កំពង់ធំ÷ លោកស្រី សុទ្ធ សុខនីន នាយិការងសាលាគរុកោសល្យ និងវិក្រឹតហ៊ុន សែន ខេត្តកំពង់ធំ បានសហការជាមួយលោក លឹម ធាង នាយកសាលាបឋមសិក្សាអនុវត្ត ហ៊ុន សែន អាចារ្យលាក់ ក្រោមកិច្ចសម្របសម្រួលដោយលោកស្រី ធន សុភ័ត្រា ប្រធានការិយាល័យសារមន្ទីរ នៃមន្ទីវប្បធម៌និងវិចិត្រសិល្បៈខេត្តកំពង់ធំ និងមានការចូលរួមពីលោកគ្រូដឹកនាំ និងសិស្សានុសិស្សថ្នាក់ទី៥ ចំនួន៥២នាក់ បានអញ្ជើញចូលរួមដំណើរទស្សនកិច្ចសិក្សារ ពីប្រវត្តិរូបសំណាក់អាចារ្យលាក់ក់ និងសារមន្ទីរខេត្ត ស្ថិតនៅភូមិអាចារ្យលាក់ សង្កាត់អាចារ្យលាក់ ក្រុងស្ទឹងសែនខេត្តកំពង់ធំ នៅព្រឹកថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២៤។
លោកស្រី ធន់ សុភ័ត្រា ប្រធានការិយាល័យសារមន្ទីរ នៃមន្ទីវប្បធម៌និងវិចិត្រសិល្បៈខេត្តកំពង់ធំ បានរៀបរាប់ពីប្រវត្តិសង្ខេបរូបសណាក់អាចារ្យលាក់ នៅក្នុងសម័យអាណានិគមបារាំង យើងធ្លាប់បានឮឈ្មោះវីរៈបុរសដែលបានតស៊ូជាមួយការជិះជាន់របស់បារាំងជាច្រើនរូប ក្នុងនោះ អ្នកតស៊ូដែលគេស្គាល់ច្រើនជាងគេគឺ អាចារ្យស្វា-ពោធិកំបោរ។ ពោល គឺអាចារ្យស្វា លោកបានតស៊ូប្រឆាំងបារាំងបានតែមួយ រយៈខ្លី ប៉ុណ្ណោះក៏បានស្លាប់បាត់បង់ជីវិតនៅក្នុង ខែសីហា ឆ្នាំ១៨៦៥។ អាចារ្យលាក់មានជំនាញខាងក្បាច់ដាវយ៉ាងពូកែ។ រូបសំណាកអាចារ្យលាក់ ដែលគ្រោងតម្កល់នៅផ្លូវច្រមុះជ្រូកមានលក្ខណៈសម្គាល់ដូចតទៅ៖ កម្ពស់ ៩.៩៥ម៉ែត្រ(កំពស់រូបសំណាក ៤.៥ម៉ែត្រ, កម្ពស់ទម្រ ៥.៤៥ម៉ែត្រ), បែរមុខទៅខាងក្នុងរូបរាងអាចារ្យលាក់ ក្នុងរបៀបជាអ្នកតស៊ូ អ្នកចេះវិជ្ជាគុន អ្នកចេះមន្តអាគម អ្នកព្យាបាលជម្ងឺ។
លោកស្រី សុទ្ធ សុខនីន នាយិការងសាលាគរុកោសល្យ និងវិក្រឹតការហ៊ុន សែន ខេត្តកំពង់ធំ បានលើកឡើងពីគោលបំណងនៃទស្សនកិច្ចសិក្សារបស់សិស្សានុសិស្សគឺចង់ឱ្យសិស្សបានស្គាល់ពីប្រវត្តិរូបសំណាក់អាចារ្យលាក់ និងសារមន្ទីរខេត្ត ដើម្បីផ្សារភ្ជាប់ការសិក្សាផ្នែកទ្រឹស្តី ទៅនឹងស្ថានភាពបានដឹង និងឃើញជាក់ស្ដែងឱ្យកាន់តែច្បាស់។ ក្នុងនោះផងដែរសិស្សទាំងអស់ ក៏បានយកចិត្តទុកដាក់ និងកត់ត្រាខ្លឹមសារមួយចំនួនដែលទាក់ទងទៅនឹងប្រវត្តិសាស្រ្តក្នុងខេត្តកំពង់ធំ ដើម្បីយកទៅផ្សព្វផ្សាយនិងបង្រៀនបន្ថែមទៀតដល់មិត្តភក្តិនៅក្នុងសាលារៀនពីអរិយធម៌ និងវប្បធម៌របស់ខ្មែរយើង ។
ជាចុងក្រោយ លោកស្រី នាយិការងបានផ្ដាំផ្ញើដល់សិស្សានុសិស្សទាំងអស់ ត្រូវតែខិតខំរៀនសូត្រ និងចេះចូលរួមស្រលាញ់ ថែរក្សាសម្បត្តិវប្បធម៌ អរិយធម៌ ឱ្យបានគង់វង្ស ដើម្បីទុកឲ្យក្មេងជំនាន់ក្រោយបានស្គាល់ ពីទីតាំងភូមិសាស្ត្រក្នុងទឹកដីខេត្តកំពង់ធំ។ សូមបន្តយកចិត្តទុកដាក់ខិតខំរៀនសូត្របន្ថែមទៀត ដើម្បីឱ្យក្លាយទៅជាកូនល្អ មិត្តល្អ សិស្សល្អ និងពលរដ្ឋល្អ ៕ អត្ថបទលោក ធូ កែវមុន្នី