ប្រកួតកីឡាសិស្សមធ្យមសិក្សាជ្រើសរើសជើងឯកឆ្នាំសិក្សា២០២៣-២០២៤នៅខេត្តតាកែវ រយៈពេល២ថ្ងៃនេះរកឃើញអ្នកឡើងវគ្គ៤ក្រុមចុងក្រោយហើយលើប្រភេទកីឡាចំនួន៤

0

តាកែវ៖ ការប្រកួតកីឡាដណ្ដើមជ័យលីភីកម្រងសិស្សមធ្យមសិក្សាឆ្នាំ២០២៣-២០២៤ ត្រូវបានមន្ទីរអប់រំយុវជន និងកីឡាខេត្ដតាកែវ ចាប់ផ្ដើមបើកដំណើរការប្រកួតរយៈពេល២ថ្ងៃហើយដោយក្នុងនោះមានកីឡាករ កីឡាការិនី មកពីស្រុកចំនួន ៩ និងក្រុង ១ បានដាក់ពាក្យចូលរួមប្រកួតលើវិញ្ញាសារកីឡាចំនួន ៤ប្រភេទ រួមមាន បាល់ទាត់ បាល់ទះ បាល់បោះ និងប៉េតង់ ។ មានមតិនៅក្នុងដំណើរការប្រកួតកីឡាកម្រងសិស្សមធ្យមសិក្សានេះដែរ លោកស្រី គា សុភូ អភិបាលរងខេត្តតាកែវ បានធ្វើការជម្រុញដល់លោកគ្រូអ្នកគ្រូជាគ្រូបង្វឹក នឹងជាអ្នកដឹកនាំកីឡាមកចូលរួមប្រកួត ត្រូវប្រឹងប្រែងបន្យល់ពីបច្ចេកទេសលេងកីឡាដែលប្រកដទៅដោយស្ដង់ដារនៃការលេង លេងដោយប្រាជ្ញា លេងដោយបច្ចេកទេស កុំលេងដោយកំលាំងបាយ ព្រោះកីឡាករ កីឡាការិនី ទាំងនេះហើយជាទំពាំងស្នងឬស្សី ដែលយើងជាគ្រូត្រូវតែប្រឹងប្រែងបណ្ដុះបណ្ដាលពួកគាត់អោយក្លាយខ្លួនទៅជាកីឡាករល្អៗនៅថ្ងៃខាងមុខ ដើម្បីជួយជាតិរបស់យើងក្នុងពេលដែលមានតម្រូវការពួកគាត់ ក្នុងក្របខ័ណ្ឌកីឡាជាតិ ។

ជាមួយនឹងកម្មវិធីប្រកួតកីឡាសិស្សមធ្យមសិក្សានេះដែរ លោក ឡោ វិរិទ្ធ ប្រធានមន្ទីរអប់រំយុវជននិងកីឡា ខេត្តតាកែវ បានអោយដឹងថា វិញ្ញាសារកីឡាទាំង ៤ប្រភេទនេះ គឺមានកីឡាករ កីឡាការិនីមកចូលរួមប្រកួតចំនួនជាង ៦១០នាក់ មកពីស្រុកនិងក្រុងទាំង១០ ក្នុងខេត្ដតាកែវ ក្នុងនោះ បាល់ទាត់យុវជន យុវនារីមានចំនួន ២០ក្រុម បាល់ទះយុវជន និងយុវនារី មានចំនួន ១៩ក្រុម បាល់បោះយុវជន និងយុវនារី មានចំនួន ១១ក្រុម និងប៉េតង់ប៊ូល យុវជន និងយុវនារី មានចំនួន ១៨ក្រុម ។ លោកប្រធានមន្ទីរបន្តរថា ការប្រកួតកីឡាជ្រើសរើសជើងឯកសិស្សមធ្យមសិក្សាថ្នាក់ខេត្ដ ក្នុងឆ្នាំសិក្សា២០២៣-២០២៤នេះ គឺយើងធ្វើរយៈពេល ៤ថ្ងៃ ដោយចាប់ផ្ដើមប្រកួតពីថ្ងៃទី ១៩ ខែមិនា ឆ្នាំ២០២៤ ដល់ថ្ងៃទី ២២ ខែមិនា ឆ្នាំ២០២៤  ហើយរយៈពេល២ថ្ងៃកន្លងមកនេះ គឺយើងបានរកឃើញក្រុមកីឡាករ កីឡាការិនីដែលឡើងទៅវគ្គបន្ត៤ក្រុមចុងក្រោយ ជាបន្តរបន្ទាប់ហើយក្នុងការប្រកួតកីឡាកម្រងសិស្សមធ្យមសិក្សាជ្រើសរើសជើងឯកទូរទាំងខេត្តតាកែវ ក្នុងឆ្នាំសិក្សាថ្មីនេះ។