អភិបាលខេត្តកំពង់ធំ ចុះពិនិត្យទីតាំងរៀបចំសង្ក្រាន្តកំពង់ធំឆ្នាំ២០២៤នៅក្នុងបរិវេណវិទ្យាល័យកំពង់ធំ

0

កំពង់ធំ៖ ឯកឧត្តម ងួន រនត: អភិបាលខេត្តកំពង់ធំ និងសហការី  អញ្ជើញចុះពិនិត្យស្ថានភាពទីតាំង និងដំណើរការរៀបចំសង្ក្រាន្តកំពង់ធំ ព្រមទាំងដោះស្រាយបញ្ហាប្រឈមនានា នៅក្នុងទីតាំងនៅវិទ្យាល័យកំពង់ធំ នាព្រឹកថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៤។

នៅក្នុងឱកាសនោះដែរ ឯកឧត្តម ងួន រតនៈ ថ្លែងថា ដើម្បីបង្កបរិយាកាសសប្បាយរីករាយ និងអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ដែលនឹងឈានចូលមក ដល់នាពេលដ៏ខ្លីខាងមុខនេះ រដ្ឋបាលខេត្ត នឹងរៀបចំព្រឹត្តិការណ៍ “សង្ក្រាន្តកំពង់ធំ ” នៅថ្ងៃទី ១៣- ១៤-១៥-១៦ ខែមេសា ឆ្នាំ២០២៤ នៅវិទ្យាល័យកំពង់ធំ  ស្ថិតនៅក្នុងក្រុងស្ទឹងសែន ខេត្តកំពង់ធំ។

ឯកឧត្តម អភិបាលខេត្តកំពង់ធំ បន្ថែមទៀតថា ដើម្បីឲ្យការរៀបចំព្រឹត្តិការណ៍នេះ ឲ្យបានអធឹកអធម ប្រព្រឹត្តទៅប្រកបដោយភាពជោគជ័យតាមការគ្រោងទុក បានធ្វើការណែនាំដល់គណៈកម្មការរៀបចំសង្ក្រាន្ត រួមជាមួយមន្ត្រីពាក់ព័ន្ធ អាជ្ញាធរក្រុង រៀបចំកាត់ចែងធ្វើកិច្ចការងារនេះប្រកបដោយការទទួលខុសត្រូវខ្ពស់ ធ្វើយ៉ាងណារៀបចំកម្មវិធីសង្ក្រាន្តកំពង់ធំឆ្នាំថ្មីនេះ ឱ្យបានល្អ ដើម្បីបង្កលក្ខណៈសប្បាយរីករាយជូនប្រជាពលរដ្ឋ ទាំងក្នុងខេត្ត ក្រៅខេត្ត ជាពិសេសអ្នកដែលរស់នៅក្នុងក្រុងស្ទឹងសែន សប្បាយរីករាយអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ នឹងឈានចូលមកដល់នៅពេលឆាប់ៗនេះ។

ឯកឧត្តម បានស្នើដល់គណៈកម្មការរៀបចំសង្ក្រាន្ត មន្ត្រីពាក់ព័ន្ធ អាជ្ញាធរក្រុងស្ទឹងសែន ត្រូវពន្លឿនការរៀបចំស្ដង់ពិពណ៌ទំនិញចំរុះ កន្លែងប្រគុំតន្ត្រី និងកន្លែងកំសាន្តនានា អោយបានសមរម្យមានសណ្ដាប់ធ្នាប់ មានសោភ័ណ្ឌភាព បរិស្ថានល្អ និងមានអនាម័យ ត្រូវរៀបចំភ្លើងបំភ្លឺ និងភ្លើងព័ណ៌សម្រាប់លម្អ នៅពេលយប់ ត្រូវយកចិត្តទុកដាក់ក្នុងការថែរក្សា និងសំអាតបរិស្ថាននៅក្នុងបរិវេនវិទ្យាល័យ ឲ្យបានល្អប្រសើរជាប្រចាំ ជាពិសេសត្រូវធ្វើការផ្សព្វផ្សាយឱ្យបានទូលំទូលាយ ដើម្បីឱ្យស្រទាប់មហាជនបានជ្រួតជ្រាប ។

ជាមួយគ្នានេះ ឯកឧត្ដម ក៏បានជំរុញដល់កងកម្លាំងមានសមត្ថកិច្ចត្រូវត្រៀមរៀបចំផែនការការពារថែរក្សាសន្តិសុខសណ្ដាប់ធ្នាប់សាធារណៈជូនប្រជាពលរដ្ឋដែលអញ្ចើញមកលេងកម្សាន្តសប្បាយឱ្យបានល្អ និងមានប្រសិទ្ធភាព ត្រូវមានរថយន្ដសង្គ្រោះបន្ទាន់ រថយន្ដពន្លត់អគ្គីភ័យ កម្លាំងដើរល្បាត និងកម្លាំងសម្រួលការកកស្ទះចរាចរណ៍ឱ្យបានល្អប្រសើរ ។(អត្ថបទចន្ថា បុណ្យឬទ្ធិ-ពិនិត្យនិងកែសម្រួលដោយអ៊ុមញឹប)៕