កំពង់ចាម: អភិបាលនៃគណៈអភិបាលខេត្តំពង់ចាម ឯកឧត្តម អ៊ុន ចាន់ដា បានអះអាងថា មន្ត្រីរាជការក្នុងខេត្តទាំងអស់ ត្រូវតែចូលរួមធ្វើតេស្តរកសារធាតុញៀន ដើម្បីបញ្ជាក់ពីភាពស្អាតស្អំ និងភាពត្រឹមត្រូវរបស់ខ្លួន ក៏ដូចជាបញ្ជាក់ពីការចូលរួមគាំទ្រឱ្យមានប្រសិទ្ធភាព ក្នុងការអនុវត្តយុទ្ធនាការប្រឆាំងគ្រឿងញៀនខុសច្បាប់ ឱ្យទទួលបានជោគជ័យ។ ថ្លែងបែបនេះក្នុងឱកាសបើកយុទ្ធនាការធ្វើតេស្តរកសារធាតុញៀនលើមន្ត្រីរាជការ នៃសាលាខេត្ត និងមន្ទីរអង្គភាពពាក់ព័ន្ធជុំវិញខេត្ត ប្រមាណជិត ២,០០០នាក់ នាព្រឹកថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៤ ។
មានប្រសាសន៍ក្នុងឱកាសនោះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានថ្លែងថា រដ្ឋបាលខេត្ត បានទទួលឧបករណ៍សម្រាប់ធ្វើតេស្ត ចំនួន ៥,០០០ ពីឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ត្រី ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ជំហានដំបូងគឺ ត្រូវបើកយុទ្ធនាការធ្វើតេស្តរកសារធាតុញៀន ទៅលើមន្ត្រីរាជការនៃសាលាខេត្ត និងមន្ទីរអង្គភាពជុំវិញខេត្ត ព្រមទាំងរដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់ និងសមាជិកភូមិ ជំហានបន្ទាប់នឹងឈានទៅដល់ការធ្វើតេស្តក្រុមគ្រូបង្រៀន និងក្រុមគ្រូពេទ្យ សរុបទាំងអស់ប្រមាណជា ២ម៉ឺននាក់ ។
បេីតាមលោក ឃន ប្រុស នាយករដ្ឋបាលសាលាខេត្តកំពង់ចាម បានឱ្យដឹងថា ដោយអនុវត្តតាមបទបញ្ជាលេខ ០១ បប ចុះថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៤ របស់រាជដ្ឋាភិបាលកម្ពុជា ស្តីពីការដាក់ចេញវិធានការម៉ឺងម៉ាត់ ក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ នៅតាមក្រសួង ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ ។
ថ្ងៃនេះ រដ្ឋបាលខេត្ត បានរៀបចំធ្វើតេស្តដល់បងប្អូនមន្ត្រីរាជការ និងមន្ត្រីជាប់កិច្ចសន្យា ដើម្បីចូលរួមចំណែកធានាប្រសិទ្ធភាព នៃការអនុវត្តយុទ្ធនាការប្រឆាំងគ្រឿងញៀនខុសច្បាប់ លើកទី៩ ដែលជាអាទិភាពនយោបាយរបស់រាជរដ្ឋាភិបាល ក៏ដូចជាការលើកកម្ពស់ជំនឿទុកចិត្តប្រសិទ្ធភាពការងារ និងអភិបាលកិច្ចល្អនៅក្នុងស្ថាប័ន មន្ទីរ អង្គភាពជុំវិញខេត្ត ។
លោកនាយករដ្ឋបាល បានបន្តថា មន្ត្រីរាជការ តាមមន្ទីរ អង្គភាព ក្នុងខេត្តកំពង់ចាម រួមមានសមាជិកក្រុមប្រឹក្សាខេត្ត មន្ត្រីរាជការសាលាខេត្ត មន្ត្រីមន្ទីរ អង្គភាពជុំវិញខេត្ត និងមន្ត្រីជាប់កិច្ចសន្យា សរុបចំនួន ១៩៦៧នាក់ ក្នុងនោះមានស្ត្រី ចំនួន ៧៣៧នាក់ មកពី ៣៥មន្ទីរអង្គភាព ដែលត្រូវធ្វើតេស្តរកសារធាតុញៀន នៅថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៤ ដោយបែងចែកជា ២វេន ពេលព្រឹក មានចំនួន ៩៩១នាក់ (ចំនួន ១៥មន្ទីរ)។ ពេលល្ងាច មានចំនួន ៩៧៦នាក់ (ចំនួន ២០មន្ទីរ-អង្គភាព) ៕