អភិបាលស្រុកស្ទោង ប្រគល់ថវិកាបេឡាសង្គ្រោះមរណៈជូនគ្រួសារសពលោក ខៀវ  គុណ  នៅឃុំប្រឡាយ 

0

កំពង់ធំ÷ នៅព្រឹកថ្ងៃទី២៩ ខែ កុម្ភៈ ឆ្នាំ២០២៤លោក  សាយ គឹមឡម  អភិបាលស្រុក និងជាប្រធានកិត្តិយសសមាគមអតីតយុទ្ធជនកម្ពុជាស្រុកស្ទោង ព្រមទាំងសហការី បានអញ្ជើញចុះសួរសុខទុក្ខ រំលែកទុក្ខ និងប្រគល់ថវិកាបេឡាសង្គ្រោះមរណៈ ជូនគ្រួសារសពលោក ខៀវ  គុណ  នៅភូមិថ្មី  ឃុំប្រឡាយ ស្រុកស្ទោង ខេត្តកំពង់ធំ ដែលបានទទួលមរណភាពកាលពីថ្ងៃទី០៧ ខែ មករាឆ្នាំ២០២៤ កន្លងទៅថ្មីនេះដោយរោគាពាធ។

ជាការសំណេះសំណាលនៅក្នុងឱកាសនោះ លោក សាយ គឹមឡម បានសម្តែងនូវសមានចិត្តរំលែកទុក្ខដ៏ក្រៀមក្រំជាមួយក្រុមគ្រួសារសពដែលបានបាត់បង់ មេគ្រួសារ ស្វាមី  ឪពុក ក៏ដូចជាសាច់ញាតិជាទីស្រឡាញ់យ៉ាងអាឡោះអាល័យដែលបាន លះបង់ សាច់ស្រស់ ឈាមស្រស់ ដើម្បីបុព្វហេតុ ជាតិ សាសនា ព្រះមហាក្សត្រ និងក្រុមគ្រួសារដោយមិនខ្លាចនឿយហត់។

ទន្ទឹមនឹងនេះ លោកអភិបាលស្រុកស្ទោង បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ដល់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានសមាគមអតីតយុទ្ធជនកម្ពុជាដែលបានយកចិត្តទុកដាក់ដល់សុខទុក្ខ និងជីវភាពបងប្អូន អតីតយុទ្ធជន និងក្រុមគ្រួសារឱ្យកាន់តែប្រសើរឡើង។

លើសពីនេះ លោក សាយ គឹមឡម បានណែនាំដល់អាជ្ញាធរមូលដ្ឋានជាពិសេសរដ្ឋបាលឃុំប្រឡាយ ត្រូវយកចិត្តទុកដាក់ដល់គ្រួសារអតីតយុទ្ធជន ដើម្បីចូលរួមលើកកម្ពស់សេដ្ឋកិច្ចគ្រួសារក៏ដូចជាការជួយសង្គ្រោះផ្សេងៗផងដែរ។

គួរបញ្ជាក់ផងដែរថា ថវិកាដែលប្រគល់ជូនគ្រួសារសពនៅពេលនេះមានចំនួន ៤.០០០.០០០រៀល(បួនលានរៀលគត់)ផងដែរ។ អត្ថបទលោក ឆុន ឆេងក្រឹម កែសម្រួលដោយលោក ធូ កែវមុន្នី