គម្រោងអភិវឌ្ឍន៍ តំបន់អេកូទេសចរណ៍ ស្តង់ដាអន្តរជាតិនៅលើភ្នំគូលេននាពេលខាងមុខនេះ

0

សៀមរាប៖ លោកប្រាក់ សោភ័ណ អភិបាលខេត្តសៀមរាប បានថ្លែងអំណរគុណ ស្វាគមន៍ និងគាំទ្រយ៉ាងកក់ក្តៅចំពោះគម្រោងអភិវឌ្ឍន៍ តំបន់អេកូទេសចរណ៍ស្តង់ដាអន្តរជាតិនៅលើភ្នំគូលេន នាពេលខាងមុខនេះ ដើម្បីរួមគ្នាជម្រុញ និងអភិវឌ្ឍន៍វិស័យទេសចរណ៍ ក៏ដូចជាការថែរក្សា និងអភិរក្សធនធានធម្មជាតិឱ្យកាន់ល្អប្រសើរ ជាពិសេស រួមចំណែកអភិវឌ្ឍសេដ្ឋកិច្ចជាតិ តាមរយៈការផ្តល់ការងារជូនប្រជាពលរដ្ឋមូលដ្ឋានផងដែរ។
អភិបាលខេត្តសៀមរាប មានប្រសាសន៍ថ្លែងគាំទ្រ យ៉ាងដូច្នេះ នៅថ្ងៃសុក្រនេះ ក្នុងឱកាស
បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយក្រុមហ៊ុន ប៊ូខេន ឯ.ក ដឹកនាំដោយ លោក Tamasaburo Bando ម្ចាស់ និងជាប្រធានក្រុមហ៊ុន ប៊ូខេន ឯ.ក និងមានការអញ្ជើញចូលរួមពី លោក ហែន ពុទ្ធី នាយករងរដ្ឋបាលសាលាខេត្ត និងលោក នាយកទីចាត់ការទំនាក់ទំនងសាធារណៈ និងសហប្រតិបត្តិការអន្តរជាតិសាលាខេត្ត និងមន្រ្តីជំនាញពាក់ព័ន្ធ។

លោក Tamasaburo Bando ក៏បានថ្លែងអំណរគុណ និងជម្រាបជូន ឯកឧត្តម អភិបាលខេត្ត អំពីគម្រោងអភិវឌ្ឍន៍ តំបន់អេកូទេសចរណ៍ស្តង់ដាអន្តរជាតិនៅលើភ្នំគូលេន ដែលជាគម្រោងទទួលបានការគាំទ្រពីក្រសួងបិរស្ថាន ដើម្បីចូលរួមចំណែកជម្រុញ និងអភិវឌ្ឍន៍វិស័យទេសចរណ៍ ក៏ដូចជាចូលរួមថែរក្សា និងអភិរក្សធនធានធម្មជាតិឱ្យកាន់ល្អប្រសើរ និងរីកចម្រើនក្នុងប្រទេសកម្ពុជា ក៏ដូចជាក្នុងខេត្តសៀមរាបផងដែរ៕