(កំពង់ធំ)÷ នៅថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២៤ លោក ប៉ឹក គីមសាន អនុប្រធានមន្ទីរសុខាភិបាលខេត្តកំពង់ធំ លោក ញ៉ែម ពីង ប្រធានការិយាល័យសុខាភិបាលស្រុកប្រតិបត្តិបារាយណ៍-សន្ទុក លោក លី សុភារ៉ា ប្រធានការិយាល័យ ជំនួយសង្គម នៃសាខាមូលនីធិជាតិជំនួយសង្គមខេត្តកំពង់ធំ បានធ្វើការបណ្តុះបណ្តាល ស្តីពីកញ្ចប់សេវាគ្រួសារជូនដល់ថ្នាក់ដឹកនាំមន្ទីរ និងការិយាល័យសុខាភិបាលស្រុកប្រតិបត្តិនីមួយៗ។
កម្មវិធីបណ្ដុះបណ្ដាលនេះក៏មានការអញ្ជើញចូលរួមពីការិយាល័យសុខាភិបាលស្រុកប្រតិបត្តិបារាយណ៍ -សន្ទុក ការិយាល័យសុខាភិបាលស្រុកប្រតិបត្តិកំពង់ធំ មន្ទីរពេទ្យបង្អែកស្រុកបារាយណ៏-សន្ទុក មន្ទីរពេទ្យបង្អែកខេត្តកំពង់ធំ និងមណ្ឌលសុខភាពចំនួន២០ក្នងតំបន់គ្របដណ្តប់ស្រុករដ្នបាលបារាយណ៏ ស្រុកសន្ទុក និងក្រុងស្ទឹងសែន (ពេលព្រឹកបណ្តុះបណ្តាលនៅការិយាល័យសុខាភិបាលស្រុកប្រតិបត្តិបារាយណ៏-សន្ទុក និងពេលល្ងាច បណ្តុះបណ្តាលនៅមន្ទីរសុខាភិបាលខេត្តកំពង់ធំ) ក្នុងវគ្គបណ្តុះបណ្តាលមានសមាជិកចូលរួមសរុប៥៦នាក់ ស្រី ២៧នាក់។
លោក ប៉ឹក គីមសាន អនុប្រធានមន្ទីរសុខាភិបាលខេត្តកំពង់ធំ បានលើកឡើងថា ដើម្បីចូលរួមចំណែកលើកកម្ពស់សុខុមាលភាពជនងាយរងគ្រោះ ការលើកកម្ពស់សុខុមាលភាពមាតា និងទារក ព្រមទាំងដោះស្រាយកង្វះ អាហារូបត្ថម្ភ ចាប់ពីទារក នៅក្នុងផ្ទៃដល់កុមារអាយុ២ឆ្នាំ ដើម្បីជំរុញ ការលូតលាស់ទាំងកាយសម្បទា និងបញ្ញាស្មារតី។ ការលើកទឹកចិត្តកុមារឱ្យចុះឈ្មោះចូលរៀនបានទាន់ពេលវេលា និងបន្តការសិក្សារហូតដល់ចប់មធ្យមសិក្សាចំណេះទូទៅ ការជួយសម្រាលការលំបាកផ្នែកជីវភាពរស់នៅរបស់ជនមានពិការភាព ជនចាស់ជរា និងអ្នកផ្ទុកមេរោគអេដស៍ និងជំងឺអេដស៍។
លោក លី សុភារ៉ា ប្រធានការិយាល័យ ជំនួយសង្គម នៃសាខាមូលនីធិជាតិជំនួយសង្គមខេត្តកំពង់ធំ បានលើកទឹកចិត្តដល់រដ្ឋបាលឃុំ/សង្កាត់ ចាត់ឱ្យមានមន្ត្រីកម្មវិធីនៅឃុំ/សង្កាត់ ដើម្បីទទួលខុសត្រូវចុះឈ្មោះ ធ្វើបច្ចុប្បន្នភាព និងដោះស្រាយមតិជំទាស់ និងសំណូមពរ។ មេឃុំ ចៅសង្កាត់ ទទួលខុសត្រូវអនុម័តការចុះឈ្មោះ តាមដានត្រួតពិនិត្យ និងដោះស្រាយមតិជំទាស់ និងសំណូមពរ។ មូលដ្ឋានសុខាភិបាលសាធារណៈ ចាត់ឱ្យមានមន្ត្រីកម្មវិធីនៅមូលដ្ឋានសុខាភិបាល ដើម្បី ទទួលខុសត្រូវ បញ្ជាក់ការអនុវត្តលក្ខខណ្ឌ ណែនាំការអនុវត្តលក្ខខណ្ឌ ការថែទាំសុខភាព មាតា ទារក និងអាហារូបត្ថម្ភ និងចូលរួមដោះស្រាយមតិជំទាស់ និងសំណូមពរ។គ្រឹះស្ថានសិក្សាចំណេះទូទៅសាធារណៈ ចាត់ឱ្យមានមន្ត្រីកម្មវិធីនៅគ្រឹះស្ថានសិក្សា ដើម្បីទទួលខុសត្រូវបញ្ជាក់ការចុះឈ្មោះចូលរៀន បញ្ជាក់ការអនុវត្តលក្ខខណ្ឌមករៀន និងធ្វើ បច្ចុប្បន្នភាពទិន្នន័យសិស្សានុសិស្ស តាមប្រព័ន្ធ និងចូលរួមដោះស្រាយមតិជំទាស់ និងសំណូមពរ។ អត្ថបទមន្ទីរសុខាភិបាលខេត្តកំពង់ធំ