អាជ្ញាធរស្រុកប្រាសាទបល្ល័ង្ក ដាក់បទបញ្ជាបញ្ឈប់មិនឱ្យបើកដំណើរការអាជីវកម្មល្បែងស៊ីសងគ្រប់ប្រភេទ

0

កំពង់ធំ៖ លោក សេង សារ៉ាត អភិបាលរងស្រុកប្រាសាទបល្ល័ង្ក ដឹកនាំកិច្ចប្រជុំពិភាក្សាការធ្វើអាជីវកម្មឆ្នោតផ្សងសំណាងឡូតូ ស្ថិតក្នុងភូមិសាស្ត្រស្រុកប្រាសាទបល្ល័ង្ក ព្រមទាំងបានដាក់បទបញ្ជាដាក់ណាត់ បញ្ឈប់មិនឲ្យបើកដំណើរការអាជីវកម្មល្បែងស៊ីសង លើទឹកដីស្រុក ចាប់ពីពេលនេះតទៅ នាព្រឹកថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០២៤។

លោកអភិបាលរងស្រុក ថ្លែងថាកិច្ចប្រជុំថ្ងៃនេះ ជាសេចក្តីជូនដំណឹងបន្ទាន់មួយ ដល់ម្ចាស់អាជីវកម្មពាក់ព័ន្ធនឹងការបើកអាជីវកម្មឆ្នោតផ្សងសំណាងឡូតូទាំងអស់ក្នុងខេត្តកំពង់ធំ ដែលគ្មានច្បាប់អនុញ្ញាតិ  មិនឱ្យបើកដោយអនាធិបតេយ្យនោះឡើយ ប្រសិនមិនគោរពតាមគោលការណ៍ទេនឹងពិន័យ និងបញ្ជូនទៅតុលាការ។

លោក សេង សារ៉ាត បានបញ្ជាក់បន្ថែមទៀតថា មន្ត្រីជំនាញ និងអាជ្ញាធរស្រុក ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់។ ម្យ៉ាងវិញទៀត មន្ត្រីជំនាញត្រូវត្រួតពិនិត្យទៅលើច្បាប់ឱ្យបានច្បាស់លាស់ បើសិនជាក្រុមហ៊ុនឬទីតាំងល្បែងនោះ មានច្បាប់ហើយ យើងត្រូវតែអនុញ្ញាតិ។

លោក សេង សារ៉ាត លោកអភិបាលរងស្រុកប្រាសាទបល្ល័ង្ក បានបន្តទៀតថា នេះជាគោលនយោបាយរួម របស់ប្រមុខរាជរដ្ឋបាលភិបាល ក្នុងការជូនដំណឹងដល់ប្រតិបត្តិ្កករទាំងអស់បានជ្រាបថា ដើម្បីកុំឱ្យមានបញ្ហាក្នុងការអនុវត្តនិតិវិធីច្បាប់ក្រុមហ៊ុនត្រូវមានច្បាប់អនុវត្តចេញដោយគណៈកម្មការគ្រប់ល្បែងពាណិជ្ជកម្មកម្ពុជា ហើយច្បាប់មួយចេញបានតែមួយទីតាំងតែប៉ុណ្ណោះ។ ប្រសិនបើមិនមានច្បាប់អនុញ្ញាតិទេ សូមផ្អាកជាបន្ទាន់ ហើយមិនដូច្នោះទេ និងត្រូវកសាងសុំណុំរឿងបញ្ជូនខ្លួនទៅតុលាការ។ អត្ថបទលោក ឆាត វ៉ិត កែសម្រួលដោយលោក ធូ កែវមុន្នី