាកូនៗក្មួយបឋមសិក្សា និងមធ្យមសិក្សាថ្នាក់ខេត្ត យ៉ាងគគ្រឹកគគ្រេង កុះករនៅកីឡដ្ឋានខេត្តយើងនាពេលនេះ ហើយព្រឹត្តិការណ៍នេះ កាន់តែបង្ហាញពីការរីកចម្រើនថែមទៀតនៃវិស័យអប់រំ យុវជន និងកីឡាខេត្ត ជាពិសេសវិស័យកីឡាពីមួយឆ្នាំទៅមួយឆ្នាំឃើញថា៖ កីឡាករ កីឡាការិនី មានភាពកាន់តែស្ទាត់ជំនាញ កម្លាំងកាយកាន់តែមាំមួន ដោយមានការចូលរួមរបស់ក្មួយៗ កីឡាករទាំងអស់កាន់តែច្រើនកុះករ និងច្រើនប្រភេទវិញ្ញាសារថែមទៀត ដែលនេះគឺការខិតខំរួមគ្នា ដែលមិនអាចខ្វះបានពីឆន្ទៈ ការពុះពារ របស់លោកគ្រូអ្នកគ្រូគ្រប់ភូមិសិក្សាទូទាំងខេត្ត និងការចូលរួមគាំទ្រពីមាតាបិតា អ្នកអាណាព្យាបាល អាជ្ញាធរដែនដី និងសហគមន៍ក្នុងការផ្ដល់កំលាំងចិត្ត ស្មារតី និងសម្ភារៈ សម្រាប់វិស័យកីឡានេះ ដើម្បីកសាងធនធានមនុស្សប្រកបដោយកាយសម្បទាមាំមួន សុខភាពល្អ និងប្រាជ្ញាវាងវៃ សម្រាប់សង្គមជាតិយើង។

លោកអភិបាលរងខេត្ត បានមានប្រសាសន៍លើកឡើងថា៖ នាពេលកន្លងមក ក្រោមការដឹកនាំដ៏ប៉ិនប្រសព្វរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី បានលើកកម្ពស់វិស័យកីឡា តាមរយៈការធ្វើជាម្ចាស់ផ្ទះ រៀបចំការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ប្រកបដោយជោគជ័យយ៉ាងត្រចះត្រចង់ សម្រាប់កិត្តិយសជាតិ និងប្រជាជន ដែលនេះបានបង្ហាពីការប្តេជ្ញាចិត្តខ្ពស់ នឹងខិតខំប្រឹងប្រែងកំណែទម្រង់គ្រប់ទិដ្ឋភាពទាំងក្នុងក្របខណ្ឌគោលនយោបាយ និងក្របខណ្ឌបច្ចេកទេស ដោយផ្អែកលើគោលនយោបាយជាតិ ស្តីពីការអភិវឌ្ឍវិស័យអប់រំកាយ និងកីឡា ដោយផ្តោតលើការកសាងហេដ្ឋារចនាសម្ព័ន្ធកីឡាសម្រាប់ការហាត់ហ្វឹកហ្វឺន ការបណ្តុះបណ្តាលធនធានមនុស្ស ទាំងបរិមាណ និងគុណភាព និងការរៀបចំប្រកួតកីឡាគ្រប់ប្រភេទប្រកបដោយស្តង់ដា ។

នៅក្នុងឱកាសនោះផងដែរ លោក សុខ ពិសី ក៍បានមានប្រសាសន៍ផ្តាំផ្ញើ ក្មួយកីឡាករ កីឡាការិនីទាំងអស់ ត្រូវខិតខំប្រឹងប្រែងយកអស់កម្លាំងកាយ កំលាំងចិត្ត និងបច្ចេកទេសក្នុងការប្រកួតប្រជែង ដើម្បីដណ្ដើមបានជ័យលាភីជើងឯកប្រចាំខេត្ត ដែលជាកិត្តិយសបំផុតសម្រាប់ក្មួយៗ ពិសេសសាលារៀនរបស់ក្មួយ និងជំនាន់ក្មួយៗ សម្រាប់ស្នាដៃ កេរ្តិ៍ឈ្មោះពេលនេះ និងបន្សល់ទុកដល់ជំនាន់ក្រោយទៀត ដោយឡែកក្មួយៗកីឡាករកីឡាការីនី ដែលមិនបានទទួលជ័យលាភី ត្រូវខិតខំបន្តពុះពារបន្ថែមទៀតសម្រាប់ព្រឹត្តការណ៍ប្រកួតក្រោយៗបន្តទៀត គឺការតស៊ូ ព្យាយាម នឹងទទួលជោគជ័យ ហើយក្មួយៗទាំងអស់ត្រូវចងចាំជានិច្ចថា យើងមានឱកាសគ្រប់យ៉ាងនាពេលបច្ចុប្បន្ននេះ បានជួបជុំមាតាបិតា បងប្អូនរៀនសូត្រ ហាត់កីឡា ដើរកម្សាន្ត គឺដោយសារប្រទេសជាតិយើងមានសន្តិភាពពេញលេញ ដូច្នេះយើងគ្រប់គ្នាត្រូវចងចាំ និង “ អរគុណសន្តិភាព”  ស្រលាញ់សន្តិភាព និងការពារសន្តិភាព គឺដើម្បីប្រទេសជាតិយើង មានភាពរីកចម្រើន និងសេចក្តីសុខសាន្តរបស់ខ្លួនយើង គ្រួសារយើង សហគមន៍យើង និងជាតិខ្មែរយើងទាំងមូល។

បើតាមរបាយការណ៍របស់លោក តង់ ធារ៉ា ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តប៉ៃលិន បានអោយដឹងថា៖ ការប្រកួតកីឡាសិស្សបឋមសិក្សា និងមធ្យមសិក្សាជ្រើសរើសជើងឯកថ្នាក់ខេត្ត ប្រចាំឆ្នាំ២០២២-២០២៣នេះ មានរយៈពេល ១០ថ្ងៃ គឺចាប់ពីថ្ងៃទី២៤ ខែកុម្ភៈ ដល់ ថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២៤ ដោយសមាសភាពក្រុមកីឡាករ កីឡាការីនីបឋមសិក្សាចូលរួមប្រកួតចំនួន ១៩ សាលា មាន០៤ វិញ្ញាសារួមមាន៖ បាលទាត់ប្រុស ស្រី ចំនួន ០៨ ក្រុម បាល់ទះប្រុស ស្រីចំនួន ១៣ក្រុម បាល់បោះប្រុស ស្រី ចំនួន ០៧ ក្រុម និងអត្តពលកម្មមានចំនួន ២០ក្រុម ដែលមានកីឡាករ កីឡាការិនី សរុបចំនួន ៤៨៤នាក់ ស្រី ២៣០នាក់ និង សមាសភាពក្រុមកីឡាករ កីឡាការិនីមធ្យមសិក្សាចូលរួមប្រកួតចំនួន ០៩សាលា មាន ០៤ វិញ្ញាសារួមមាន៖ បាលទាត់ប្រុសស្រី ចំនួន ១១ក្រុម បាល់ទះប្រុស/ស្រី ចំនួន ០៩ក្រុម បាល់បោះប្រុស/ស្រីចំនួន ០៧ ក្រុម និងអត្តពលកម្មមានចំនួន ១៣ក្រុម ដែលមានកីឡាករកីឡាការិនី សរុបចំនួន ៤៦៨នាក់ ស្រី២១០នាក់ ៕

ភ្នំខៀវ ប៉ៃលិន