កំពង់ចាម: អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម ឯកឧត្តម អ៊ុន ចាន់ដា បានថ្លែងថា ការលើកកម្ពស់តួនាទីរបស់ស្ត្រី និងក្មេងស្រី នៅក្នុងបរិវត្តកម្មឌីជីថល ពិតជាចាំបាច់ និងមានសារៈសំខាន់ នៅក្នុងពន្លឿនកិច្ចអភិវឌ្ឍសេដ្ឋកិច្ច-សង្គម ប្រកបដោយបរិយាបន្ន។
ថ្លែងបែបនេះក្នុងឱកាសប្រារព្ធពិធីអបអរសាទរខួបលើកទី១១៣ ទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២៤ ដែលបានធ្វេីឡេីងនាព្រឹកថ្ងៃទី៧ ខែមិនា ឆ្នាំ២០២៤ នៅសាលាខេត្តកំពង់ចាម ។
ក្នុងឱកាសនោះដែរ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានថ្លែងថា បរិវត្តកម្មឌីជីថល ក្នុងការប្រែក្លាយប្រជាពលរដ្ឋកម្ពុជា ឱ្យទៅជាពលរដ្ឋឌីជីថល ដែលមាន សមត្ថភាពក្នុងការចាប់យកបច្ចេកវិទ្យាឌីជីថល មកប្រើប្រាស់សម្រាប់ជីវិតរស់នៅប្រចាំថ្ងៃ ប្រកបដោយប្រសិទ្ធភាព និងការទទួលខុសត្រូវខ្ពស់ កម្ពុជាត្រូវផ្ដោតការយកចិត្តទុកដាក់លើការធានាឱ្យបាននូវ ការកសាងអ្នកដឹកនាំឌីជីថល ដើម្បីជំរុញ ឱ្យការធ្វើអន្តរកម្មរបស់ប្រជាពលរដ្ឋគ្រប់រូប នៅក្នុងប្រព័ន្ធ អេកូឡូស៊ីនៃសេដ្ឋកិច្ច និងសង្គមឌីជីថល កាន់តែមានសក្តិសិទ្ធិភាព។
ឯកឧត្តមអភិបាលខេត្ត បានបន្តថា ភាពចាំបាច់សម្រាប់ការជំរុញ និងការអភិវឌ្ឍពលរដ្ឋឌីជីថល ជាពិសេសក្នុងការចំណោមយុវជន នឹងផ្តោតលើ៖ ១. ការបង្កើនការ យល់ដឹងសារៈសំខាន់ និងកាលានុវត្តភាពពីការអភិឌ្ឍសេដ្ឋកិច្ចឌីជីថល និង២.ការជំរុញការចាប់យក ជំនាញនៅក្នុងវិស័យឌីជីថល ទាំងនៅក្នុងវិស័យសាធារណៈ និងវិស័យឯកជន។
ជាមួយគ្នានោះ ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម សង្កត់ធ្ងន់ថា នៅពេលស្ត្រី និង ក្មេងស្រី មានចំណេះដឹងនិង សមត្ថភាពផ្នែកឌីជីថល អាចធ្វើឱ្យពួកគេបានចូលរួមដោយសកម្ម និង ប្រកបដោយសុវត្តិភាព នៅក្នុងសេដ្ឋកិច្ច និងសង្គមឌីជីថល។ បរិវត្តកម្មឌីជីថល នឹងផ្តល់នូវ មធ្យោបាយថ្មីៗសម្រាប់ស្ត្រី និងក្មេងស្រី ក្នុងការអនុវត្តសិទ្ធិ ការលើកកម្ពស់ឋានៈតួនាទី ការទទួល បានកាលានុវត្តភាព និងជម្រើសនានានៅក្នុងការរស់នៅ និងលើកកម្ពស់ស្ថានភាព សេដ្ឋកិច្ច-សង្គម របស់ខ្លួន និងគ្រួសារ រួមទាំងការទទួលបានលទ្ធភាពកាន់តែទូលំទូលាយសម្រាប់ការសិក្សាអប់រំ ការ អភិវឌ្ឍជំនាញវិជ្ជាជីវៈ ការប្រកបមុខរបរ ការងារ និងអាជីវកម្មជាដើម ។ នៅក្នុងនោះបច្ចេកវិទ្យាឌីជីថល និងពង្រីកលទ្ធភាពរបស់ស្ត្រី និងក្មេងស្រី ក្នុងការទទួលបានព័ត៌មាន ចំណេះដឹង ការលើកកម្ពស់ សុខុមាលភាព ការបញ្ចេញមតិយោបល់ និងសម្រាប់ការតភ្ជាប់បណ្តាញទំនាក់ទំនងនៅក្នុងសង្គម កាន់តែទូលំទូលាយផងដែរ ៕






































