កំពង់ធំ÷ នៅព្រឹកថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២៤ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករង ប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ បានដឹកនាំសហការី នៃយោធិននារី ក្រុមការងារយេនឌ័រ របស់បញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ទៅ
សំណេះសំណាលសាកសួរសុខទុក្ខបងប្អូនអតីតយុទ្ធជនចំនួន១៤១ គ្រួសារ ដែលកំពុងរស់នៅលើដីសម្បទានសង្គមកិច្ច អំណោយដ៏ថ្លៃថ្លារបស់សម្ដេចតេជោ ហ៊ុន សែន ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា នៅឃុំក្រយា ស្រុកសន្ទុក ខេត្តកំពង់ធំ។
ឧត្តមសេនីយ៍ទោ សោម ស៊ុន បានពាំនាំនូវការផ្ដាំផ្ញើសាកសួរសុខទុក្ខ ពីសំណាក់សម្ដេចតេជោ ហ៊ុន សែន ប្រធានសមាគមអតីតយុទ្ធជន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និង លោកជំទាវ ដែលសម្ដេច និងលោកជំទាវបណ្ឌិត តែងតែយកចិត្តទុកដាក់គិតគូរពីសុខទុក្ខ និងជីវភាពរស់នៅរបស់បងប្អូនអតីតយុទ្ធជនយើងនៅគ្រប់ពេលវេលា ព្រោះ បងប្អូន អតីតយុទ្ធជន គឺជាអ្នកដែលបានរួមចំណែក ជាមួយសម្តេចតេជោធ្វើ ឲ្យប្រទេសជាតិយើងមានសុខសន្តិភាព និងការអភិវឌ្ឍន៍រីកចម្រើនរុងរឿងដូចសព្វថ្ងៃនេះ ។
ឧត្តមសេនីយ៍ទោ សោម ស៊ុន ក៏បានផ្សព្វផ្សាយនូវលទ្ធផលការងារសំខាន់ៗមួយចំនួន ក្រោមការខិតខំប្រឹងប្រែងរបស់ឯកឧត្តមទេសរដ្ឋមន្ត្រី នាយឧត្តមសេនីយ៍ គន់ គីម អនុប្រធាន និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា និងឯកឧត្តម ងួន រតនៈ អភិបាលខេត្តកំពង់ធំ ដែលបានខិតខំទំនាក់ទំនងជាមួយក្រសួងស្ថាប័ន ដែលមានការពាក់ព័ន្ធ អំពីការរៀបចំតបណ្ដាញអគ្គិសនី និងការរៀបចំបុកអណ្ដូងទឹកស្អាតចំនួន២០អណ្តូង បន្ថែមទៀត ជូនដល់បងប្អូនអតីតយុទ្ធជនយើង សម្រាប់ប្រើប្រាស់នៅពេលដ៏ខ្លីខាងមុខនេះ ។
នៅក្នុងឱកាសសំណេះសំណាលសាកសួរសុខទុក្ខនេះ ឧត្តមសេនីយ៍ទោ សោម ស៊ុន បាននាំយកនូវស្បៀងអាហារ គ្រឿងឧបភោគបរិភោគ ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ឧបត្ថម្ភជូនក្រុមគ្រួសារអតីតយុទ្ធជនចំនួន៤២ គ្រួសារ ដែលមានជីវភាពលំបាកខ្វះខាត ដោយក្នុងមួយគ្រួសារទទួលបាននូវអង្ករចំនួន២៥គីឡូក្រាម មីជាតិចំនួន១កេស ទឹកត្រី ទឹកស៊ីអ៊ីវចំនួន១យួរ និងត្រីខកំប៉ុងចំនួន១យួរផងដែរ។






































