បញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បើកកិច្ចប្រជុំថ្នាក់ដឹកនាំ ពិភាក្សាការរៀបចំផែនការសហការ ការពារសន្តិសុខ សុវត្ថិភាព ជូនប្រជាពលរដ្ឋ និងការរៀបចំសង្ក្រាន្តឆ្នាំថ្មី 

0

កំពង់ធំ៖ នៅរសៀលថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៤​ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានដឹកនាំកិច្ចប្រជុំថ្នាក់ដឹកនាំ នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ និងសមាសភាពពាក់ព័ន្ធមួយចំនួន ដើម្បីពិភាក្សាក្នុងកិច្ចការរៀបចំផែនការសហប្រតិបត្តិការការពារសន្តិសុខ សុវត្ថិភាព ជូនប្រជាពលរដ្ឋសប្បាយរីករាយក្នុងឱកាសបុណ្យចូលឆ្នាំថ្មី និងការរៀបចំពិធីសង្ក្រាន្តអបអរសារទរឆ្នាំថ្មីនៅក្នុងទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានផ្សព្វផ្សាយនូវខ្លឹមសារប្រសាសន៍របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែល​បាន​ថ្លែង​នៅក្នុងសម័យប្រជុំពេញអង្គរបស់គណៈរដ្ឋមន្ត្រី កាលពីថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៤​ ដោយបានគូសបញ្ជាក់ថា  គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ស្រុក ក្រុង និងអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ត្រូវយកចិត្តទុកដាក់ក្នុងកិច្ចការពារសន្តិសុខ សុវត្ថិភាព និងរក្សាសណ្ដាប់ធ្នាប់ជូនប្រជាពលរដ្ឋ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ដែលនឹងឈានចូលមកដល់នៅពេលខាងមុខនេះ ហើយជាមួយនោះដែរ ត្រូវរៀបចំសង្ក្រាន្តឆ្នាំថ្មីនៅតាមបណ្ដាខេត្ត ស្រុក ឃុំ សង្កាត់ តាមទីវត្តអារាម និងរមណីយដ្ឋាននានា ដើម្បីបង្កលក្ខណៈជូនប្រជាពលរដ្ឋសប្បាយរីករាយអបអរសាទរឆ្នាំថ្មី ឆ្នាំរោង ឆស័ក  ព.ស.២៥៦៧​។

ឧត្តមសេនីយ៍ សោម ស៊ុន បានប្រគល់ភារកិច្ចជូនថ្នាក់ដឹកនាំ និងសមាសភាពពាក់ព័ន្ធ ត្រូវទទួលខុសត្រូវតាមភារកិច្ចរៀងៗខ្លួន ក្នុងកិច្ចការរៀបចំផែនការ ការប្រើប្រាស់កម្លាំងសហការក្នុងកិច្ចការពារសន្តិសុខ សុវត្ថិភាព ជូនប្រជាពលរដ្ឋ និងការរៀបចំពិធីអបអរសង្ក្រាន្តឆ្នាំថ្មី​នៅ​ក្នុង​ទី​បញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រងកំពង់ធំ​  ដោយមានការលេងល្បែងរបាំប្រជាប្រិយ ចោលឈូង លាក់កន្សែង ទាញព្រាត់ លោតបាវ វាយក្អម និងការរាំរបាំម៉ាឌីហ្សុនជាក្រុមផងដែរ​  ឱ្យបានមុនពេលចូលឆ្នាំមកដល់ ដើម្បីក្នុងពេលចូលឆ្នាំថ្មី  ត្រូវមានកម្លាំងគ្រប់គ្រាន់ក្នុងការការពារគោលដៅនានា​ធានា​បាន​សន្តិសុខ​ សុវត្ថិភាព​  និងត្រៀមកងកម្លាំងចល័តអន្តរាគមន៍ដោះស្រាយយថាហេតុផ្សេងៗ  បានទាន់ពេលវេលា​ និង​មាន​បប្រសិទ្ធភាព។ អត្ថបទតំបន់ប្រតិបត្តិការសឹករងកំពង់ធំ-ពិនិត្យនិងកែសម្រួលដោយអ៊ិមញឹប។