កំពង់ធំ÷ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ និងលោកជំទាវ នួន វិធាវី រួមជាមួយថ្នាក់ដឹកនាំ និងភរិយា នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានអញ្ជើញចូលរួមក្នុងពិធីក្រុងពាលីសម្ពោធសមិទ្ធផលនានា និងស្រោចសុគន្ធវារី ប្រគេនព្រះតេជគុណ យាន ស្រេង ព្រះគ្រូ
ចៅអធិការវត្តឥន្ទកុមារ ស្ថិតនៅក្នុងឃុំកំពង់ស្វាយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ដោយមានប្រជាពលរដ្ឋពុទ្ធបរិស័ទ និងសិស្សានុសិស្សចូលរួមយ៉ាងច្រើនកុះករ។
ព្រះគ្រូព្រះនាម ឈុន សុភ័ក្រ ព្រះគ្រូចៅធិការវត្តសំរោងជ័យ ស្ថិតនៅក្នុងឃុំត្រពាំងឬស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ បានឡើងអានសេចក្តីសម្រេចរបស់សម្ដេចព្រះសង្ឃរាជ្យ ក្នុងការតែងតាំងព្រះតេជគណ យាន ស្រេង ជាព្រះគ្រូ ចៅអធិការវត្ត នរិន្ទឥន្ទកុមា ចាប់ពីពេលនេះតទៅ ជាមួយនេះដែរព្រះតេជគុណសុខាចារ្យ ណំ សុភ័ត្រា ព្រះរាជាគណៈថ្នាក់កិត្តិយស ព្រះអនុគណ ស្រុកកំពង់ស្វាយ ព្រះគ្រូចៅអធិការវត្តមុន្នីរង្សីហៅវត្តថ្មី ណែនាំភារកិច្ចមួយចំនួន និងបានស្រោចស្រពសុគន្ឋវារី ប្រសិទ្ឋិពរជ័យ សិរីមង្គល ក្នុងទិវាដ៏វិសេសវិសានេះផងដែរ។
ឧត្តមសេនីយ៍ទោ សោម ស៊ុន បានថ្លែងនូវការកោតសរសើរចំពោះព្រះតេជគុណ យាន ស្រេង ព្រះគ្រូចៅអធិការវត្តឥន្ទកុមារ ដែលព្រះអង្គ រួមជាមួយព្រះសង្ឃគ្រប់ព្រះអង្គ ពុទ្ធបរិស័ទចំណុះជើងវត្ត និងសប្បុរសជននានាទាំងក្នុងស្រុក និងក្រៅស្រុក បានខិតខំប្រឹងប្រែងក្នុងការកសាងសមិទ្ធផលនានានៅក្នុងវត្ត មានជាអាទិ៍ របងថ្មព័ទ្ធជុំវិញវត្ត ក្លោងទ្វារ ផ្លូវបេតុង ស្រះទឹក និងសមិទ្ធផលនានា ក្នុងវិស័យព្រះពុទ្ធសាសនាជាច្រើនទៀត ដែលត្រូវបានចំណាយថវិកា អស់ប្រមាណជាង២០ម៉ឺនដុល្លារសហរដ្ឋអាមេរិក ។
ឧត្តមសេនីយ៍ទោបានបញ្ជាក់បន្ថែមទៀតថា ក្រោមម្លប់សុខសន្តិភាពពេញលេញ ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ប្រទេសជាតិយើងមានការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ ក្នុងនោះវិស័យព្រះពុទ្ធសាសនាត្រូវ បានលើកតម្កើងដែលផ្ទុយគ្នាកាលពីមុនឆ្នាំ១៩៧៩ ត្រូវបានពួក ប៉ុល ពត បំផ្លិច បំផ្លាញ ដល់ឬសគល់។ ព្រះសង្ឃ ត្រូវបានចាប់ផ្សឹកបង្ខំឲ្យធ្វើការជាទំងន់ វត្តអារាមត្រូវបានពួកវាវាយ បំផ្លាញចោលអស់គ្មានសល់ ឬទុកជាកន្លែងសម្លាប់មនុស្ស ឬគុកសម្រាប់ដាកអ្នកទោសដែលគ្មានកំហុស ។ តែមកដល់ពេលនេះយើងមានវត្តអារាមរហូតដល់ទៅជាង៥.០០០វត្ត និងព្រះសង្ឃមានជាង៦ម៉ឺនអង្គ កំពុងប្រតិបត្តិក្នុងវិស័យព្រះពុទ្ធសាសនា ដែលជាស្រែបុណ របស់ពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ ។
នៅក្នុងឱកាស ចូលរួមក្នុងពិធីក្រុងពាលី និងស្រោចសុគន្ធវារី និងសម្ពោធសមិទ្ធផលនានានៅក្នុងឱកាសនេះ ឧត្តមសេនីយ៍ទោ សោម ស៊ុន បាននាំមកនូវបច្ច័យ និងទេយ្យទាន មានអង្ករចំនួន២៥០គីឡូ ក្រាម មីជាតិចំនួន ១០កេស ត្រីខកំប៉ុង ចំនួន១០យួរ ទឹកត្រីទឹកស៊ីអ៊ីវចំនួន១០យួរនិងបច្ច័យមួយចំនួនមកប្រគេនព្រះសង្ឃនៅក្នុងវត្តឥន្ទកុមារ នាពេលនេះផងដែរ៕






































