លោកឧត្តមសេនីយ៍ទោ ម៉ែន លី ដឹកនាំកិច្ចប្រជុំប្រចាំខែកុម្ភៈដើម្បីរកបញ្ហាប្រឈម រកដំណោះស្រាយ និងសំណូមពរព្រមទាំងលើកទិសដៅសម្រាប់ខែបន្ទាប់ទៀត

0

(កំពង់ធំ)÷ នៅថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២៤ លោកឧត្តមសេនីយ៍ទោ ម៉ែន លី ស្នងការនគរបាលខេត្ត ដឹកនាំកិច្ចប្រជុំប្រចាំខែកុម្ភៈ នៅសាលប្រជុំស្នងការដ្ឋាននគរបាលខេត្ត កិច្ចប្រជុំខាងលើនេះដែរ ដោយមានការចូលរួមពីសំណាក់លោកនាយការិយាល័យ លោក លោកស្រីនាយរងការិយាល័យ លោកអធិការ លោកអធិការរង លោក លោកស្រីផ្នែកចំណុះឱ្យការិយាល័យជំនាញ និងលោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង៨១ ឃុំ-សង្កាត់ ចូលប្រមាណ២៩០នាក់។

លោកឧត្តមសេនីយ៍ទោ ម៉ែន លី ស្នងការនគរបាលខេត្ត បានថ្លែងថា កិច្ចប្រជុំដើម្បីការប្រមូលផ្ដុំចែករំលែកបទពិសោធន៍ ត្រួតពិនិត្យលើការបំពេញភារកិច្ចជំនាញ ដែលអនុវត្តបាននាពេលកន្លងមកលើកទិសដៅសម្រាប់អនុវត្តបន្ត តាមប៉ុស្តិ៍នីមួយៗក្នុងមូលដ្ឋាន បម្រើជូនបងប្អូនប្រជាពលរដ្ឋឱ្យមានសុខសុវត្ថិភាពទាំងយប់ទាំងថ្ងៃ។

លោកឧត្តមសេនីយ៍ស្នងការខេត្ត ថ្លែងកោតសរសើរ និងលើកឡើងអំពីស្នាដៃ ដែលកងកម្លាំងនគរបាលជាតិ ទូទាំងខេត្ត សម្រេចបានលទ្ធផលជោគជ័យល្អប្រសើរ
បំផុត ក្នុងបេសកកម្ម ការពារ រក្សាសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សាធារណៈ សម្រាប់ព្រឹត្តិការណ៍បោះឆ្នោត ជ្រើសតាំងសមាជិក ព្រឹទ្ធសភានីតិកាលទី៥ ឆ្នាំ២០២៤
កន្លងមកនេះ ដំណើរការប្រព្រឹត្តទៅ ដោយមានភាពរលូនគួរជាទីមោទនៈ។

បន្ថែមលើកិច្ចការងារអនុវត្តបានលោកស្នងការខេត្ត បានណែនាំ ដល់ថ្នាក់ដឹកនាំតាមបណ្ដាផែនជំនាញ លោកអធិការនគរបាលក្រុង/ស្រុក នាយប៉ុស្តិ៍នគរបាលរដ្ឋបាល ត្រូវធ្វើគំរូល្អ ដល់មន្ត្រីក្រោមឱវាទ ពង្រឹងការគ្រប់គ្រងដឹកនាំកងកម្លាំងអនុវត្ត តួនាទី/ភារកិច្ច តាមឋានានុក្រម ជាប្រចាំថ្ងៃ តាមបែបបទការងាររដ្ឋបាល ពង្រឹងរបៀបរបប ប្រជុំជាប្រចាំ សាមគ្គីភាព ឯកភាពផ្ទៃក្នុង គោរពលើកកម្ពស់វិន័យ  បង្កើនកិច្ចសហការល្អ ជាមួយមហាជន មន្ត្រីរាជការជុំវិញខេត្ត បម្រើឱ្យកិច្ចប្រតិបត្តិការ ថែរក្សា សន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាពសង្គម ។

លោកឧត្តមសេនីយ៍ទោ ម៉ែន លី ស្នងការនគរបាលខេត្តបូកសរុប នឹងវាតម្លៃលើការងារ÷១.ព្រហ្មទណ្ឌ និងសន្ដិសុខ : ប្រើប្រាស់វិធានការជំនាញកសាងសំណុំរឿងតាមនីតិវិធី។ ២.ការងារចរាចរណ៍ផ្លូវគោកពង្រឹង នៃការអនុវត្តច្បាប់ ឲ្យមានប្រសិទ្ធភាពខ្ពស់ ថែរក្សា អាយុ ជីវិត ទ្រព្យសម្បត្តិ កាត់បន្ថយគ្រោះថ្នាក់ឲ្យមានកម្រិតទាប។ ៣.ការងារអត្តសញ្ញាណប័ណ្ណ បង្កើនការផ្សព្វផ្សាយ និងបញ្ចុះមន្ត្រីជំនាញ ធ្វើអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ជូនដល់ប្រជាពលរដ្ឋ ដែលគ្រប់អាយុធ្វើអត្តសញ្ញាណប័ណ្ណ អត្តសញ្ញាណប័ណ្ណហួសសុពលភាព ឬខូច។ ៤.ពង្រឹងការងារគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ ចុះបញ្ជី ថែរក្សា ទ្រព្យសម្បត្តិអង្គភាព ឱ្យបានគង់វង្ស។