វគ្គបណ្តុះបណ្តាលស្តីពីកម្មវិធីជាតិជំនួយសង្គមក្នុងកញ្ចប់គ្រួសារ ជូនដល់លោក លោកស្រី ប្រធាន និងមន្ត្រីទទួលបន្ទុកកម្មវីធី មូលដ្ឋានសុខាភិបាលសាធារណៈទាំង៨ របស់ស្រុកតាំងគោក

0

កំពង់ធំ÷ លោកវេជ្ជបណ្ឌិត ប៉ឹក គីមសាន អនុប្រធានមន្ទីរសុខាភិបាលខេត្តកំពង់ធំ និង លោក លី សុភារ៉ា ប្រធានការិយាល័យ ជំនួយសង្គម នៃសាខាមូលនីធិជាតិជំនួយសង្គមកំពង់ធំរៀបចំវគ្គបណ្តុះបណ្តាលស្តីពី”កម្មវិធីជាតិជំនួយសង្គមក្នុងកញ្ចប់គ្រួសារ”ជូនដល់លោក លោកស្រី ប្រធាន និងមន្ត្រីទទួលបន្ទុកកម្មវីធី មូលដ្ឋានសុខាភិបាលសាធារណៈ ទាំង៨ របស់ស្រុកតាំងគោក ដែលមានសមាសភាពចូលរួម១៦នាក់ ស្រី៨នាក់ ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៤។លោក លី សុភារ៉ា ប្រធានការិយាល័យ ជំនួយសង្គម នៃសាខាមូលនីធិជាតិជំនួយសង្គមខេត្តកំពង់ធំ បានលើកទឹកចិត្តដល់រដ្ឋបាលឃុំ/សង្កាត់ ចាត់ឱ្យមានមន្ត្រីកម្មវិធីនៅឃុំ/សង្កាត់ ដើម្បីទទួលខុសត្រូវចុះឈ្មោះ ធ្វើបច្ចុប្បន្នភាព និងដោះស្រាយមតិជំទាស់ និងសំណូមពរ។ មេឃុំ ចៅសង្កាត់ ទទួលខុសត្រូវអនុម័តការចុះឈ្មោះ តាមដានត្រួតពិនិត្យ និងដោះស្រាយមតិជំទាស់ និងសំណូមពរ។ មូលដ្ឋានសុខាភិបាលសាធារណៈ ចាត់ឱ្យមានមន្ត្រីកម្មវិធីនៅមូលដ្ឋានសុខាភិបាល ដើម្បី ទទួលខុសត្រូវ បញ្ជាក់ការអនុវត្តលក្ខខណ្ឌ ណែនាំការអនុវត្តលក្ខខណ្ឌ ការថែទាំសុខភាព មាតា ទារក និងអាហារូបត្ថម្ភ និងចូលរួមដោះស្រាយមតិជំទាស់ និងសំណូមពរ។គ្រឹះស្ថានសិក្សាចំណេះទូទៅសាធារណៈ ចាត់ឱ្យមានមន្ត្រីកម្មវិធីនៅគ្រឹះស្ថានសិក្សា ដើម្បីទទួលខុសត្រូវបញ្ជាក់ការចុះឈ្មោះចូលរៀន បញ្ជាក់ការអនុវត្តលក្ខខណ្ឌមករៀន និងធ្វើ បច្ចុប្បន្នភាពទិន្នន័យសិស្សានុសិស្ស តាមប្រព័ន្ធ និងចូលរួមដោះស្រាយមតិជំទាស់ និងសំណូមពរ។

លោក វេជ្ជបណ្ឌិត ប៉ឹក គីមសាន អនុប្រធានមន្ទីរសុខាភិបាលខេត្តកំពង់ធំ បានលើកឡើងថា ដើម្បីចូលរួមចំណែកលើកកម្ពស់សុខុមាលភាពជនងាយរងគ្រោះ ការលើកកម្ពស់សុខុមាលភាពមាតា និងទារក ព្រមទាំងដោះស្រាយកង្វះ អាហារូបត្ថម្ភ ចាប់ពីទារក នៅក្នុងផ្ទៃដល់កុមារអាយុ២ឆ្នាំ ដើម្បីជំរុញ ការលូតលាស់ទាំងកាយសម្បទា និងបញ្ញាស្មារតី។ ការលើកទឹកចិត្តកុមារឱ្យចុះឈ្មោះចូលរៀនបានទាន់ពេលវេលា និងបន្តការសិក្សារហូតដល់ចប់មធ្យមសិក្សាចំណេះទូទៅ ការជួយសម្រាលការលំបាកផ្នែកជីវភាពរស់នៅរបស់ជនមានពិការភាព ជនចាស់ជរា និងអ្នកផ្ទុកមេរោគអេដស៍ និងជំងឺអេដស៍។