គណៈកម្មការទី៨ នៃរដ្ឋសភា បានអញ្ជើញចុះសិក្សាស្វែងយល់ពីវឌ្ឍនភាពការងារនៅខេត្តកំពង់ចាម

0

កំពង់ចាម: លោកជំទាវ ឡោក ខេង ប្រធានគណ:កម្មការទី៨ នៃរដ្ឋសភា បាន អញ្ជើញ ដឹកនាំគណៈប្រតិភូ ដើម្បីស្វែងយល់អំពីប្រសិទ្ធភាពការងារ និងបញ្ហាប្រឈម របស់ រដ្ឋបាលខេត្តកំពង់ចាម ពាក់ព័ន្ធនឹងវិស័យ សុខាភិបាល វិស័យសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា វិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងវិស័យកិច្ចការនារី នៅក្នុងនីតិកាលទី៧ នៃរដ្ឋសភា នាថ្ងៃទី ១៩ ខែមិនា ឆ្នាំ ២០២៤ ក្រោម ការ ស្វាគមន៍ ពី សំណាក ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម និង ឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត និង ថ្នាក់ដឹកនាំ ជាច្រើន រូប ទៀត ។

ការ ចុះ សិក្សា នេះ ដែរ ក្នុងគោលបំណងដើម្បីស្វែងយល់អំពីប្រសិទ្ធភាពការងារនៃការអនុវត្តច្បាប់ និងគោលនយោបាយនានា ពាក់ព័ន្ធនឹងវិស័យទាំង៤ ដែលរដ្ឋបាលខេត្តកំពង់ចាម អនុវត្តកន្លងមក និងជំរុញបន្ថែម លើការងារវិស័យ ទាំង ៤នេះ ឱ្យកាន់តែមានប្រសិទ្ធភាព និងឆ្លើយតបទាន់ពេលវេលាទៅនឹង តម្រូវការរបស់ប្រជាពលរដ្ឋ ។

ឱកាសនោះដែរលោកជំទាវ ឡោក ខេង ប្រធានគណៈកម្មការទី៨បានធ្វើការកោត សរសើរ និងវាយតម្លៃខ្ពស់ជូន រដ្ឋបាល ខេត្តកំពង់ចាម ក៏ដូចជា វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពងចាម ដែល បានចូលរួមកសាងអភិវឌ្ឍ វិស័យធនធានមនុស្ស ដើម្បីរួមចំណែកកសាងវិស័យទាំងនេះឱ្យមានការរីកចម្រើនឡើង ស្របតាមយុទ្ធសាស្ត្របញ្ជកោណតំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងជាការរួមចំណែកយ៉ាងធំធេង ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចជាតិឱ្យកាន់តែរីកចម្រើនលើគ្រប់វិស័យ ផងដែរ ៕