អាជ្ញាធរខេត្តកំពង់ចាម ណែនាំម្ចាស់សត្តឃាតដ្ឋានស្រុក ត្រូវសម្អាតកន្លែងពិឃាតឲ្យបានស្អាត ដើម្បីជៀសវាងមានផលប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ

0

កំពង់ចាម: លោក ហេង វណ្ណនី អភិបាលរងខេត្តកំពង់ចាម នៅព្រឹកថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២៤ បានអញ្ជើញដឹកនាំមន្ត្រីពាក់ព័ន្ធ ចុះត្រួតពិនិត្យទីតាំងសត្តឃាតដ្ឋាន ចំនួន ២កន្លែង ស្ថិតនៅក្នុងស្រុកជើងព្រៃ និងស្រុកព្រៃឈរ ខណៈកន្លែងពិឃាតសត្វទាំងនោះ មិនទាន់រៀបចំអនាម័យបានស្អាតនៅឡើយ ។

នាឳកាសនោះ លោកអភិបាលរងខេត្តបានណែនាំដល់ម្ចាស់សត្តឃាតដ្ឋានទាំងពីរកន្លែងនោះ ត្រូវរៀបចំសម្អាតកន្លែងពិឃាតឲ្យបានស្អាត និងមានអនាម័យខ្ពស់ ដើម្បីផ្ដល់នូវទំនុកចិត្តដល់បងប្អូនប្រជាពលរដ្ឋក្នុងការបរិភោគ ហើយធានាបានថា សាច់សត្វដែលលក់ចេញទៅលើទីផ្សារមានគុណភាព និងអនាម័យ មិនមានផលប៉ះពាល់ដល់សុខភាពរបស់ប្រជាពលរដ្ឋ។

លោក ហេង វណ្ណនី បានបន្តថា ចំពោះសត្តឃាតដ្ឋានទាំងពីរស្រុកនេះ ស្រុកជើងព្រៃ មានលក្ខណៈមិនសូវល្អ ដោយសារតែទីតាំងមានសភាពចង្អៀត មិនមានខ្យល់ចេញចូលបានគ្រប់គ្រាន់ដូច្នេះសូមឲ្យម្ចាស់សត្តឃាតដ្ឋានសិក្សាឡើងវិញចំពោះទីតាំងទាំងមូល។

ដោយឡែកសត្តឃាតដ្ឋាននៅស្រុកព្រៃឈរវិញ ថ្វីត្បិតតែទីតាំងមានលក្ខណៈល្អប្រសើរ ប៉ុន្តែចំពោះអនាម័យវិញ នៅមានភាពខ្វះខាត់ ជាពិសេសកន្លែងពិឃាតមិនមានការរៀបចំសម្អាតឲ្យបានស្អាតល្អតាមការកំណត់នៅឡើយទេ ។ សូមឲ្យម្ចាស់ភាស៊ីសត្តឃាតដ្ឋាន ធ្វើលូថ្មីឡើងវិញ ដើម្បីរំដោះទឹកចេញ ជៀសវាងការជន់លិចនៅរដូវវស្សាដើម្បីរក្សាបាននូវអនាម័យល្អ។

បេីតាមរបាយការណ៍របស់ លោក នង ម៉ែងហ៊ាង ប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាល នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ចាម បានបញ្ជាក់ថា សម្រាប់អាជីវករពិឃាតសត្វទាំងអស់ក្នុងស្រុកជើងព្រៃ សរុបមានចំនួន ៣១នាក់ ក្នុងនោះមានតែអាជីវករចំនួន ៦នាក់ ប៉ុណ្ណោះដែលពិឃាតសត្វនៅក្រៅទីសត្តឃាត រួមមាននៅក្នុងឃុំផ្តៅជុំ មានចំនួន ៤នាក់ និងឃុំសំពងជ័យ មានចំនួន ២នាក់។ ដោយឡែកស្រុកព្រៃឈរ អាជីវករពិឃាតសត្វសរុបមានចំនួន ៧៣នាក់ ក្នុងនោះមានអាជីវករពិឃាតសត្វចំនួន ២០នាក់ យកសាច់ពីក្រុមហ៊ុន និងអាជីវករពិឃាតសត្វចំនួន ៣០នាក់ នៅបន្តពិឃាតតាមផ្ទះផងដែរ ៕