ខេត្តព្រះសីហនុលោក ប្រាក់ ប្រាកដ ប្រធានមន្ទីរឧស្សាហកម្ម និងសិប្បកម្មខេត្តព្រះសីហនុ មានប្រសាសន៌ឪ្យដឹងថា ប្រជាពលរដ្ឋរស់នៅក្នុងក្រុងព្រះសីហនុចំនួន ៧០% មានទឹកស្អាតប្រើប្រាស់ ។លោកបន្តថា ការគ្រប់គ្រងទឹក និងអគ្គីសនីមិនអាចផ្គត់ផ្គង់បាន១០០%ទេ ទោះបីប្រទេស
ជឿនលឿនក៌ដោយ ព្រោះនៅកម្ពុជាទឹក និងភ្លើងគឺយើងតដេញតាមប្រជាជន កាលណាមានប្រជាជនរស់នៅ ទើបយើងតទឹក ភ្លើងទៅដល់ ។
ក្នុងឆ្នាំ២០១៤ រដ្ឋករទឹកក្រុងព្រះសីហនុផលិតទឹកស្អាតបាន ២លាន ៦៧៤ពាន់ ៥០០ម៉ែត្រគីប ដែលមានអតិថិជនប្រើប្រាស់នាឡិកាចំនួន ៧៥៤៦កុងទ័រ ។ ទោះបីជាការផ្គត់ផ្គង់ទឹកបានល្អយ៉ាងណា ក៌ប៉ុន្តែនៅមានបញ្ហាមួយចំនួនដោយសារយើងនៅខ្វះព្រភពទឹកសម្រាប់ឆ្នាំបន្តៗទៅមុខទៀត ។
ក្រុងព្រះសីហនុនៅរដូវវស្សាប្រើប្រាស់ទឹកចំនួន ៨.០០០ម៉ែត្រគីប និងរដូវប្រាំង ១៣.០០០ម៉ែត្រគីប ។ សពថ្ងៃយើងមានបឹងព្រែកទប់មួយដែលមានផ្ទៃបឹងនៅសល់ ១៥ហិកតាប៉ុណ្ណោះ ហើយទឹកបឹងព្រែកទប់ជាបឹងស្តុបទឹកបំរុងប្រើប្រាស់រយះពេលខ្លី ជួយផ្គត់ផ្គង់ទឹកបាន ៣០% នៅពេលដែលក្រុមហ៊ុនអាងកូរមានបញ្ហាបច្ចេកទេសម្តងៗ រដ្ឋករទឹកនឹងបូមទឹកពីបឹងព្រែកទប់យកទៅបង្គ្រប់ក្នុងការចែកចាយ ។
បច្ចុប្បន្នប្រជាពលរដ្ឋក្រុងព្រះសីហនុប្រើប្រាស់ទឹកប្រភពពីតំបន់ក្បាលឆាយ ដែលក្រុមហ៊ុនអាងកូរជាអ្នកផលិតទឹកស្អាត តាមតម្រូវការ រដ្ឋករ និងអតិថិជនប្រើប្រាស់ក្រុងព្រះសីហនុ ។លោក ប្រាក់ ប្រាកដ បានបន្តឪ្យដឹងទៀតថា បច្ចុប្បន្នអង្គការ JICA បាននឹងកំពុងសិក្សារកប្រភពទឹកថ្មីបន្ថែមទៀតក្រៅពីទឹកតំបន់ក្បាលឆាយ ហើយអង្គការ JICA កំពុងសិក្សារពិនិត្យទំនប់បង្ហៀរសម្តេចហ៊ុន សែន នៅស្រុកស្ទឹងហាវ និងមួយកន្លែងទៀតនៅបទគគី ឃុំអូរឧកញាហេង ស្រុកព្រៃនប់ ព្រោះទំនប់បទគគីមានប្រភពទឹកមកពីភ្នំ នៅពេលសាងសង់ទំនប់វាអាចស្តុបទឹកបានច្រើន សម្រាប់តម្រូវការប្រើប្រាស់ប្រជាពលរដ្ឋដែលរស់នៅតាមបណ្តោយផ្លូវជាតិលេខ៤ រហូតដល់វាលរេញ ពួកគាត់អាចនឹងមានទឹកស្អាតប្រើប្រាស់នៅពេលខាងមុខ ហើយអង្គការ JICA អាចនឹងកំណត់យកប្រភពទឹកនៅបទគគី ។
លោកប្រធានមន្ទីរបន្តថា ក្នុងឆ្នាំ២០១៤នេះ ប្រភពទឹកក្បាលឆាយមានបរិមាណថយចុះដោយសារទឹកភ្លៀងតិច ម្យ៉ាងទៀតនៅថ្ងៃមុខអាចប្រឈមនិងខ្វះទឹកប្រើប្រាស់ ដោយសារប្រជាពលរដ្ឋចេះតែនាំគ្នាកាប់ព្រៃទន្ទ្រាន និងចាក់ដីលុបធ្វើជាលំនៅដ្ឋានរបស់ខ្លួន ធ្វើអោយផ្ទៃដីស្តុបទឹកកាន់តែរមានទំហំតូច និងកាន់តែរាក់ទៅៗបើអាជ្ញាធរមិនធ្វើការទប់ស្កាត់បានទាន់ពេលវេលា ។
ហើយនៅដូវប្រាំងឆ្នាំ២០១៥ខាងមុខ ក្រុងព្រះសីហនុមិនខ្វះទឹកដូចរដូវប្រាំងឆ្នាំ២០១២ទៀតទេ ព្រោះយើងបានធ្វើត្រៀមរួចជាស្រេច ។ លោក ប្រាក់ ប្រាកដ បានបន្តទៀតថា អង្គភាពរដ្ឋករទឹកក្រុងព្រះសីហនុកំពុងខិត ខំពង្រីកបណ្តាយចែកចាយទឹកទៅតំបន់អូរត្រេះ ស្ថិតនៅភូមិ៥ សង្កាត់លេខ៤ប្រវែង ៩០០០ម៉ែត្រ នៅមានការជួសជុលបណ្តាញចាស់ៗបន្ត ហើយការតបណ្តាញថ្មីនេះជាការចំណាយរបស់អង្គភាពរដ្ឋករទឹក ដើម្បីធ្វើយ៉ាងណាឪ្យប្រជាពលរដ្ឋក្នុងក្រុងព្រះសីហនុមានទឹកស្អាតប្រើប្រាស់គ្រប់ៗគ្នា ។
នៅឆ្នាំ២០១៥ខាងមុខ រដ្ឋករទឹកមានគម្រោងពង្រីកបណ្តាញបន្ថែមទៀត ដើម្បីផ្គត់ផ្គង់ទឹកឪ្យបានកាន់តែច្រើនក្នុងការជួយថែរក្សាសុខមាលភាពប្រជាពលរដ្ឋ និងចូលរួមកាត់បន្ថយភាពក្រីក្រ ។គួរបញ្ជាក់ថា ក្រុងព្រះសីហនុ មាន៥សង្កាត់ មានប្រជាពលរដ្ឋ ៧៥.៣៩៩នាក់ ស្មើនឹង ១៦.៤៧៥គ្រួសារ ប្រជាពលរដ្ឋប្រើប្រាស់ទឹកស្អាតមានចំនួន ៤សង្កាត់ ដោយឡែកសង្កាត់កោះរុង នៅឆ្ងាយពីដីគោកខាងរដ្ឋករទឹកមិនអាចផ្គត់ផ្គង់បានទេ ៕