ត្បូងឃ្មុំ : ឯកឧត្តម ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ បានធ្វើការប្រមានជាថ្មីម្តងទៀត ពាក់ព័ន្ធ ដីព្រៃលិចទឹករបស់រដ្ឋ ក្នុងភូមិសាស្ត្រស្រុកក្រូចឆ្មារ មិនថាពលរដ្ឋធម្មតា មន្ត្រីរាជការសុីវិល និងកងកម្លាំងមានសមត្ថកិច្ច ត្រូវដកខ្លួនចេញ បើរកឃើញមានពាក់ព័ន្ធ ត្រូវអស់បុណ្យស័ក្ត និងអាចជាប់គុកថែមទៀត ដោយគ្មានការលើកលែងជាដាច់ខាត។ ថ្លែង បែបនេះក្នុងឳកាសបន្តនាំយកស្បៀងអាហារ និងថវិកា ឧបត្ថម្ភជូនដល់កម្លាំងប្រដាប់អាវុធចម្រុះ ដែលកំពុងឈរជើងប្រចាំការ ការពារទប់ស្កាត់ការឈូសឆាយទន្ទ្រានដីព្រៃលិចទឹក ក្នុងភូមិសាស្ត្រស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ នាថ្ងៃទី ៩ ខែមិនា ឆ្នាំ ២០២៤ ។
ឯកឧត្តម អភិបាលខេត្ត បានលើកឡើងថា ពាក់ព័ន្ធនឹងដីអភិរក្ស នៅតាមបណ្តាខេត្តជុំវិញបឹងទន្លេសាបនេះ រាជរដ្ឋាភិបាល ធ្លាប់បានកាត់ឆ្វៀលជូនប្រជាពលរដ្ឋរួចរាល់ហើយ សម្រាប់កន្លែងដែលអាស្រ័យផល ជាក់ស្តែង។ ទន្ទឹមនោះ រាជរដ្ឋាភិបាលក៏បានហាមដាច់ខាត មិនឱ្យមានការឈូសឆាយទន្ទ្រានដីព្រៃលិចទឹកបន្តទៀត នៅក្នុងតំបន់ទាំងនោះឡើយ។ ព្រោះថា តំបន់ដីព្រៃលិចទឹកទាំងនេះ ជាជម្រកសម្រាប់ត្រីពងកូន និងសត្វស្លាបជាច្រើនប្រភេទរស់នៅ ហើយបើដីព្រៃលិចទឹកទាំងនេះ ត្រូវបាត់បង់ វាក៏នឹងប៉ះពាល់ដល់ជីវៈចម្រុះជាច្រើនប្រភេទក្នុងបឹងទន្លេសាបផងដែរ។
ឯកឧត្តម ជាម ច័ន្ទសោភ័ណ ក៏បានជំរុញដល់កម្លាំងចម្រុះទាំងអស់ បន្តចុះល្បាតជាប្រចាំ នៅតាមគោលដៅនីមួយៗ ត្រូវធ្វើយ៉ាងណាខិតខំតាមដានរាល់សភាពការណ៍ នៃការលបលួចឈូសឆាយទន្រ្ទានដីព្រៃលិចទឹក ដែលជាសម្បត្តិរបស់រដ្ឋនេះ ២៤ម៉ោង លើ ២៤ម៉ោង តាមគោលដៅដែលខ្លួនទទួលខុសត្រូវ ហើយបើមានការប្រព្រឹត្តបទល្មើសជាក់ស្តែងត្រូវតែចាប់ខ្លួនភ្លាមៗ ដោយបន្តស្រាវជ្រាវវែកមុខរកជនពាក់ព័ន្ធ និងកសាងសំណុំរឿងបញ្ជូនទៅតុលាការ។
ឯកឧត្តមអភិបាលខេត្ត បានគូសបញ្ជាក់ថា សម្រាប់បងប្អូនប្រជាពលរដ្ឋណា ដែលគ្មានដីពិតប្រាដក សូមទំនាក់ទំនងជាមួយអាជ្ញាធរមូលដ្ឋានរបស់ខ្លួន ដើម្បី ឱ្យ អាជ្ញាធរមូលដ្ឋាន រាយការណ៍មករដ្ឋបាលខេត្ត និងរៀបចំដីកន្លែងណាមួយ ជូនដល់បងប្អូន ឱ្យ បានទាន់ពេលវេលា ហាម ដាច់ខាត មិន ឱ្យ មានការទន្ទ្រានដីព្រៃលិចទឹកបន្តទៀតឡើយ។
ជាមួយគ្នានោះ ឯកឧត្តម ជាម ច័ន្ទសោភ័ណ ក៏បានសំណូមពរដល់បងប្អូនប្រជាពលរដ្ឋ ដែលរស់នៅក្នុងតំបន់នោះ ចូលរួមទប់ស្កាត់ និងធ្វើជាភ្នែកជាច្រមុះ សម្រាប់អាជ្ញាធរមានសមត្ថកិច្ច ហើយប្រសិនជាឃើញមានតំបន់ណា ឬទីតាំងណា មានការទន្ទ្រានដីព្រៃលិចទឹក សូមរាយការណ៍ជាបន្ទាន់មកដល់កម្លាំងប្រដាប់អាវុធពាក់ព័ន្ធទាំងអស់ ដើម្បីចុះបង្រ្កាបអោយបានទាន់ពេលវេលាផងដែរ ៕