រាជរដ្ឋាភិបាលកម្ពុជា​ ផ្តល់អំណោយមនុស្សធម៌ ដល់ពលរដ្ឋក្រីក្រ ចាស់ជរា ស្រ្តីមេម៉ាយ ជនមានពិការភាព និងជនរងគ្រោះដោយសារគ្រោះធម្មជាតិ ចំនួន១៦០គ្រួសារ នៅឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ

0

(ប៉ៃលិន)៖ ដោយមើលឃើញ ពីជីវភាពខ្វះខាត របស់បងប្អូនប្រជាពលរដ្ឋមួយចំនួន ក្នុងឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ រាជរដ្ឋាភិបាលកម្ពុជា តាមរយៈរដ្ឋបាលខេត្តប៉ៃលិន និងមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្ត បានអញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខ និងផ្តល់អំណោយមនុស្សធម៌ ដល់បងប្អូនប្រជាពលរដ្ឋទីទាល់ក្រ ចំនួន ១៦០គ្រួសារ  មកពីភូមិចំនួន ១៦ ក្នុងឃុំស្ទឹងត្រង់ ស្រុកសា​លាក្រៅ ខេត្តប៉ៃលិន ។ការផ្តល់អំណោយមនុស្សធម៌ នាពេលនេះ ស្ថិតក្រោមអធិបតីភាពលោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន និងមានការចូលរួមពីថ្នាក់ដឹកនាំខេត្ត កងកម្លាំងទាំង៣ប្រភេទ ថ្នាក់ដឹកនាំមន្ទីរអង្គភាពជុំវិញខេត្ត អាជ្ញាធរស្រុកសាលាក្រៅ អាជ្ញាធរមូលដ្ឋាន និងបងប្អូនប្រជាពលរដ្ឋយ៉ាងច្រើនកុះករ ។

មានប្រសាសន៍ក្នុងពិធីនេះដែរលោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខ ពីសំណាក់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ដែលជានិច្ចកាលសម្តេច តែងតែគិតគូរយកចិត្តទុកដាក់ ដល់ការលំបាក របស់ប្រជាពលរដ្ឋនៅមូលដ្ឋាន ជាពិសេស ប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត កុមារកំព្រា ស្រ្តីមេម៉ាយ និងជនចាស់ជរាគ្មានទីពឹង ជាក់ស្តែង ប្រជាពលរដ្ឋដែលកំពុងខ្វះខាតនាពេលនេះ ទទួលបានអំណោយសង្រ្គោះបន្ទាន់ ក្នុងការជួយដោះស្រាយ ដល់ជីវភាពរស់នៅបានមួយរយៈពេលផងដែរ។

​លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានមានប្រសាសន៍បន្តថា៖ រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភា ដែលមានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជាប្រមុខដឹកនាំដ៏ឆ្នើម បាននឹងកំពុងបន្តពុះពារជំនះការលំបាក និងឧបសគ្គនានា ដឹកនាំជោគវាសនាកម្ពុជា ដើម្បីឈានទៅសម្រេចបាននូវសមិទ្ធផលបន្ថែមទៀត ក្នុងកិច្ចអភិវឌ្ឍសេដ្ឋកិច្ចសង្គម សំដៅកាត់បន្ថយភាពក្រីក្រ របស់ប្រជាពលរដ្ឋ តាមរយៈការជម្រុញឲ្យមានស្ថិរភាព កំណើនសេដ្ឋកិច្ចជាតិ ការពង្រឹងសន្តិភាព ស្ថិរភាពនយោបាយ និងបង្កើតកិច្ចសហប្រតិបត្តិការអន្តរជាតិ ជាមួយបណ្តាប្រទេសនានា នៅក្នុងសកលលោក។

លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន ក៍បានបញ្ជាក់ផងដែរថា៖ នីតិកាលទី៧ នៃរដ្ឋសភា ដែលមានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី បានដាក់ចេញនូវគោលនយោបាយ «យុទ្ធសាស្ត្របញ្ចកោណ» ដំណាក់កាលទី១ ដែលមាន​អាទិភាព ចំនួន ៥ រួមមាន៖ ផ្លូវ ភ្លើង ទឹក មនុស្ស និងបច្ចេកវិទ្យាឌីជីថល ។ជាមួយគ្នានេះលោកជំទាវបណ្ឌិតអភិបាលខេត្ត ក៍បានមានប្រសាសន៍ផ្តាំផ្ញើរ ដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ចំពោះសុខភាព ដោយសាររដូវនេះអាកាសធាតុក្តៅខ្លាំង និងមានភ្លៀងកក់ខែខ្លះៗ ដែលងាយបង្កឱ្យកើតជម្ងឺដម្កាត់ផ្សេងៗ ហើយបើមានកើតបញ្ហាអ្វីកើតឡើងក្នុងមូលដ្ឋាន ត្រូវរាយការណ៍ទៅមេឃុំ/មេភូមិ ដែលនៅជិតកៀកជាមួយបងប្អូនផ្ទាល់ ដើម្បីអោយក្រុមការងារចុះជួយបានឆាប់រហ័ស និងទាន់ពេលវេលាផងដែរ។

បើតាមរបាយការណ៍របស់លោក អ៊ិត ពេន ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្តប៉ៃលិន បានឱ្យដឹងថា៖ អំណោយដែលចែកជូនដល់ ជនពិការ ស្ត្រីមេម៉ាយ និងចាស់ជរា ទីទាល់ក្រ ចំនួន ១៦០គ្រួសារ ដោយក្នុងមួយគ្រួសារៗទទួលបានរួមមាន៖ អង្ករចំនួន ២៥គីឡូក្រាម មី ១កេស ត្រីខ ១យួ ទឹកត្រី ១យួ ទឹកស៊ីអ៊ីវ ១យួ ខ្លាញ់ ១ដប និងថវិកាចំនួន ៣ម៉ឺនរៀល ជាថវិកាផ្ទាល់របស់ ឯកឧត្តម អ៊ី ឈាន ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តប៉ៃលិន ផងដែរ ៕

អត្ថបទ ភ្នំខៀវ ប៉ៃលិន