មន្ទីរអប់រំ យុវជន និងកីឡាខេត្តប៉ៃលិន បិទការប្រកួតកីឡាសិស្សបឋមសិក្សា និងមធ្យមសិក្សាជ្រើសរើសជើងឯកថ្នាក់ខេត្ត ២០២៣ – ២០២៤

0

(ប៉ៃលិន)៖ នៅទីលានបាល់ទាត់វិទ្យាល័យ ហ៊ុន សែន ក្រុងទេពនិម្មិតប៉ៃលិន រសៀលថ្ងៃទី៤ ខែមីនា ឆ្នាំ​២​០២៤ មានរៀបចំពិធីបិទការប្រកួតកីឡាសិស្សបឋមសិក្សា និងមធ្យមសិក្សាជ្រើសរើសជើងឯកថ្នាក់ខេត្ត​ ប្រចំាឆ្នាំសិក្សា ២០២៣ – ២០២៤ ស្ថិតក្រោមអធិបតីភាពលោក សុខ ពិសី អភិបាលរងខេត្ត​ តំណាងដ៍ខ្ពង់ខ្ពស់លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន ។ ពិធីនេះមានការអញ្ជើញ​ចូល​រួម​ពីលោក តង់ ធារ៉ា ប្រធានមន្ទីរអប់រំ យុវជន និងកីឡា ខេត្តប៉ៃលិន, លោក លោកស្រី តំណាងមន្ទីរ​ពាក់​ព័ន្ធ​ជុំវិញខេត្ត, តំណាងកងកម្លាំងប្រដាប់អាវុធទាំងបីស្ថាប័ន, លោកគ្រូ អ្នគ្រូ និងប្អូនៗកីឡាករ កីឡាការិនី  ជាច្រើននាក់។

លោក តង់ ធារ៉ា ប្រធានមន្ទីរអប់រំ យុវជន និងកិឡា ខេត្តប៉ៃលិន មានប្រសាសន៍លើកឡើងថា៖ ដោយឆ្លងតាមការប្រកួតអស់រយៈពេល១០ថ្ងៃកន្លងមកនេះ លោកសូមកោតសរសើរដោយស្មោះ នូវការខិតខំប្រឹងប្រែង របស់ លោកគ្រូ   អ្នកគ្រូ ដែលជាអាជ្ញាកណ្តាល     ពិសេសដោយមានការសហការខ្ពស់ រវាងសមត្ថកិច្ចសណ្ដាប់ធ្នាប់ នៃស្នងការនគរបាលខេត្តប៉ៃលិន និងគ្រូពេទ្យនៃមន្ទីរសុខាភិបាលនៃរដ្ឋបាល​ខេត្ត  បានធ្វើឲ្យការរៀបចំនេះ ទទួលបានជោគជ័យយ៉ាងធំធេង។ លោកប្រធានមន្ទីរ មានប្រសាសន៍​បន្ត​ថា៖ ការប្រកួតកីឡាជ្រើសរើសជើងឯកថ្នាក់ខេត្ត នាពេលនេះ គឺជាការបង្ហាញនូវការសាមគ្គីភាព ចេះអធ្យាស្រ័យគ្នារវាងក្រុម និងក្រុម រវាងសាលារៀន និងសាលារៀន ពិសេសកីឡាករ និងកីឡាករ ហើយក៍រួមចំណែកអភិវឌ្ឍន៍វិស័យកីឡាខេត្តប៉ៃលិន ឱ្យកាន់តែរីកចម្រើនប្រែក្លាយទីលាន ជាថ្នាលបណ្តុះបណ្តុះបណ្តាល ដើម្បីក្លាយខ្លួនជាកីឡាក កីឡាការិនីពិតៗ សម្រាប់ត្រៀមចូលរួមស៊ីហ្គេមនាពេលខាងមុខផងដែរ ។

មានប្រសាសន៍ក្នុងឪកាសនោះដែរលោក សុខ ពិសី អភិបាលរងខេត្ត តំណាងដ៍ខ្ពង់ខ្ពស់លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានលើកឡើងថា៖ វិស័យកីឡាគឺជាមុខព្រួញដ៏សំខាន់មួយរបស់រាជរដ្ឋាភិបាល ដែលដឹកនាំដោយ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ជាពិសេសក្រសួងអប់រំ យុវជន និងកីឡា ជាអ្នកទទួលខុសត្រូវផ្ទាល់ និងយកចិត្តទុកដាក់ខ្ពស់បំផុតក្នុងគោលបំណងធ្វើការអភិវឌ្ឍន៍ បង្កើនសមត្ថភាព និងទេពកោសល្យរបស់កីឡាករ កីឡាការិនី តួយ៉ាងមានមន្ទីរអប់រំ យុវជន និងកីឡាខេត្ត បានរៀបចំកម្មវិធីប្រកួតនេះឡើង ដើម្បីផ្លាស់ប្ដូរបទពិសោធន៍ បង្កើតឱកាសបានជួបជុំគ្នា បានស្គាល់គ្នា និងបង្កើតមិត្តភាពបន្ថែមទៀត ។ លោក​អភិ​បាល​រងខេត្ត មានប្រសាសន៍វាយតម្លៃខ្ពស់ចំពោះប្រតិភូកីឡាករ កីឡាការានី មកពីតាមគ្រឹះស្ថានសិក្សាទាំងបឋមសិក្សា និងមធ្យមសិក្សាទាំងអស់ ដែលបានចូលរួមក្នុងការប្រកួតនេះ ហើយបានគោរពតាមគោលការណ៍ និងបទបញ្ជាបច្ចេកទេសនៃការប្រកួតកីឡាបានល្អត្រឹមត្រូវ និងមានស្មារតីស្រឡាញ់កីឡាពិតប្រាកដ ដើម្បីទទួលលទ្ធផលបច្ចេកទេសស្របតាមសមត្ថភាពរបស់ខ្លួន ដោយមិនគិតតែពីការឈ្នះចាញ់ ជារឿងសំខាន់នោះឡើយ ពីព្រោះវិស័យអប់រំកាយ និងកីឡា ជាសមាសភាគមួយដ៏សំខាន់ ក្នុងចំណោមសមាសភាគទាំងប្រាំនៃការអប់រំ សម្រាប់ពង្រឹងកាយសម្បទា និងសុខភាពអ្នកសិក្សា ដែលមិនអាចខ្វះមួយណាបានឡើយ ជាពិសេសចំពោះក្មួយៗកុមារា កុមារី ដែលកំពុងសិក្សានៅកម្រិតបឋមសិក្សា ព្រោះអាចអភិវឌ្ឍន៍ កាយសម្បទា គំនិត ប្រាជ្ញា និងស្មារតីរបស់កុមារឱ្យមានលទ្ធភាពទទួលយកការអប់រំបានល្អ ផងដែរ។

សូមបញ្ជាក់ថា៖ការប្រកួតកីឡាសិស្សបឋមសិក្សា និងមធ្យមសិក្សាជ្រើសរើសជើងឯកថ្នាក់ខេត្ត ប្រចាំឆ្នាំ២០២៣–២០២៤នេះ  មានកីឡាករ កីឡាការនីចូលរួលប្រកួតសរុបចំនួន ៩៥២នាក់ ស្រី ៤៤០នាក់ និងប្រតិភូកីឡាចូលរួមសរុប ៤២នាក់ ស្រី ៣នាក់ ដោយកីឡាសិស្សបឋមសិក្សាមានប្រភេទវិញ្ញាសារចំនួន ៤ប្រភេទ និងកីឡាសិស្សមធ្យមសិក្សាមានចំនួន ៤ប្រភេទ ហើយនាឱកាសនោះ ថ្នាក់ដឹកនាំខេត្ត ក៍បានផ្តល់ពាន់រង្វាន់ មេដៃមាស មេដាយប្រាក់ មេដាយសំរិទ្ធ និងថវិកាមួយចំនួន ជូនដល់ក្រុមកីឡាករ កីឡាការនី ដែលទទួលបានជ័យលាភីផងដែរ៕​ ភ្នំខៀវ ប៉ៃលិន