កំពង់ធំ÷ ឯកឧត្តម អ៊ុន បុត្ត អភិបាលរងខេត្តកំពង់ធំ លោក តាន់ ប៊ុនហុង ប្រធានមន្ទីរអប់រំ យុវជន កីឡាខេត្ត លោក លោកស្រីតំណាងដៃគូអភិវឌ្ឍ និងមន្ត្រីរាជការជាច្រើននាក់ បានអញ្ជើញចូលរួមក្នុងពិធីបិទសន្និបាទបូកសរុបវាយតម្លៃការងារអប់រំ យុវជន និង កីឡាឆ្នាំ
សិក្សា២០២២-២០២៣ និងលើកទិសដៅការងារឆ្នាំសិក្សា២០២៣-២០២៤ ដែលប្រព្រឹត្តទៅនៅរសៀលថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៤ នៅសាលប្រជុំសាលាគរុកោសល្យខេត្តកំពង់ធំ។
លោក តាន់ ប៊ុនហុង ប្រធានមន្ទីរអប់រំ យុវជន និងកីឡាបានលើកឡើងថា អង្គសន្និបាតបានបន្តដំណើរការពេញអង្គរបស់ខ្លួន ដោយបែងចែកក្រុមពិភាក្សាចំនួន៣ ក្រុមទៅតាមប្រធានបទខាងលើ និងទទួលបានធាតុចូលពីគ្រប់សមាសភាពចូលរួម។ ទន្ទឹមនឹងនេះមន្ទីរអប់រំ យុវជន និងកីឡា បានលើកទិសដៅការងារសម្រាប់អនុវត្តនៅឆ្នាំសិក្សា២០២៣-២០២៤ ឱ្យទទួលបានលទ្ធផលកាន់តែល្អប្រសើរ ស្របតាមវិធានការគន្លឹះ របស់រាជរដ្ឋាភិបាល និងឆ្ពោះទៅស្តង់ដាសាលារៀនគំរូ។ អង្គសន្និបាត បានដាក់ចេញនូវយុទ្ធសាស្ត្រមួយសម្រាប់អនុវត្តគឺ(ចុះជួយគាំទ្រសាលា រៀនទាំងអស់ ក្នុងការអនុវត្តស្តង់ជាសាលារៀនគំរូ ដោយមិនទុកសាលារៀន ណាមួយឱ្យនៅឯកោ)។
ថ្លៃនៅក្នុងកម្មវិធីនេះឯកឧត្តម អ៊ុន បុត្ត បានមានប្រសាសន៍ថា ការអប់រំក្នុងឆ្នាំសិក្សា២០២២-២០២៣ និងការអភិវឌ្ឍសង្គមកម្ពុជា ឱ្យមានសុខដុមរមនា សម្រាប់កូនចៅយើងទាំងអស់គ្នា រស់នៅក្នុងវិបុលភាព និងវឌ្ឍនភាពជារៀងរហូត។ សូមសំណូមពរមួយចំនួន ជូនអង្គសន្និបាតមាន÷ ១-ត្រូវបង្កើនការប្រមូលកុមារពីអាយុ ៣ឆ្នាំ ដល់៥ឆ្នាំ ឱ្យបានចូលរៀន ថ្នាក់មត្តេយ្យសិក្សា ជាអតិបរមា តាមគ្រប់រូបភាពដែលអាចធ្វើទៅបាន។ ២-ត្រូវប្រមូលកុមារដែលបោះបង់ការសិក្សា ទាំងនៅបឋមសិក្សា និងមធ្យម សិក្សាបឋមភូមិ ឱ្យបានចូលរៀនឡើងវិញ ដោយបណ្តុះបណ្តាលពួកគេ ឱ្យមានជំនាញវិជ្ជាជីវៈ និងបំណិនជីវិត ដើម្បីចូលរួមការអភិវឌ្ឍ ប្រទេសជាតិ ឱ្យមានការរីកចម្រើន។ ៣-ខិតខំជំរុញបង្កើនការងារបច្ចេកទេសបង្រៀន រៀន និងការអប់រំវិទ្យា សាស្ត្របច្ចេកវិទ្យាវិស្វកម្ម និងគណិតវិទ្យា នៅគ្រប់ភូមិសិក្សា ដើម្បីធានា គុណភាព ស្របតាមការអប់រំក្នុងតំបន់ និងសកលលោក។
៤-ខិតខំកែលម្អបរិស្ថានសាលារៀន ដើម្បីជាទីមេត្រីដល់កុមារទាំងអស់ បាន ចូលរៀននៅបឋមសិក្សា និងចូលរៀនកាន់តែច្រើនឡើងនៅមធ្យមសិក្សាតាមរយៈការសាងសង់សាលារៀន ភ្ជាប់ជាមួយនឹងបរិក្ខារសិក្សា សំណង់ ទឹកស្អាត បង្គន់អនាម័យ ធានាបាននូវ សុខុមាលភាពយ៉ាងសុខដុមរមនា ដល់ក្មួយៗសិស្សានុសិស្ស។ ៥-ត្រូវពង្រឹង និងលើកកម្ពស់គុណភាពអប់រំ នៅគ្រប់កម្រិតសិក្សា ជាពិសេស ការបង្កើតស្តង់ជាសាលារៀនគំរូ តាមគ្រប់រូបភាព ដែលបានផ្តួចផ្តើម ដោយ រាជរដ្ឋាភិបាល ព្រមទាំងការត្រួតពិនិត្យ លើការផ្តល់សេវាអប់រំ ពីសំណាក់ ផ្នែកឯកជន។ ៦-ការអភិវឌ្ឍសមត្ថភាពគណៈគ្រប់គ្រងសាលារៀន និងគ្រូបង្រៀន ដើម្បី សម្រេចបាននូវគុណភាព និងភាពឆ្លើយតប តាមរយៈការអភិវឌ្ឍ ទាំង មត្តេយ្យសិក្សា បឋមសិក្សា និងមធ្យមសិក្សា។ ៧-ត្រូវបង្កើនអភិបាលកិច្ចល្អ ក្នុងការប្រើប្រាស់ថវិកាកម្មវីធី ឱ្យបានសមស្រប មានតម្លាភាព និងមានប្រសិទ្ធភាព ទោះបី នៅតំបន់ជួបការលំបាកយ៉ាង ណាក៏ដោយ។ ៨-ត្រូវរួមគ្នាទប់ស្កាត់ អត្រាបោះបង់ការសិក្សា របស់សិស្ស ឱ្យមកនៅ កម្រិត ទាបបំផុត។ ៩- ត្រូវបន្តការយកចិត្តទុកដាក់លើសុខភាព របស់សិស្ស តាមរយៈកម្មវិធី អាហារូបត្ថម្ភដល់កុមារ និងការត្រួតពិនិត្យគុណភាពចំណីអាហារ នៅតាមសាលារៀនជាប្រចាំ។
គួរបញ្ជាក់ផងដែរថា ក្រោយពីបិទអង្គសន្និបាតរួចមកគណៈអធិបតីក៏បានប្រគល់ប័ណ្ណសរសើរដល់លោកគ្រូអ្នកគ្រូដែលមានស្នាដៃល្អ ក្នុងការបង្រៀននិងរៀនតាមសាលារៀនផងដែរ។ អត្ថបទលោក ធូ កែវមុន្នី-ពិនិត្យនិងកែសម្រួលដោយអ៊ុមញឹប






































