លោក តាន់ ប៊ុនហុង អញ្ជើញចូលរួមក្នុងកម្មវិធីបំពាក់កន្សែងជូនយុវជនកាកបាទក្រហមកម្ពុជាស្រុកប្រាសាទបល្ល័ង្កចំនួន៥០នាក់ ប្រចាំវិទ្យាល័យប្រាសាទបល្ល័ង្ក

0

 កំពង់ធំ÷ លោក តាន់ ប៊ុនហុង ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្ត ជាសមាជិកគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ធំ លោក កែវ ផល នាយកសាខាកាកបាទក្រហមកម្ពជា លោក សេង សារ៉ាត អភិបាលរងស្រុកប្រាសាទបល្ល័ង្ក មន្ត្រីសាខា លោកគ្រូអ្នកគ្រូ និងសិស្សានុសិស្ស១៧០នាក់ អញ្ជើញចូលរួមក្នុងកម្មវិធីបំពាក់កន្សែងជូនយុវជនកាកបាទក្រហមកម្ពុជាស្រុកប្រាសាទបល្ល័ង្កចំនួន៥០នាក់ ស្រី៤១នាក់ ប្រចាំវិទ្យាល័យប្រាសាទបល្ល័ង្ក ស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ នៅព្រឹកថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៤។

លោក សេង សារ៉ាត អភិបាលរងស្រុកប្រាសាទបល្ល័ង្ក បានលើកឡើងថា សិក្សានុសិស្សទាំងអស់ត្រូវតែអនុវត្តក្រមសីលធម៌ មិត្តអប់រំមិត្ត មិនបណ្ដោះខ្លួនឲ្យធ្លាក់ចូលក្នុងអំពើមិនល្អ មានល្បែងពាលា គ្រឿងញៀន ក្មេងទំនើង បងតូច បងធំ និងធ្វើជាគម្រូ ក្នុងការអូសទាញមិត្តភក្តិ ដែលដើរផ្លូវខុសឲ្យងាកមករកផ្លូវត្រូវវិញ។ ចូលរួមធ្វើសកម្មភាពជាក់ស្តែងដូចជា៖ សុវត្ថិភាពចរាចរណ៍ អនាម័យ បរិស្ថាន អប់រំថែទាំសុខភាព ដល់សហគមន៍ ចូលរួមចំណែកចំណែកទប់ស្កាត់អំពើអសីលធម៌ក្នុងសង្គម ដូចជាគ្រឿងញៀន ក្មេងទំនើង អំពើហិង្សា។

ឆ្លៀតក្នុងឱកាសនេះលោក តាន់ ប៊ុនហុង បានលើកឡើងថា ប្រធានបទ(យុវជនកាកបាទក្រហម និងសុវត្ថិភាពចរាចរណ៍) ត្រូវពង្រឹងតាមគ្រឹះស្ថានសិក្សាហាក់ដូចជាពុំទាន់គ្រប់សាលាគោលដៅនៅឡើយទេ។ សូមពង្រីកតាមក្លឹបយុវជនគឺបញ្ញាសំខាន់ដើម្បីពង្រឹងយុវជនក្លាយជាអ្នកធ្វើគំរូឈានមុខគេក្នុងសង្គម។ ព្រោះថាតាមរយៈកម្មវិធីជាច្រើនរបស់ក្លឹប មានដូចជា: កម្មវិធីមិត្តអប់រំមិត្ត នៅក្នុងនិងក្រៅសាលា ជាពិសេសការងារសុវត្ថិភាពចរាចរណ៍ យុវជននេះហើយ គឺជាភ្នាក់ងារ សំខាន់ក្នុងការផ្លាស់ប្តូរនូវផ្នត់គំនិតជាវិជ្ជមាន។

លោក តាន់ ប៊ុនហុង សមាជិកគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំ បានផ្ដាំផ្ញើដល់ប្អូនៗដែលជាសិក្សានុសិស្ស ត្រូវតែខិតខំអនុវត្តឲ្យបានល្អ វិន័យ បទបញ្ជា របស់យុវជនកាកបាទក្រហមកម្ពុជា។ ប្តេជ្ញាប្រកាន់ខ្ជាប់នូវស្មារតី សាមគ្គីភាពរវាងគ្នា និងគ្នា រវាងយុវជនកាកបាទក្រហមកម្ពុជា និងយុវជនដ៏ទៃទៀត ក្នុងការបំពេញបេសកម្មមនុស្សធម៌ ចៀសសវាងឲ្យបានដាច់ខាតទង្វើទាំងឡាយណាដែលនាំទៅដល់ការ បែកបាក់ ប្រេះស្រាំ សាមគ្គីភាព។ ខិតខំរៀនសូត្រយកចំណេះវិជ្ជា ដើម្បីក្លាយជាកូនល្អ សិស្សល្អ យុវជនល្អ មិត្តល្អ ពលរដ្ឋល្អមិនធ្វើអំពើអសីលធម៌ ផ្សេងៗ ដែលនាំឲ្យអ្នកមានគុណពិបាកចិត្ត និងមានទុក្ខ។ បញ្ហាគ្រោះថ្នាក់ចរាចរណ៍ គឺជាការប្រឈមដ៏ធំ កើតមានឡើងជារៀងរាល់ថ្ងៃ ហើយក៏ជាកង្វល់ដែលយើងទាំងអស់គ្នាត្រូវនាំគ្នាទប់ស្កាត់ សូមឱ្យប្អូនៗទាំងអស់ចៀសឲ្យឆ្ងាយពីគ្រឿងញៀន ពីព្រោះគ្រឿងញៀនបំផ្លាញខ្លួនឯងគ្រួសារ និងសង្គមជាតិទាំងមូល។

សូមបញ្ជាក់ផងដែរថា សាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំ សូមអំពាវនាវដល់សប្បុរសជនទាំងអស់ជួយឧបត្ថម្ភជាសម្ភារៈនិងថវិកា ដើម្បីប្រារព្ធទិវា០៨ ឧសភា ឆ្នាំ២០២៤ នាពេលខាងមុខនេះ។ អត្ថបទលោក ធូ កែវមុន្នី