ឧត្តមសេនីយ៍ ទោ សោម ស៊ុន ដឹកនាំសហការីទៅសួរសុខទុក្ខយោធិននារី និងអតីតយុទ្ធជន កំពុងសម្រាកព្យាបាលជំងឺ នៅគិលានដ្ឋាន នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ

0

កំពង់ធំ÷ នៅព្រឹកថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៤ ឧត្តមសេនីយ៍ទោ សោមស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករកកំពង់ធំ បានដឹកនាំសហការីជាយោធិននារី ក្រុមការងារយេនឌ័រនៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ទៅសំណេះសំណាលសាកសួរសុខទុក្ខ និងនាំយកនូវស្បៀងអាហារ គ្រឿង ឧបភោគ បរិភោគ និងថវិកាមួយចំនួន ដែលជាជំនួយឧបត្ថម្ភរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុនី ទៅឧបត្ថម្ភជូនយោធិននារី និងអតីតយុទ្ធជនចំនួន ៤រូប ដែលកំពុងសម្រាកព្យាបាលជំងឺនៅគិលានដ្ឋាន នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ។

លោកវរសេនីយ៍ត្រី លី ស៊ីណា នាយផ្នែកគិលានរដ្ឋាន នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ  បានរាយការណ៍អំពីស្ថានភាពជំងឺ របស់យោធិននារីទាំងបីរូប និងអតីតយុទ្ធជនចំនួនមួយរូប ដែលបានមកសម្រាកព្យាបាលជំងឺនៅក្នុងគិលានដ្ឋាន នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ មានរយៈពេលបីថ្ងៃមកហើយ ក្រោមការតាមដានដោយការយកចិត្តទុកដាក់ក្នុងការព្យាបាលជំងឺពីវេជ្ជបណ្ឌិត និងក្រុមគ្រូពេទ្យ បច្ចុប្បន្ននេះស្ថានភាពជំងឺរបស់យោធិននារី និងអតីតយុទ្ធជនទាំងបួនរូបបានធូរស្រាលជាបន្តបន្ទាប់ ហើយនឹងអាចអនុញ្ញាតឲ្យវិលត្រឡប់ទៅកាន់អង្គភាព និងគេហឋានវិញនៅពេលដ៏ខ្លីខាងនេះ ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានថ្លែងអរគុណចំពោះលោកគ្រូ និងអ្នកគ្រូពេទ្យទាំងអស់ ដែលបានយកចិត្តទុកដាក់ក្នុងការព្យាបាលជំងឺជូនយោធិននៅក្នុងអង្គភាព បងប្អូនអតីតយុទ្ធជន និងប្រជាពលរដ្ឋ ដែលបានមកសម្រាកព្យាបាលជំងឺនៅផ្នែកគិលានដ្ឋាននៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំនាពេលន្លងមក  ជាមួយនេះដែរក្រុមការងារនៃគិលានដ្ឋានយើងក៏បានប្រើប្រាស់រថយន្តគិលានសង្គ្រោះ ជួយដឹកជញ្ជូនប្រជាពលរដ្ឋដែលមានជំងឺ ឬគ្រោះថ្នាក់ចរាចរណ៍បញ្ជូនទៅកាន់មន្ទីរពេទ្យខេត្ត និងនៅតាមមន្ទីរពេទ្យនានានៅរាជធានីភ្នំពេញដោយឥតគិតថ្លៃផងដែរ ។

ឧត្តមសេនីយ៍ទោបានណែនាំដល់យោធិននារី និងអតីតយុទ្ធជនដែលកំពុងសម្រាកព្យាបាលជំងឺនៅក្នុងពេលនេះ ត្រូវខិតខំយកចិត្តទុកដាក់ថែរក្សាសុខភាព នឹងត្រូវអនុវត្តឲ្យបានត្រឹមត្រូវតាមវេជ្ជបញ្ជារបស់លោកវេជ្ជបណ្ឌិត និងក្រុមគ្រូពេទ្យ ក្នុងការប្រើប្រាសថ្នាំព្យាបាលឱ្យបានទៀងទាត់ ដើម្បីឆាប់បានជាសះស្បើយ វិលត្រឡប់ទៅបំពេញភារកិច្ចនៅតាមអង្គភាពវិញ ។

នៅក្នុងឱកាសសំណេះសំណាល សាកសួរសុខទុក្ខនេះ ឧត្តមសេនីយ៍ទោ សោម ស៊ុន និងសហការីនៃក្រុមយោធិននារី នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បាននាំយកនូវអំណោយដ៏ថ្លៃថ្លារបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ  ចន្ទមុន្នី ទៅឧបត្ថម្ភជូនយោធិននារី និងអតីតយុទ្ធជន ចំនួនបួនរូប  ដែលកំពុងសម្រាកព្យាបាលជំងឺនៅក្នុងគិលានដ្ឋាននៅពេលនេះ ដោយក្នុងម្នាក់ៗទទួលបាននូវអង្ករចំនួន ២៥គីឡូក្រាម  មីជាតិចំនួន ១កេស ត្រីខកំប៉ុងចំនួន១យួរ និងថវិកាមួយចំនួនផងដែរ ដើម្បីដោះស្រាយជីវភាពពេលវិលត្រឡប់ទៅកាន់អង្គភាព និងលំនៅឋានវិញ។អត្ថបទតំបន់សឹករងកំពង់ធំ